ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹង សុំលុយម្ដាយមិនឲ្យ ខឹងយកដាវកាប់ទុយយោទឹកគេ៥ដើម និងដេញកាប់ប្រជាពលរដ្ឋជិតខាងផ្អើល ត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ យុវជនម្នាក់ផឹកស្រាស្រវឹងជោកជាំបានសុំលុយម្ដាយរបស់ខ្លួនចំនួន២ម៉ឺនរៀល តែម្ដាយគ្មានលុយឲ្យ ក៏មានចិត្ដខឹងស្ទុះទៅយកដាវដែលលាក់ទុកក្បែរពាងយកមកកាប់ទុយយោទឹករបស់ប្រជាពលរដ្ឋជិតខាង ដែលរាយកាត់ដីខ្លួនខូចខាតចំនួន៥ដើម និងយកដាវដេញកាប់គេឯង រហូតដឹងលឺដល់សមត្ថកិច្ចនគរបាលចុះមកចាប់ខ្លួន ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនយុវជនសង្ស័យឈ្មោះ ហេង ហុង ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករស្ទួចផ្ទះ មានទីលំនៅភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ។ ចំណែកជនរងគ្រោះមាន៤នាក់ ទី១-ឈ្មោះ ហុច ហេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (ខូចខាតទុយយោទឹកចំនួន៥ដើម) ទី២-ឈ្មោះ សឿន ធឿន ភេទប្រុស អាយុ៣៩ឆ្នាំ (ខូចខាតទុយយោទឹកចំនួន១ដើម) ។ ជនរងគ្រោះទី១និងទី២មានទីលំនៅភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ទី៣.ឈ្មោះ សួង ឡា ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកណ្ដាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ទី៤. ឈ្មោះ សាន់ ថុន ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិខ្ពប ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ។ ដោយឡែកវត្ថុតាងដកហូតបានមានដាវចំនួន១ដើម ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ យុវជនសង្ស័យបានផឹកស្រារហូតស្រវឹងជោកជាំ រួចទៅសុំលុយម្ដាយរបស់ខ្លួនចំនួន២ម៉ឺនរៀល តែម្ដាយពុំមានលុយឲ្យនោះយុវជនសង្ស័យជាកូនទេ ភ្លាមនោះយុវជនសង្ស័យមានចិត្ដខឹងទៅលើម្ដាយរបស់ខ្លួនយ៉ាងខ្លាំង ធ្វើអីម្ដាយពុំកើតក៏ស្ទុះទៅយកដាវដែលខ្លួនលាក់ទុកនៅក្នុងព្រៃក្បែម៉ាស៊ីនបូមទឹកយកមកកាប់ទុយយោទឹករបស់គេជិតខាង ដែលរាយកាត់តាមដីរបស់សរុបអស់ចំនួន៦ដើម ហើយយកដាវដេញគេឯងទៀត តែពុំត្រូវរបួសទេ ។

ក្រោយពីមានហេតុការណ៍កើតឡើង ប្រជាពពលរដ្ឋជិតខាងបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលកោះឧកញ៉ាតីមកចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖