ព័ត៌មានទាន់ហេតុការណ៍៖

អាសូរណាស់!! ក្មេងស្រីម្នាក់រស់នៅជាមួយជីដូនជីតា បានលង់ទឹកព្រែកស្លាប់ខាងក្រោយភូមិ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ រស់នៅជាមួយលោកយាយ លោកតា ដែលបាត់ខ្លួនកាលពីថ្ងៃទី១០ កុម្ភៈ ត្រូវបានពលរដ្ឋប្រទះឃើញ សពនៅទឹកព្រែកខាងក្រោយភូមិ ។ ចំពោះករណីនេះមិនទាន់មានប្រភពព័ត៌មាន អះអាងថា ជាការណីឃាតកម្មទេ បន្ទាប់ពីពិនិត្យនៅលើខ្លួនសាកសព ឃើញថាពុំមានស្លាកស្នាមអ្វីគួរឲ្យកត់ សម្គាល់ ខណៈនេះ ជំនាញកំពុងស៊ើបអង្កេត ។

បន្ទាប់ពីទទួលបានព័ត៌ថា មានករណីបាត់ក្មេងស្រីម្នាក់ នៅភូមិគៀនជ្រៃក្នុង ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ដោយមិនដឹងមូលហេតុ នៅព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំកងកម្លាំងសមត្ថកិច្ចជំនាញ ចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ រហូតដល់ម៉ោង១១ព្រឹក ថ្ងៃដដែល ស្រាប់តែមានប្រជាពលរដ្ឋបានប្រទះឃើញសពក្មេងស្រីរងគ្រោះនៅក្នុងទឹកព្រែក ខាងក្រោយភូមិ ។

តាមប្រភពព័ត៌មានឲ្យដឹងថា ចំពោះករណីនេះបានកើតឡើងនៅអំឡុងម៉ោង៦ល្ងាច ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយសារលោកតាបាត់ចៅស្រីមិនដឹងជាទៅទីណា ក៏ឆោឡោស្រែកឲ្យអ្នកភូមិជួយរក តែរកមិនឃើញ រហូតដល់វេលាម៉ោង១១ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ក៏ធ្លាយដំណឹងដ៏អាសូរនេះ ដល់លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះធ្វើការស្រាវជ្រាវដោយផ្ទាល់ ស្រាប់តែមានប្រជាពលរដ្ឋរាយការណ៍ថាបានប្រទះ ឃើញសពក្មេងស្រីរងគ្រោះនៅអណ្តែតទឹកព្រែកក្រោយភូមិចម្ងាយប្រមាណជា៥០ម៉ែត្រ ពីផ្ទះ មិនដឹងជាស្លាប់តាំងពីពេលណានោះទេ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ចំរើន សុខជា អាយុ៥ឆ្នាំ សព្វថ្ងៃរស់នៅជាមួយលោក យាយ លោកតា នៅឯភូមិកើតហេតុខាងលើ ។ ក្មេងរងគ្រោះមានឪពុកចញ្ចឹមឈ្មោះ ស្រ៊ាន ចំរើន និងម្តាយឈ្មោះ ធី សុខឡូត បានទៅធ្វើការនៅរាជធានីភ្នំពេញ ។

បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យពិនិត្យលើរាងកាយសពក្មេងស្រីរងគ្រោះរួច ឃើញថាពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាករណីឃាតកម្មនោះទេ ហើយក៏បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណៈ


ចែករំលែក៖