ភ្នំពេញ៖ តារាសម្តែង និងកំប្លែងស្រី នាងខ្ញុង ស្រាប់តែចេញវីដេអូខ្លី ដែលទាំងយំរៀបរាប់ អំពីរឿងរ៉ាវក្នុងគ្រួសារ ពិសេសរឿងប្តីមានស្រី ។ ការចេញវីដេអូនេះ ក៏ស្របពេលដែលប្រធានបទនៃរឿងរ៉ាវ លួចមានស្រីខាងក្រៅ របស់ស្វាមីជើងល្អជាច្រើន ក្នុងសង្គមបច្ចុប្បន្នកំពុងពុះឡើង ។
ក្នុងវីដេអូខ្លីរយៈពេលប្រមាណជាងមួយនាទី តារាកំប្លែងខ្ញុងនិយាយាថា រាល់ថ្ងៃនាងខ្ពើមរអើមប្តីជាខ្លាំង ស្ទើរតែមិនចង់ដេកនៅជិត ព្រោះតែដឹងថា ប្តីបានទៅប្រឡាក់ប្រឡូកនឹងស្រីខាងក្រៅ។
នាងបន្តថា បើគ្រាន់តែចូលខារ៉ាអូខេ ឱបថើបស្រីញីធម្មតា នាងមិនឃាត់ទេ ប៉ុន្តែនេះគឺជាលក្ខណៈចិញ្ចឹម ទំនុកបម្រុងរាប់ខែរាប់ឆ្នាំមកហើយ មានទាំងជួលផ្ទះឲ្យនៅ ឲ្យលុយចាយ ហើយពេលមានកម្មវិធីសប្បាយៗជាមួយមិត្តភ័ក្កិ គឺនាំស្រីនោះទៅហើយ ហើយហៅប្រពន្ធពេញៗមាត់គឺនាងឈឺចាប់ណាស់។ ពេលខ្លះនាងចង់លែងគ្នា ប៉ុន្តែចិត្តមួយអាណិតកូន មួយទៀតខ្មាស់គេ…។ អមដោយវីដេអូនេះ គឺនាងបញ្ចេញពាក្យដោយខ្លីថា” ឆ្អែតពេក ទើបដាច់ចិត្តនិយាយ សុំទោស បើប៉ះពាល់អារម្មណ៍បងប្អូន…”។
ទោះជាយ៉ាងណា គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់បាននៅឡើយទេថា តើសារវីដេអូខ្លីនេះ គឺជារឿងពិតរបស់នាង និងស្វាមី នាយ កៃដ ដែរឬក៏ជាវីដេអូក្នុងការសម្តែងភាពយន្ត ឬឈុតផ្សព្វផ្សាយអ្វីនោះទេ ប៉ុន្តែអ្នកបានទស្សនាពិតជាភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ព្រោះតែអ្វីដែលនាងនិយាយកំពុងចាក់ចំអារម្មណ៍ទស្សនិកជន ពិសេសស្រ្តីៗដែលជួបនឹងរឿងរ៉ាវស្វាមីទៅផឹកស៊ី ស្រីញីនៅខាងក្រៅភ្លេចផ្ទះ ភ្លេចប្រពន្ធកូន ៕ វឌ្ឍនា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច