ព័ត៌មានទាន់ហេតុការណ៍៖

រថក្រោះចូលក្រុង បង្កក្តីបារម្ភ ពីរដ្ឋប្រហារ នៅក្នុងប្រទេសថៃ

ចែករំលែក៖

ពាក្យចចាមអារ៉ាមបានផ្សព្វផ្សាយពេញបណ្តាញសង្គម ដោយពលរដ្ឋបានថតទិដ្ឋភាពនៃការបញ្ជូនរថក្រោះ រថពាស់ដែក ចូលមកទីក្រុង ដូចអ្វីដែលធ្លាប់បានកើតឡើង ។ ក្រោយមានការបារម្ភពីពលរដ្ឋ កម្លាំងទាហានបានបិទអក្សរនៅលើរថក្រោះ រថពាសដែកថា ជាការត្រៀមធ្វើសមយុទ្ធប៉ុណ្ណោះ ។

ភាគីថៃបានច្រានចោលព័ត៌មាន ដែលបានចែកចាយពេញបណ្តាញសង្គម កាលពីថ្ងៃទី១០ ខែកុម្ភៈ នូវឃ្លីបវីដីអូ ដែលគេចាត់ទុកថា ត្រៀមលក្ខណៈធ្វើរដ្ឋប្រហារ។

ឃ្លីបវីដីអូស្តីពីរថក្រោះ រថពាសដែក ឆ្ពោះមកកាន់ទីក្រុងបាងកក ត្រូវបានពលរដ្ឋបង្ហោះលើបណ្តាញសង្គម បង្កឲ្យមានពាក្យចចាមអារ៉ាមថា ជាការត្រៀមលក្ខណៈធ្វើរដ្ឋប្រហារ ។ សកម្មភាពខាងលើរបស់កម្លាំងទាហានថៃ មិនខុសអ្វីពី ការត្រៀមលក្ខណៈធ្វើរដ្ឋប្រហារ នាពេលកន្លងមក ទើបធ្វើឲ្យពលរដ្ឋមានការខ្វល់ខ្វាយ ។

ចំពោះព័ត៌មានខាងលើ ឧត្តមសេនីយ៍ Piyapong Klinpan មេបញ្ជាការកងវរសេនាតូច ទ័ពអាកាសថៃបាននិយាយថា រថក្រោះ រថពាសដែកដែលបានចល័តនៅតាមដងផ្លូវគឺជាការ ត្រៀមលក្ខណៈធ្វើសមយុទ្ធនាពេលខាងមុខ ដែលជាសមយុទ្ធ«ពស់វែក»ប្រចាំឆ្នាំ ដោយឆ្នាំនេះធ្វើនៅ៣ខេត្ត ដែលមានកម្លាំងកងវរសេនាតូច ឈរជើង។

រថក្រោះរថពាសដែកធ្វើដំណើរនៅតាមដងផ្លូវ បានប៉ះពាល់យ៉ាងខ្លាំង ដល់ ការធ្វើដំណើររបស់ពលរដ្ឋ ដូច្នេះ ដើម្បីបញ្ចៀសការយល់ច្រឡំ រថក្រោះនិងរថពាសដែក បានបិទស្លាកអក្សរ ថាប្រើប្រាស់សម្រាប់សកម្មភាពធ្វើសមយុទ្ធ ។

ជាមួយគ្នានេះដែរ មន្ត្រីរដ្ឋាភិបាលថៃបានចាត់វិធានការ ដល់បុគ្គលណាដែលបានបង្ហោះ រូបភាពលើបណ្តាញសង្គម ស្តីពីរថក្រោះរថពាស់ដែកខាងលើ ដោយសរសេរខុសពីការពិតនោះរដ្ឋាភិបាលនឹងដាក់ទោស ទៅតាមច្បាប់។

ការធ្វើរដ្ឋប្រហារ ចុងក្រោយបំផុតនៅក្នុងប្រទេសថៃ គឺនៅខែឧសភា ឆ្នាំ២០១៤ ដឹកនាំដោយមេទ័ពជើងគោកប្រាយុទ្ធ ចាន់អូចារ្យ ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសថៃតាំងពី ពេលនោះមក។ បច្ចុប្បន្នថៃបានត្រៀមលក្ខណៈបោះឆ្នោតប្រជាធិបតេយ្យលើកដំបូង ក្រោយរយៈពេល៥ឆ្នាំ គ្រប់គ្រងដោយយោធា ៕


ចែករំលែក៖