ភ្នំពេញ ៖ បុរសម្នាក់ និងនារីម្នាក់រួមដំណើរ តាមរថយន្តឡិចស៊ីស RX300 មួយគ្រឿង បានបើករថយន្តទៅបុកបង្កាន់ដៃស្ពានបឹងសាឡាង បណ្ដាលឲ្យរថយន្តដាច់កាឡេកង់មុខរងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចស្ពានថ្មបឹងសាឡាង តាមបណ្ដោយផ្លូវ៣៣៦ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក ឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-9457 បើកបរដោយបុរសម្នាក់ និងនារីម្នាក់រួមដំណើរជាមួយ បានបើកបរតាមបណ្ដោយផ្លូវ៣៣៦ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងមិច ក៏បានរេចង្កូតទៅបុកបង្កាន់ដៃស្ពាន របុើកគល់ស្ពានបន្តិច តែរថយន្តបង្កបានដាច់កាឡេកង់មុខផ្នែកខាងស្ដាំ រងការខូចខាតយ៉ាងដំណំ សំណាងដែរមិនបណ្ដាលឲ្យរថយន្តធ្លាក់ប្រឡាយទឹកស្អុយ និងមិនធ្វើឲ្យមនុស្សរងរបួស ។
បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយទាក់ទងទៅជំនាញចរាចរណ៍ក្រុងឲ្យមកវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់៕ ភារ៉ា ដង្កោ