ភ្នំពេញ៖ នៅក្រោមការដឹកនាំរបស់ខ្ញុំ គឺដាច់ខាតមិនអោយកម្ពុជាវិលទៅរកសង្រ្គាមវិនាសកម្មសារជាថ្មីឡើយ ទោះបីក្នុងរូបភាពណាក៏ដោយ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងបានសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍បែបនេះ កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ លើផេករបស់សម្តេច ដោយសម្តេចថែមទាំង រំលឹកថា៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ យើងឃើញថា ទាំងប្អូនខ្មែរ-ចិន និងខ្មែរ គឺចូលរួមសប្បាយរីករាយទាំងអស់គ្នា ព្រោះថាជាឱកាសជួបជុំទទួលទានម្ហូបអាហារជាមួយក្រុមគ្រួសារ, សាច់ញាតិ និងមិត្តភ័ក្ត ព្រមទាំងចែកអាំងប៉ាវផ្តល់នូវភាពសប្បាយរីករាយដែលនាំមកនូវសេចក្តីសុខ និងលាភសំណាងល្អៗដល់ក្រុមគ្រួសារគ្រប់ៗគ្នា។
សម្តេចតេជោ បានអរគុណជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាព និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើនទៅមុខ។ ទម្រាំប្រទេសយើងមានឱកាសបានអភិវឌ្ឍរហូតមានកំណើសេដ្ឋកិច្ចរឹងមាំល្អ និងមានសន្តិសុខសង្គមល្អ ព្រមទាំងមានការទាក់ទាញវិនិយោគគិន និងទេសចរបរទេសកាន់តែច្រើន គឺយើងបានខិតខំប្រឹងប្រែងនិងធ្វើពលីកម្មខ្លាំងណាស់ ហើយក៏គ្មាននរណាប្រឹងជំនួសយើងទេ បើយើងមិនប្រឹងដោយខ្លួនឯង។ ច្បាស់ណាស់ កាលណាប្រទេសជាតិកាន់តែរីកចម្រើន ប្រជាពលរដ្ឋក៏កាន់តែមានឱកាសទទួលបាននូវផលប្រយោជន៍ពីការរីកចម្រើននៃប្រទេសជាតិកាន់តែច្រើនឡើងផងដែរ។
សម្តេចបានលើកឡើងថា៖ នៅក្រោមការដឹកនាំរបស់ខ្ញុំ គឺដាច់ខាតមិនអោយកម្ពុជាវិលទៅរកសង្រ្គាមវិនាសកម្មសារជាថ្មីឡើយ ទោះបីក្នុងរូបភាពណាក៏ដោយ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងបានសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ៕
ដោយ៖ សុខ ខេមរា