ព័ត៌មានទាន់ហេតុការណ៍៖

វិវឌ្ឍនភាពការអនុវត្តកម្មវីធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យោងតាមការកែសម្រួលសមាសភាពមន្ត្រី និងបង្កើតក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ២ក្រុមបន្ថែមនៃកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តព្រះសីហនុ តាមសេចក្តីសម្រេចរបស់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ។

មន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុបានអោយដឹងថា៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នេះនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំដឹកនាំដោយលោក ចេង ស្រុង ប្រធានមន្ទីរ និងមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យ រៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកព្រៃនប់ ស្រុកកំពង់សីលា ស្រុកស្ទឹងហាវ ដែលជាប្រធានក្រុមការងារចុះបញ្ជីដីធ្លី ព្រមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងប្រកាសសមាសភាពក្រុមការងារចុះបញ្ជីដីធ្លីទាំង៣ក្រុម និងផ្តល់ការណែនាំអំពីការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធ័ ដល់មន្ត្រីជំនាញ ដើម្បីសម្រេចឲ្យបាននូ​វផែនការចេញប័ណ្ណចំនួន ១៣០០០ប័ណ្ណ ក្នុងឆ្នាំ២០១៩ ។

ទន្ទឹមនេះដែរ លោកប្រធានមន្ទីរបានណែនាំឲ្យក្រុមចុះបញ្ជីទាំង៣ក្រុម ចាប់ផ្តើមដំណើរការវាស់វែងតាមគោលដៅ ដែលមានភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ និងភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា
ចាប់ពីថ្ងៃច័ន្ទ ទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ តទៅ និងសូមធ្វើការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយជូនដល់ប្រជាពលរដ្ឋ ក្រុមហ៊ុន និងស្ថាប័ន ដែលជាម្ចាស់ដី ឫអចលនវត្ថុទាំងអស់បានជ្រាប និងចូលរួមសហការឲ្យបានទាន់ពេលវេលា ព្រមទាំងសម្រេចបានប្រសិទ្ធិភាពខ្ពស់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖