ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនមួយចំនួនជាប់មុខសញ្ញាចាប់ពីអាជ្ញាធរចិនហើយមកលាក់ខ្លួននៅស្រុកខ្មែរ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មន្រ្តីក្រសួងមហា ផ្ទៃអះអាងថា មានជនជាតិចិនមួយចំនួនជាប់មុខសញ្ញាតាមចាប់ខ្លួនពីរដ្ឋាភិបាលចិន ហើយបានមកលួចលាក់ខ្លួនក្នុងក្រុមហ៊ុនកាស៊ីណូ និងក្រុមហ៊ុនអនឡាញរកសីុដោយខុសច្បាប់នៅកម្ពុជា ។ អាជ្ញាធរជួបបញ្ហាក្នុងការគ្រប់គ្រងដោយសារតែគ្មានការ សហការជាមួយម្ចាស់ទីតាំងនិង ថៅកែ ក្រុមហ៊ុនរបស់ពួកគេ ។

នេះបើយោងតាមរបាយការណ៍ស្តីពីការស្រង់ស្ថិតិជំហានដំបូង នៃការស្នាក់នៅជន បរទេសប្រកបអាជីវកម្មនៅខេត្តព្រះសីហនុខណៈបើកកិច្ចប្រជុំ ស្តាប់របាយការណ៍ដំបូងស្តីពីការចុះស្រង់ស្ថិតិជនបរទេសក្រុង-ខេត្តព្រះសីហនុ របស់ក្រុមការងារចុះជួយ គាំទ្រ និងពង្រឹងរដ្ឋបាលខេត្តព្រះសីហនុនាព្រឹក ថៃ្ងព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលាខេត្ត ព្រះសីហនុ ។

លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទ ថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា នាពេលសព្វថ្ងៃនេះ នៅខេត្តព្រះសីហនុ ទាំងមូលមានជនបរទេសកំពុងស្នាក់នៅជាអចិន្ត្រៃយ៍ចំនួនជាង៤ម៉ឺននាក់ មកពី៥៧សញ្ជាតិ និងមាន អាជីវកម្មចំនួន១៦៧ប្រភេទ ។

របាយការណ៍បានឲ្យដឹងទៀតថា បច្ចុប្បន្នខេត្តព្រះសីហនុកំពុងមានការ លំហូរចូល យ៉ាងលឿនក្នុងរយៈពេលខ្លីពីសំណាក់ជនបរទេសរាប់ម៉ឺននាក់និងមានការរីកចំរើនយ៉ាងឆាប់ រហ័ស ជាពិសេស វិស័យសំណង់ ដូចជាកាស៊ីណូ ខុនដូ សណ្ឋា គារ និងផ្ទះសំណាក់ និងទីតាំងផ្សេងៗទៀតដោយមានការគ្រប់គ្រងភាគច្រើនជាជនជាតិចិន។

របាយការណ៍បានបញ្ជាក់«ក្រុមហ៊ុន ចិន បានប្រកាសជ្រើសរើសបុគ្គលិកតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិនដែល បានធ្វើឲ្យជនជាតិជាច្រើនធ្វើដំណើរមក កម្ពុជា (ខេត្តព្រះសីហនុ) ឥតឈប់ឈរ ជាពិសេសយុវជនទាំងពីរភេទដែលមាន ជំនាញ IT ដើម្បីមករកការងារធ្វើ ទោះជាបានការងារធ្វើមិនបានធ្វើក្តីជនជាតិចិនទាំងនោះមិនព្រមត្រឡប់ទៅប្រទេសចិនវិញទេ គឺបានស្នាក់នៅស្វែងរកការងារធ្វើនៅក្នុង ខេត្តព្រះសីហនុដដែល»។ «ជនជាតិចិន ដែលមកដល់ ហើយដាក់ពាក្យស្នើសុំធ្វើការក្រុមហ៊ុនស្របច្បាប់ជនជាតិចិនមួយចំនួនត្រូវបានថៅកែបដិសេធហើយ មិនមានការ​ងារធ្វើពួកគាត់មួយចំនួនធំត្រូវបានទទួលបានការលួងលោមពីសំណាក់ក្រុមជនជាតិចិនដូចគ្នា ដែលបានលួចលាក់ធ្វើអាជីវកម្ម អន​ឡាញខុសច្បាប់ ទៅបំរើក្រុមហ៊ុនខុសច្បាប់ទាំងនោះ»។

របាយការណ៍ដដែលបានបញ្ជាក់បន្ថែមទៀតថា មានក្រុមជនជាតិចិនមួយចំនួនមានទំនាស់បែកបាក់ចេញពីក្រុមហ៊ុនមានច្បាប់ ហើយក្រុមនេះមិនបានទៅសហការឬជួលទីតាំងថ្មីដែលស្របច្បាប់ទេ បានប្រមូលយុវជនទាំងពីរភេទដែលជំនាញIT ទៅជួលទីតាំងឆ្លៀតឱកាសបង្កើតអាជីវកម្មអនឡាញខុសច្បាប់ ហើយមេក្លោងក្រុមនេះបាន ប្រមូលលិខិតឆ្លងដែន របស់សមាជិកក្រុមខ្លួនមករក្សាទុកមិនឲ្យប្រើប្រាស់បែបបុគ្គលនោះទេ ។

ក្រោយការធ្វើស្ថិតិមានជនជាតិចិនជាច្រើនហើយគ្មានការសហការជាមួយក្រុមថៅកែ និងម្ចាស់ទីតាំងជួលនោះត្រូវបានអាជ្ញាធរ អះអាងថា មានបញ្ហាប្រឈមធំ ជាច្រើននៅខេត្តព្រះ សីហនុ ដូចជាការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការគ្រប់គ្រងជនបរទេស ការប្រមូល សំរាម ការបង្ហូរសំណល់រាវ និងហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់.ការសាងសង់សំណល់ រឹងធំៗ នៅពុំទាន់អនុវត្តបានតាមលក្ខណៈបច្ចេកទេស និងលិខិតបទដ្ឋានច្បាប់ត្រឹមត្រូវនៅឡើយនិងបញ្ហាទំនាស់ដីធ្លីជាដើម។

យ៉ាងណាក៏ដោយលោកនាយឧត្តម សេនីយ៍ គៀត ច័ន្ទថារិទ្ធ បានធ្វើជម្រុញ ដល់មន្ត្រី ពាក់ព័ន្ធទាំងអស់ត្រូវតែចាត់វិធានការណ៍ឲ្យបានម៉ឺងម៉ាត់បំផុតក្នុងការគ្រប់គ្រងនៅជនបរទេសទាំងនោះដើម្បីសន្តិសុខសង្គម និងខេត្តព្រះសីហនុទាំងមូល និង ត្រូវចាត់ការរាល់ជនបរទេសណាដែល ប្រព្រឹត្តល្មើស និងច្បាប់ដោយគ្មានការលើកលែងនោះឡើយ ៕ ហេង នរិន្ទ្រ


ចែករំលែក៖