ខេត្តកំពង់ស្ពឺ៖ ស្ត្រីម្នាក់បានប្តឹងសមត្ថកិច្ចនគរបាលជួយអន្តរាគមន៍ ពាក់ព័ន្ធបុរសម្នាក់បានចាប់រំលោភបានសម្រេចបន្តបន្ទាប់ តាំងពីឆ្នាំ២០១៦មក បានសម្រេចប្រហែល៥-៦ដង ។ ក្រោយទទួលបណ្តឹងនេះភ្លាម ជំនាញបានចាត់ការ ឃាត់ខ្លួនបុរសសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមច្បាប់ ។
ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទី ស្ថិតនៅចំណុចភូមិថ្នល់ដាច់ ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានបង្ហើបថា ករណីរំលោភសេពសន្ធវៈ នេះបង្កឡើងដោយជនសង្ស័យឈ្មោះ សេក វ៉ាន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិថ្នល់ដាច់ ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ជននេះ បានធ្វើសកម្មភាពរំលោភលើលើជនរងគ្រោះ ឈ្មោះ ស.អ. (ស្មារតីមិនគ្រប់) ភេទស្រី អាយុ៤៥ឆ្នាំ ។
ជនសង្ស័យបានប្រាប់នគរបាលទទួលស្គាល់ថា ពិតជាបានរំលោភជនរងគ្រោះតាំងពីឆ្នាំ២០១៦ ប្រាកដមែន ដែលបានសម្រេចប្រហែល៥-៦ដងប៉ុណ្ណោះ ៕ សេនាស័ក្តិ