ព័ត៌មានទាន់ហេតុការណ៍៖

ស្គាល់អត្តសញ្ញាណហើយ នគរបាល ជម្លោះជាមួយយោធា បាញ់បីគ្រាប់ រួចបិទសាប៊ូគូទរត់ ជនបង្កជានាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

ចែករំលែក៖

ភ្នំពេញ ៖ ពាក់ព័ន្ធនិងសមកម្មភាពបាញ់បោះសេរី កាលពីល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩   មន្ត្រីយោធាម្នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួន និងបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ  ក្រោយពីមានករណីផ្ទុះអាវុធដាក់គ្នាចំនួន៣គ្រាប់ ក្នុងជម្លោះទំនាស់រឿងជួសជុលផ្ទះនោះ ។ ទោះជាភាគីម្ខាងទៀតព្យាយាមរត់គេចខ្លួនពីកន្លែងកើតហេតុក៏ដោយ ក៏គេលួចបង្ហើបថា៖ នគរបាលដែលបាញ់បីគ្រាប់ រួចដាក់សាប៊ូគូទរត់នោះ ជានាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលអតីតៈអធិការរងនគរបាលក្រុងតាខ្មៅ កំពុងសំងំលាក់ខ្លួននៅខេត្តកណ្តាលនៅឡើយទេ។
សាក្សីនៅកន្លែងកើតហេតុបានបង្ហើបឲ្យសមត្តកិច្ចដឹងថា៖ មន្ត្រីយោធាដែលត្រូវកម្លាំងឃាត់ខ្លួននោះមានឈ្មោះ ជា ចិន្តា មានឋានន្ទរស័ក្តិវរៈសេនីយ៍ឯក ចំណែកភាគីដែលផ្ទុះបានអាវុធ ហើយបានរត់គេចខ្លួនឈ្មោះ គាវ ស៊ីថា ជានាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការដ្ឋាននគរបាលខេត្តកណ្តាល អតីតៈជាអធិការរងនគរបាលក្រុងតាខ្មៅ ។
គួរបញ្ជាក់ថា៖ ករណីផ្ទុះអាវុធនេះស្ថិតនៅផ្លូវលេខ១៣៩ សង្កាត់អូឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ (មន្រ្តីយោធាមិនមានផ្ទះនៅទីនោះទេ ប្រហែលជាសាច់ញាតិហៅមកកាង) ។
សាក្សីបានរៀបរាប់ប្រាប់សមត្តកិច្ចទៀតថា មុនកើតហេតុគេបានឃើញមន្ត្រីយោធា និងអតីតៈអធិការរងក្រុងតាខ្មៅ បានទាស់ពាក្យសំដីគ្នាពាក់ព័ន្ធរឿងជួសជុលផ្ទះ ហើយការទំនាស់ពាក្យសំដីគ្នាមួយប្រ៉ាវនោះ គេបានឃើញមន្រ្តីយោធា ដកកាំភ្លើងគំរាមទៅលើអតីតៈអធិការរងក្រុងតាខ្មៅ រួចមន្រ្តីយោធារូបនោះបានដើរឡើងទៅលើផ្ទះជាន់ទី៣បាត់ទៅ ។ ឃើញដូច្នោះ លោក គាវ ស៊ីថា ជានាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល អតីតៈអធិការរងក្រុងតាខ្មៅ បានទាក់ទង និងរាយការណ៍ទៅនគរបាលមូលដ្ឋានដើម្បីជ្រាប និងឲ្យជួយអន្តរាគមន៍ករណីចោទថាមន្រ្តីយោធាបានប្រើអាវុធគំរាមក្នុងពេលមានជម្លោះ ។
បន្ទាប់ពីមានសេចក្តីរាយការណ៍ផ្ទាល់មាត់ អនុប្រធាននគរបាលប៉ុស្តិរដ្ឋបាលសង្កាត់អូឬស្សី៣ម្នាក់ឈ្មោះ គិត ច័ន្ទតារា បានទៅដល់កន្លែងកើតហេតុភ្លាមដែរ ដែលស្របពេលនោះមន្រ្តីយោធាក៏បានចុះពីលើផ្ទះមកវិញ ហើយក៏មានការប៉ះពាក្យសំដីគ្នាជាមួយអតីតៈអធិការរងក្រុងម្នាក់នោះទៀត ។ ភាគីទាំងពីរក៏មានទំនាស់គ្នាម្តងទៀតកាន់តែខ្លាំងក្លា និងរហូតមានការស្ទុះចង់វាយទាត់ធាកគ្នា ប៉ុន្តែបានលោកអនុប្រធានប៉ុស្តិជួយឃាត់ ហើយឆ្លៀតឱកាសនោះអតីតៈអធិការរងក្រុង បានដកយកកាំភ្លើងខ្លីពីចង្កេះលោក គិត ច័ន្ទតារា អនុប្រធាននគបាលប៉ុស្តិអូឬស្សី៣ បាញ់ភ្ជុចដីចំនួន៣គ្រាប់រួចរត់ចូលក្នុងផ្ទះបាត់ ។ ក្រោយពេលមានសភាពការណ៍ផ្ទុះអាវុធកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថ និងនគរបាលខណ្ឌ៧មករា បានទៅដល់ និងបានធ្វើការឃាត់ខ្លួនមន្ត្រីយោធាយកទៅសាកសួរ ចំណែកភភាគីផ្ទុះអាវុធ គឺអតីតៈអធិការរងក្រុងម្នាក់នោះបានចេញទ្វារក្រោយគេចខ្លួនបាត់ទៅ ។ តែទោះជាយ៉ាងណាពេលនេះសមត្ថកិច្ចកំពុងអន្ទងហៅអតីតៈអធិការរងក្រុងនោះមកវិញ ដើម្បីឲ្យគាត់មកទទួលខុសត្រូវ ចំពោះករណីផ្ទុះអាវុធអាណាធិបតេយ្យចំថ្ងៃសែនចូលឆ្នាំចិន ធ្វើឲ្យមានការភ្ញាក់ផ្អើលនេះ ។
ក្រោយសាកសួរមន្រ្តីយោធាត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា នាំខ្លួនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ចំណែកអនុប្រធាននគរបាលប៉ុស្តិអូឬស្សី៣ ដែលជាម្ចាស់អាវុធ ក៏ត្រូវបានថ្នាក់លើឲ្យធ្វើរបាយការណ៍ភ្លាមៗដែរ ព្រោះជាការធ្វេសប្រហែសបណ្តាលឲ្យអ្នកដ៏ទៃឆក់យកកាំភ្លើងពីខ្លួនធ្វើសកម្មភាពបាញ់បោះបង្កើតការភ្ញាក់ផ្អើលកណ្ដាលក្រុងបែបនេះ ។
ឥឡូវករណីនេះសមត្ថកិច្ចមិនទាន់បញ្ជូនមកតុលាការទេ ដោយត្រូវអន្ទងហៅអតីតអធិការរងក្រុងតាខ្មៅអោយចូលខ្លួនមកទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន បើមិនចង់មានបញ្ហាវែងឆ្ងាយទៅមុខទៀត។
ប្រជាជននិយាយថា៖ សមត្ថកិច្ចដូចជាមិនលំបាកក្នុងការកោះហៅ ឬដំណើរការនីតិវិធីទេ ខណៈ ជនបង្កបណ្តាលអោយផ្ទុះអាវុធ មានអត្តសញ្ញាណច្បាស់លាស់ គឺ លោក គាវ ស៊ីថា ជានាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល មានកន្លែងធ្វើការច្បាស់ ហើយជាមន្ត្រីនគរបាលយុត្តិធម៍ អនុវត្តច្បាប់ ហើយអង្គុយលើច្បាប់បែបនេះ គឺសមត្ថកិច្ចអាចចាត់ការតាមនីតិវិធី ជាគំរូ អោយប្រជាជន បានឃើញថាប្រទេសគ្រប់គ្រងដោយច្បាប់ មិនត្រូវអោយនាយនគរបាលប្រព្រឹត្តបែបអនាធិបតេយ្យតាមអំពើចិត្តនោះឡើយ៕

ដោយ៖ សិលា


ចែករំលែក៖