ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលសាលារាជធានីភ្នំពេញរៀបការូឡានិងសណ្តាប់ធ្នាប់លើចិញ្ចើមផ្លូវសាធារណៈ តាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះនរោត្តម ដល់មុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ កន្លងមកនេះ ដោយមើលឃើញថា លើចិញ្ចើមផ្លូវសាធារណៈ សងខាងបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្មមួយចំនួន រំលោភនិងស្ថាបនាខុសបច្ចេកទេស មានភាពខ្ពស់ទៀប និងធ្វើឲ្យបាត់បង់សោភ័ណភាព និងសណ្តាប់ធ្នាប់ នៅលើចិញ្ចើមផ្លូវ រដ្ឋបាលរាជធានី បានសម្រេចឲ្យមានការរៀបការូឡា និងសណ្តាប់ធ្នាប់លើចិញ្ចើមផ្លូវសាធារណៈនេះឡើងវិញ ដោយចាប់ពីមហាវិថីព្រះនរោត្ដម ដល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

យោងតាមការបញ្ជាក់ឲ្យដឹងពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះថា៖ ការកែលម្អសោភ័ណភាព និង រៀបចំសណ្ដាប់ធ្នាប់នៅលើចិញ្ចើមផ្លូវសាធារណៈ សងខាងតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះនរោត្ដម ដល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងគ្រប់ស្ថាប័នរដ្ឋ-ឯកជនទាំងអស់ រុះរើសំណង់ទាំងឡាយណា ដែលសាងសង់ នៅលើចិញ្ចើមផ្លូវសាធារណៈចេញ ក្នុងគោលបំណង រៀបចំចិញ្ចើមផ្លូវឲ្យបានស្អាត និងឲ្យបងប្អូនប្រជាពល មានកន្លែងដើរ បានស្រួល មិនភ័យក្លាចគ្រោះថ្នាក់ចរាចរណ៏ និងបំណងមួយទៀត រៀបចំសណ្ដាប់ធ្នាប់បានទូលាយ កុំឲ្យស្ទះចរាចរណ៏ ។

តាមសេចក្តីជូនដំណឹងដែលចុះហត្ថលេខា ដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ កុម្ភៈ បានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាវកម្ម និងគ្រប់ស្ថាប័នរដ្ឋ-ឯកជនទាំងអស់ ដែលមានទីតាំង ស្ថិតនៅតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះនរោត្តម ដល់មុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ស្ថិតក្នុងខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌ ទួលគោក ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឲ្យបានជ្រាប់ថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា ចិញ្ចើមផ្លូវសាធារណៈ សងខាងតាមបណ្តោ​យមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះនរោត្តម ដល់មុខអាកាស យានដ្ឋាន អន្តរជាតិភ្នំពេញ មានសភាពចាស់ទ្រុឌទ្រោម ដោយ សារបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មមួយចំនួន បានប្រើ ប្រាស់ធ្វើជាទីតាំងលក់ដូរ ធ្វើចរាចរណ៍លើការីឡា និងមួយចំនួនទៀត បានរៀបចំក្រាលការីឡា ជាលក្ខណៈឯកជន និងជួសជុល នៅពេលដែលរងការខូចខាតម្តងៗ ដោយខ្លួនឯង មិនស្របតាមបទដ្ឋានបច្ចេកទេស ធ្វើឲ្យចិញ្ចើមផ្លូវ មានកម្រិតកម្ពស់មិនស្មើគ្នា បណ្តាលឲ្យបាត់បង់ សោភ័ណភាព ព្រមទាំងប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការរជធានីភ្នំពេញ បានឲយដឹងថា៖ ដើម្បីកែលម្អសោភ័ណភាព និង រៀបចំសណ្តាប់ធ្នាប់ នៅលើចិញ្ចើមផ្លូវសាធារណៈ សងខាងតាមបណ្តោយ មហា វិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះនរោត្តម ដល់មុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ឲ្យកាន់តែមានភាពទាក់ទាញ និងទិសដៅអភិវឌ្ឍន៍ រាជធានីភ្នំពេញ ព្រមទាំងអនុលោម តាមបទដ្ឋានបច្ចេក ទេសផងនោះ មន្ទីរសាធារណៈការ និងអនុវត្តគម្រោងក្រាលការីឡាថ្មី ការីឡាសម្រាប់ជនពិការ នៅលើចិញ្ចើមផ្លូវ រៀបចំខឿនចិញ្ចើមផ្លូវ និងខឿនស៊ុំដើមឈើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។

លោកបន្ដថា៖ បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងគ្រប់ស្ថាប័នរដ្ឋ-ឯកជន ទាំង​​​​អស់ ដែលមានទីតាំងចាប់ពីមហាវិថីព្រះនរោត្តម ដល់មុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ត្រូវរុះរើសំណង់ ទាំង​ឡាយណា ដែលសាងសង់ នៅលើចិញ្ចើមផ្លូវសាធារណៈ និងមេត្តាយោគយល់អធ្យាស្រ័យ ចំពោះការរំខាន ក្នុងការធ្វើដំណើរចេញ-ចូលគេហដ្ឋាន ឬទីតាំងស្ថាប័នរដ្ឋ-ឯកជន ដើម្បីឲ្យការអនុវត្តគម្រោងខាងលើនេះ ដំណើរការទៅដោយរលូន ស្របតាមផែនការ ដែលបានកំណត់ទុក៕ សំរិត


ចែករំលែក៖