ភ្នំពេញ៖ ក្មេងស្រីម្នាក់បានវេចបង្វិច មកឈរលើស្ពានជ្រោយចង្វា ប៉ងលោតទឹកសម្លាប់ខ្លួន ជាលើកទី២ តែត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់ទាន់ យកមកសួរនាំ ទើបដឹងថា ដោយសារម្តាយមីងស្តីបន្ទោសរឿង ដើរលេងដាច់យប់ ។
ហេតុការណ៍នេះបង្កឲ្យមានការ ភ្ញាក់ផ្អើលឡើងកាលពីម៉ោង ជិត៥រសៀល ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៩ នៅលើស្ពានជ្រោយចង្វាថ្មី ស្ថិតនៅក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា ។
ក្មេងស្រីប៉ងលោតទឹកសម្លាប់ ខ្លួនមានឈ្មោះ សួស ស្រីម៉ៅ អាយុ ១៧ឆ្នាំ រស់នៅផ្ទះជួលជាមួយម្តាយមីង នៅមុខហាងកាដូ ភូមិគៀន ឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា មានស្រុកកំណើតនៅភូមិត្នោត ឃុំបន្ទាយមាស ស្រុកទូកមាស ខេត្តកំពត ។
បើតាមសមត្ថកិច្ចឲ្យដឹងថា ក្មេងស្រីប៉ងលោតទឹកសម្លាប់ខ្លួននេះ កាលពីថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៩ នាងបានមកលោតទឹកម្តងហើយនៅម៉ោង ១១ និង ៣០នាទី ប៉ុន្តែមិនបានសម្រេច ក៏មានគេជួយទាន់ ហើយនៅថ្ងៃកើតហេតុនេះ ក្មេងស្រីរូបនេះ បានមកម្តងទៀត ដើម្បីប៉ុនប៉ងសម្លាប់ខ្លួន ប៉ុន្តែត្រូវបានគេជួយទាន់ទៀត ។
មូលហេតុដែលនាំឲ្យក្មេងស្រីនេះ គិតខ្លីដោយសារតែត្រូវម្តាយមីង ស្តីបន្ទោសឲ្យបន្តិចបន្តួចរឿង ដើរលេងដាច់យប់ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ច បានទំនាក់ទំទៅម្តាយមីងមក យកទៅវិញ ដើម្បីអប់រំណែនាំកុំឲ្យគិតខ្លីបែបនេះទៀត ៕ ជ្រោយពេជ្រ