ខេត្តកណ្ដាល៖ បុរសម្នាក់ទទួលរងរបួសធ្ងន់ ខណៈបើកបរម៉ូតូឈប់មិនទាន់បុកជាមួយរថយន្ដ FORD RANGER មួយគ្រឿង ដែលបើកបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោង២០និង១២នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ស្ថិតក្នុងភូមិទួលងោគ ឃុំកំពង់លួង ស្រុកពញាឭ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ ពុំទាន់ស្គាល់អត្ដសញ្ញាណ បើកបរម៉ូតូម៉ាកHONDA WAVE ធុនសេ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GF-6407 ។ ចំណែករថយន្ដម៉ាកFORDRANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-2592 បើកបរដោយឈ្មោះ អ៊ុំ សុធឿន ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិចំការលួង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកញពង់ស្ពឺ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្ដ FORDRANGERខាលើ បើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុ រថយន្ដខាងលើបានបត់ឆ្វេងដើម្បីប្ដូរគន្លងផ្លូវ ក្នុងគោលបំណងត្រឡប់ទៅក្រោយវិញ ខណៈដែលឆ្លងផ្លូវ អ្នកបើកបររថយន្ដខាងលើពុំបានមើលឆ្វេង មើលស្ដាំឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ ស្របពេលជាមួយគ្នានោះ ក៏មានម៉ូតូមួយគ្រឿងបើកដោយល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើង ក៏ឈប់មិនទាន់ជាន់ហ្វ្រាំងមិនជាប់បានបុកជាមួយរថយន្តចំហៀងផ្នែកខាងឆ្វេង នៃរថយន្ត បណ្តាលឲ្យជនរងគ្រោះដួលទៅនឹងផ្លូវរងរបួសធ្ងន់តែម្ដង ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ រីឯមធ្យោបាយពាក់ព័ន្ធត្រូវបាននគរបាលចរាចរណ៍ស្រុក ចុះពិនិត្យវាស់វែង និងដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕ ស្អាងជ័យ