ខេត្តសៀមរាប៖ គំនរសំរាម គរ រាយប៉ាយលើចិញ្ចើមថ្នល់ ក្រាល់កៅស៊ូមួយខ្សែ ខាងក្រោយផ្សារលើធំថ្មីក្នុង ភូមិ តាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប អាជ្ញាធរមិនសូវមានចំណាត់ ទុកបណ្ដែរបណ្ដោយឲ្យក្រុម ខិលខូចមួយចំនួន ប្រព្រឹត្តអំពើខុសឆ្លងម្ដងហើយម្ដងទៀត យកសំរាមមកចាក់ចោលគរនៅលើដងផ្លូវបង្កឲ្យខូច បរិយាកាស និងបរិស្ថានអាប់អួរ គួរឲ្យខ្មាស់អៀន ភ្ញៀវជាតិ និងអន្ដរជាធ្វើដំណើរឆ្លងកាត់ ។
តាមប្រភពព័ត៌មានពីមន្រ្ដីរាជការ ក៏ដូចជាប្រជាពលរដ្ន បានរិះគន់ទៅលើ ក្រុមអគតិមួយចំនួន ជាពិសេសអ្នកដែលលក់ដូរបន្លែ បង្កានៅផ្សារលើធំថ្មី ខេត្តសៀមរាប ជាអ្នកយកសំរាមទៅចាក់ចោល ដោយគិតតែប្រយោជន៍ខ្លួន មិនខ្វល់ពីផលប៉ះពាលបរិស្ថានសារធារណៈ គួបផ្សំជាមួយអាជ្ញាធរភូមិ ឃុំព្រងើយកន្តើយ ។
មន្រ្ដីបរិស្ថានធ្លាប់បានប្រាប់ក្នុងកិច្ចសម្ភាសកន្លងមក ថាលោកនឹងចាត់វិធានការអ្នកដែលចោលសំរាម ដោយណែនាំធ្វើកិច្ចសន្យា បើនៅតែមិនរាងចាលទេ នឹងចាត់វិធានការផាក ពិន័យតាមច្បាប់ តែ ចំណាត់ការមួយនេះ ហាក់ដូចជាគ្មានប្រសិទ្ធភាព។
ពលរដ្នសំណូមពរដល់ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ដែលទើបនិងឡើងកាន់តំណែងថ្មី គួរមានចំណាត់ ឲ្យបានតឹងរ៉ឹង និងមានប្រសិទ្ធភាព ចំពោះអ្នកចោលសំរាមដើម្បីឲ្យស័ក្តិសមនឹងទីក្រុងស្អាត រមណីយដ្ឋានល្អ ដែលទទួលបានរំដួល៣ទង យ៉ាងពិតប្រាកដ ៕ ប៊ុនរិទ្ធី