ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបាននគរបាលស្រុកស្អាង សហការជាមួយនគរបាលស្រុកកោះធំ ពួនស្ទាក់រហូតចាប់ខ្លួនបាន បន្ទាប់ពីក្រុមជនសង្ស័យខាងលើ ឃើញម៉ូតូរបស់ពលរដ្ឋទុកនៅខាងមុខផ្ទះដោយមានជាប់សោនៅនឹងម៉ូតូ ភ្លាមនោះក៏ធ្វើសកម្មភាពលួច តែលួចនោះពុំបានបានសម្រេចនោះទេ ។ ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យសរុបមានគ្នា៤នាក់ ចាប់ខ្លួនបាន២នាក់ ជនសង្ស័យដែលចាប់ខ្លួនបានទី១-ឈ្មោះ ជា ម៉ា ហៅអាជ្រុយ ភេទប្រុស អាយុ៣៥ឆ្មាំ ជនជាតិខ្មែរ រើសអេតចាយ មានស្រុកកំណើតនៅភូមិពេចនា ឃុំបន្ទាយមាស ស្រុកបន្ទាយមាស ខេត្តកំពត បច្ចុប្បន្នស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌ័មានជ័យ រាជធានីភ្នំពេញ ទី២-ឈ្មោះម៉េង លីហុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅម្ដុំគីរីរម្យ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យ២នាក់ទៀតរត់គេចខ្លួន ទី១-ឈ្មោះ ម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងទី២-ឈ្មោះ តន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅម្ដុំពេទ្យរុស្សី រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ទី ធី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ ដោយឡែកវត្ថុតាងដកហូតបានមានម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌គ្រាប់អំពិល ស៊េរីឆ្នាំ២០០៧ ចំនួន១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1O-6391 មានស្នាមបាក់ក្បាលម៉ូតូ ។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ឈ្មោះ ទី ធី ជាជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានយកម៉ូតូរបស់ខ្លួន មកទុកនៅខាងមុខផ្ទះដោយពុំបានដកសោចេញពីម៉ូតូនោះទេ រួចខ្លួនក៏ដើរចូលទៅក្នុងផ្ទះរបស់ខ្លួនវិញទៅ ។ លុះបានមួយសន្ទុះក្រោយមក ស្រាប់តែមានជនជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿងមកឈប់នៅខាងមុខផ្ទះ ភ្លាមនោះជនសង្ស័យឈ្មោះ ម៉េង លីហុង ក៏បានចុះពីលើម៉ូតូបក្ខពួករបស់ខ្លួន រួចឡើងជិះម៉ូតូជនរងគ្រោះដែលទុកនៅខាងមុខផ្ទះ ខណៈនោះជនរងគ្រោះជាម្ចាស់ម៉ូតូដើរចេញពីក្នុងផ្ទះ ហើយបានក្រឡេកឃើញជនសង្ស័យជិះម៉ូតូរបស់ខ្លួនក៏ផ្អើលឆោឡោស្រែកថា ចោរៗ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរជិះម៉ូតូជនរងគ្រោះចេញទៅបាត់ ភ្លាមនោះជនរងគ្រោះជាម្ចាស់ម៉ូតូ រួមទាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលស្អាងភ្នំ បានជិះម៉ូតូដេញតាមជនសង្ស័យពីក្រោយ ធ្វើឲ្យជនសង្ស័យជិះម៉ូតូរេចង្កូតជ្រុលទៅបុករបងថ្មរបស់ពលរដ្ឋនៅក្នុងភូមិព្រែក ឃុំព្រែកគយ រួចទុកម៉ូតូចោល ហើយឡើងជិះម៉ូតូជាមួយបក្ខពួករបស់ខ្លួនរត់គេចខ្លួនបាត់ ដោយជិះទៅតាមបណ្ដោយផ្លូវលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង ។
ប្រភពដដែលបន្ដទៀតថា បន្ទាប់ពីជនសង្ស័យ៤នាក់ជិះម៉ូតូរត់គេចខ្លួនបាត់ទៅ ភ្លាមនោះលោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានសហការជាមួយកម្លាំងនគរបាលស្រុកកោះធំ ចុះពួនស្ទាក់ រហូតចាប់ខ្លួនជនសង្ស័យបាន២នាក់ នៅចំណុចភូមិកោះទៀវក ឃុំសំពៅពូន ស្រុកកោះធំ រីឯជនសង្ស័យ២នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ដែលចាប់ខ្លួនបាន សមត្ថកិច្ចជំនាញយកមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ។ ដោយឡែកជនសង្ស័យដែលរត់គេចខ្លួន២នាក់ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវចាត់ការបន្ដទៀត ៕ ស្អាងជ័យ