ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសម្រេចដាក់ចេញ បញ្ជា និងផែនការថ្មី ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាព។
ផែនការថ្មីដែលបានដាក់ចេញកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ត្រូវបាន នាយឧត្តមសេនីយ៍ សៅ សុខា មានគោល បំណងទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពនូវបទល្មើសធនធានធម្មជាតិមានដូចជាការកាប់បំផ្លាញព្រៃឈើការដឹកជញ្ជូនឈើនិងការនាំចេញឈើដោយខុសច្បាប់ ការបាញ់ការចាប់សត្វព្រៃដែលច្បាប់ហាមឃាត់ និងការនាំចេញសត្វព្រៃដោយខុស ច្បាប់ការកាប់រានទន្ទ្រាននិងកាន់កាប់ដី របស់រដ្ឋព្រមទាំងការរុករករ៉ែដោយខុស ច្បាប់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
បទបញ្ជាថ្មីនេះ ក៏ដើម្បីអង្កេត ស្រាវ ជ្រាវរកជនដែលប្រព្រឹត្តបទល្មើស និងជនដែលមានការពាក់ព័ន្ធសកម្មភាពកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូននាំចេញឈើល្មើសច្បាប់ក៏ដូចជាជនដែលប្រព្រឹត្តបទល្មើស ធនធានធម្មជាតិ, ចាប់ខ្លួនជនសង្ស័យ និងប្រមូលផ្តុំរាល់វត្ថុតាងដែលទាក់ទងជាមួយបទល្មើសធនធានធម្មជាតិហើយរៀបចំ កសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់តុលាការស្របតាមនីតិវិធីនៃច្បាប់ដែលចូលជាធរមាននៅក្នុងប្រទេសកម្ពុជា។
បទបញ្ជានេះក៏ធ្វើឡើងក្នុងបំណងប្រមូលផ្តុំកម្លាំងត្រៀមអន្តរាគមន៍ បង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់បទល្មើសធនធានធម្មជាតិដែលអាចនឹងកើតមានឡើងជាពិសេស នៅបណ្តាខេត្តភូមិភាគឦសាន។
នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានសំណូមពរគ្រប់បណ្តាអង្គភាពដែលមានការពាក់ព័ន្ធទាំងអស់ត្រូវប្រមូលផ្តុំកម្លាំង មធ្យោបាយគ្រឿងបំពាក់និងចាត់ចែងគ្រប់វិធានការជំនាញ ដើម្បីចូលរួមសហការអនុវត្តផែនការនេះអោយសម្រេចបានជោគជ័យ។ សហការគ្រប់បណ្តាអង្គភាពជំនាញទាំងអស់ដើម្បីផ្លាស់ប្តូរព័ត៌មាននិងប្រើប្រាស់គ្រប់យន្តការ គ្រប់មធ្យោបាយ ដើម្បីច្បាមឲ្យជាប់នូវរាល់សភាពការណ៍ព័ត៌មានដែលទាក់ទងទៅនឹងបទល្មើសធនធានធម្មជាតិ។ តាមរយៈព័ត៌មានដែលទទួលបាននេះត្រូវ មើលឲ្យឃើញ និងវិភាគឲ្យបានច្បាស់ មុននឹងចាត់វិធានការបង្ក្រាបបទល្មើសនិងចាប់ខ្លួនជនសង្ស័យដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ។
លោក សៅ សុខា ក៏បានសំណូមពរឲ្យគ្រប់បណ្តាអង្គភាពដែលមានការពាក់ព័ន្ធ ត្រូវត្រួតពិនិត្យជាប្រចាំមេបញ្ជាការទទួលខុសត្រូវគ្រប់គ្រងកម្លាំងត្រៀមបង្ក្រាបបទល្មើសធនធានធម្មជាតិទាំងមធ្យោបាយ គ្រឿងបំពាក់ត្រូវមានគ្រប់លទ្ធភាពដើម្បីធានាឆ្លើយតបទៅនឹងគោលបំណងខាង លើ។ ក្នុងនោះមេបញ្ជាការគ្រប់បណ្តាអង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ និងចូលរួមសហការក្នុងការអនុវត្តផែនការនេះ ឲ្យសម្រេចបានជោគជ័យ។
នាយឧត្តមសេនីយ៍ សៅ សុខា បាន សម្រេចកំណត់ទិសដៅផែនការងារជា៣ទិស។ ទិសទី១ មាន៖ខេត្តក្រចេះ ខេត្ត ស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តរតនៈគិរី, ទិសទី២ មាន៖ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសៀមរាបខេត្តឧត្តរមានជ័យដោយឡែកទិសទី៣ មាន៖ ខេត្តពោធិ៍សាត់កំពង់ ឆ្នាំង កំពង់ស្ពឺ និងខេត្តកោះកុង។
ក្នុងផែនការថ្មីដែលរំពឹងថានឹងចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិមានប្រសិទ្ធភាពខ្ពស់នេះ មានប្រើប្រាស់កម្លាំងសរុប៦៩០នាក់ និងមធ្យោបាយមានរថយន្ត ម៉ូតូ ទូក និង អូប័រសរុប ២២៤គ្រឿង ៕ ហេង សូរិយា