ព័ត៌មានទាន់ហេតុការណ៍៖

ទណ្ឌិតម្នាក់ដេកស្លាប់នៅក្នុងពន្ធនាគារ ខេត្តកំពង់ធំ ដោយសារជំងឺគាំងបេះដូង

ចែករំលែក៖

ខេត្តកំពង់ធំៈ នៅថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណី ទណ្ឌិតដេកស្លាប់ នៅក្នុងបន្ទប់ឃុំខ្លួនលេខ៥ នៃអគារពន្ធនាគារ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា បានដឹងព័ត៌មាននៅ ម៉ោង៦:៤៥នាទី ដឹកនាំសម្របសម្រួលលោក ឌួង សារ៉ន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ ចូលរួមពិនិត្យ ក្នុងនោះ មានការចូលរួមមានលោក តាម វៃ ប្រធានពន្ធនាគារខេត្ត និងលោក ទី ធីរ៉ាវុធ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ ។

តាមការពិនិត្យសពឃើញថា សពទណ្ឌិត ឈ្មោះ កែវ សារីម ភេទប្រុស ឆ្នាំកំណើត១៩៥៩ នៅភូមិប៉ាតឡាង ឃុំក្រាំលាវ ស្រុករលាផ្អៀ ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្ន ភូមិកោះតាពៅ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជាប់ចោទពីបទៈ រំលោភសេពសន្ថវៈ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៨ និង ឃុំខ្លួន:ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៨ ។

តាមការពិនិត្យសាកសពឃើញថា សពដេកផ្ងារ ផ្អៀងក្បាលបន្តិច ដៃឆ្វេងក្តាប់ដាក់គងលើទ្រូង ស្ថានភាពដូចមនុស្សដេកលក់ ស្លៀកខោខ្លី លើជង្គង់ ពណ៌ខៀវ ដងខ្លួនទទេ ការពិនិត្យ ក្បាល ដងខ្លួន និងអវ:យវៈ មិនមានស្លាកស្នាមអ្វីទេ ពិនិត្យប្រដាប់ភេទ នៅចុងលឹង្គមានហៀរទឹកកាម១តំណក់ស្រក់លើពងស្វាស ក្រៅពីនោះ មិនមានអ្វីទៀតទេ ។

បញ្ចប់ការពិនិត្យគ្រូពេទ្យជំនាញ និងនគរបាលជំនាញ សន្និដ្ឋានថា៖ សពទណ្ឌិតរូបនេះ បានស្លាប់ដោយសារគាំងបេះដូង ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីពិនិត្យរួចសពត្រូវបានប្រគល់ជូនលោកប្រធាន ពន្ធនាគារខេត្តកំពង់ធំដើម្បីចាត់ការបន្ត ៕ ប៊ុនរិទ្ធី


ចែករំលែក៖