ភ្នំពេញ៖ ពិតជាគួរឲ្យកោតសរសើរសម្រាប់ទឹកចិត្តតារាសម្តែងស្រីស្រស់សោភា កញ្ញា ទេព កញ្ញា ដែលបានចំណាយថវិកា និងពេលវេលាផ្ទាស់ខ្លួនដើម្បីសាកសួរសុខទុក្ខ និងចែកអំណោយដល់អ្នកធាក់ស៊ីក្លូ និងកម្មករសំណង់មួយចំនួននៅភ្នំពេញ ។ ចែកទានព្រោះតែជាថ្ងៃពិសេសថ្ងៃខួបកំណើតរបស់តារាស្រីនេះផងដែរ ។
តារាសម្តែងកញ្ញា ទេព កញ្ញា ដែលមហាជនសរសើរទាំងស្អាតទាំងចិត្តល្អនោះ ក្នុងថ្ងៃខួបកំណើត ជាពិសេសរបស់ខ្លួនបានធ្វើរឿងល្អមួយដោយចែកអំណោយដល់តាៗ អ្នកក្រក្សត់ជាច្រើននាក់ ។
តារាស្រីរូបនេះបញ្ជាក់ថាថ្ងៃទី០២ ខែកុម្ភៈ គឺជាថ្ងៃខួបកំណើតរបស់នាង ហើយនាងបានយកថវិកា សម្ភារៈ និងអាហារចំនួន១០០ កញ្ចប់ចែកជូនដល់អ៊ុំពូមីងជាកម្មករសំណង់ អ្នកធាក់ស៊ីក្លូ នៅក្នុងតំបន់មួយចំនួននៃរាជធានីភ្នំពេញ ។
នាងថាមិនបានរៀបចំកម្មវិធីធំដុំអ្វីទេសម្រាប់ខ្លួនឯងឆ្នាំនេះ ក៏ព្រោះតែចង់ចែករំលែកក្តីស្រឡាញ់ខ្លះ និងយកថវិកាដែលចំណាយច្រើនលើការជួបជុំធំដុំ បង្វែមករៀបចំកម្មវិធីសាមញ្ញៗ និងមានន័យដែលអាចឲ្យនាងសប្បាយចិត្តខ្លាំង និងមនុស្សនៅជុំវិញខ្លួនពេញចិត្ត បើទោះបីជាអ្វីដែលនាងផ្តល់ឲ្យពួកគាត់នៅពេលនេះមានចំនួនមិនច្រើនប៉ុន្តែជាការលើកទឹកចិត្ត និងបង្ហាញពីវប្បធម៌ចែករំលែកចំពោះគ្នាទៅវិញទៅមកបានដែរ ។
នាងថា នេះមិនមែនជាលើកទី១ ទេដែលនាងបានចែកអំណោយបែបនេះ ហើយបើទោះមិនទទួលបានកាដូពិសេសធំដុំណាមួយក្នុងថ្ងៃខួបកំណើត ប៉ុន្តែ នាងពិតជាសប្បាយចិត្តដែលបានចូលរួមសកម្មភាពសង្គមដ៏តូចមួយហើយបានឃើញស្នាមញញឹមរបស់បងប្អូនអ៊ុំៗនោះ ។
នាងរំពឹងដែរថាឆ្នាំក្រោយៗ បន្តទៀតនាងនឹងរៀបចំកម្មវិធីសប្បុរសធម៌ស្រដៀងគ្នានេះ បន្តទៀតទៅតាមលទ្ធភាព និងធនធាន៕ វឌ្ឍនា