ព័ត៌មានទាន់ហេតុការណ៍៖

ចរាចរណ៍​គ្រឿងញៀននៅថៃ កើនឡើង កម្លាំងប្រឆាំងគ្រឿងញៀនប្តេជ្ញាទប់ស្កាត់

ចែករំលែក៖

តំបន់ត្រីកោណ​ មានការជួញដូរគ្រឿងញៀនកើនឡើងនៅក្នុងប្រទេសថៃ បង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំង ។ កម្លាំងប្រឆាំងគ្រឿងញៀនថៃ បានចាត់វិធានការកម្ចាត់គ្រឿងញៀនយ៉ាងសកម្មបំផុត ។

នៅពេលនេះ ក្រុមជួញដូរគ្រឿងញៀននៅក្នុងតំបន់ព្រៃភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា កំពុងតែជួញដូរ គ្រឿងញៀន ទៅកាន់ប្រទេសជិតខាង ក្នុងនោះមានប្រទេសថៃ ។ ដូច្នេះហើយ រដ្ឋាភិបាលថៃបានចាត់វិធានការទប់ស្កាត់យ៉ាងតឹងតែងបំផុត ។

កាលពីខែធ្នូ ឆ្នាំ២០១៨ ពលរដ្ឋនៅ ភូកេតប្រទេសថៃ បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលកម្លាំងប្រឆាំងគ្រឿងញៀនថៃ បានសម្រុកចូល ក្នុងវត្ត Kathu ។ កម្លាំងប្រឆាំងគ្រឿងញៀនបានចាប់ព្រះសង្ឃ ឲ្យត្រួតពិនិត្យ ទឹកនោម ដោយលទ្ធផល រកឃើញលោកសង្ឃ ៧អង្គ មានសារធាតុញៀន ភ្លាមៗនោះ ក៏បានចាប់ផ្សឹក សង្ឃទាំង៧អង្គនោះភ្លាម ។

ហេតុការណ៍កើតឡើងនៅក្នុង វត្ត Kathu គ្រាន់តែជាផ្នែកមួយតូច នៃជនរងគ្រោះ ដោយសារគ្រឿងញៀនតែប៉ុណ្ណោះ ។ តាមការសន្និដ្ឋានមានអ្នកទោសនៅក្នុងប្រទេសថៃ រហូតដល់ទៅ៧០ភាគរយ ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ។ តាមរបាយការណ៍របស់គណៈកម្មការ ប្រឆាំងគ្រឿងញៀនជាតិ ONCB បានឲ្យដឹងថា បច្ចុប្បន្នមានពលរដ្ឋថៃ ជាង ៣សែននាក់ រស់នៅក្នុងមណ្ឌលកែប្រែ ក្នុងនោះមាន២៤០ពាន់នាក់ ស្ថិតនៅក្នុងវ័យ ២៤ឆ្នាំ។

ចំពោះស្ថានភាពគ្រឿងញៀនខាងលើ រដ្ឋាភិបាលថៃ បានប្រកាស ទប់ស្កាត់ការជួញដូរគ្រឿងញៀន ដោយមានការចូលរួមពីកម្លាំងទាហាន ។ នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន ផ្តើមឡើងដោយកម្លាំងទាហាន ថៃ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ចាប់បានអ្នកប្រើប្រាស់និងជួញដូរ ដល់ទៅ១២០ ពាន់នាក់ ។

កាលពីជំនន់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ក៏បានចាប់ផ្តើមសង្គ្រាម ប្រឆាំងគ្រឿងញៀនផងដែរ ដោយបានសម្លាប់ក្រុមជួញដូរគ្រឿងញៀនដល់ទៅ២៥០០នាក់ ។ នៅពេលនោះលោក ថាក់ស៊ីន បានបញ្ជាទៅកាន់កម្លាំងប្រឆាំងគ្រឿងញៀនថា ជនល្មើសគ្រឿងញៀនមានផ្លូវតែពីរប៉ុណ្ណោះ ទីមួយគឺដេកគុក ទីពីរគឺស្លាប់ ៕


ចែករំលែក៖