ព័ត៌មានទាន់ហេតុការណ៍៖

សរសើរទឹកចិត្តជ័យ សុវ៉ាត ផ្តល់ប្រាក់១០លានរៀល ដល់មន្ទីរពេទ្យគន្ធបុប្ផា

ចែករំលែក៖

ភ្នំពេញ៖ ដូចការសន្យាកន្លងមក តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត បានប្រកាសធ្វើដំណើរទៅកាន់មន្ទីរពេទ្យគន្ធបុប្ផានៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ដើម្បីនាំយកថវិកាផ្ទាល់ខ្លួន ចំនួន១០លានរៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ។

ការប្រគល់ជូននេះធ្វើឡើងនៅមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញផ្ទាល់ ក្រោមការចូលរួមពីសំណាក់អ្នកគាំទ្រតារាចម្រៀងរូបនេះជាច្រើនរូប។

ក្រៅពីថវិកាតារាចម្រៀងរូបនេះ ក៏នឹងនាំយកនូវអំណោយជាអាហារសម្រន់ និងភេសជ្ជៈ ជូនដល់ពលរដ្ឋមួយចំនួននៅទីនោះផងដែរ។

តារាចម្រៀងរូបនេះបានបញ្ជាក់ថា កន្លងមកលោកធ្លាប់បានប្រកាសជាសាធារណៈហើយថា ក្នុងមួយឆ្នាំលោកនឹងកាត់ប្រាក់ចំនួន៥០០ដុល្លារអាមេរិក ដែលបានពីការងារសិល្បៈនានា សម្រាប់ជួយដល់មន្ទីរពេទ្យមួយនេះ ។

លោកថា លោកសម្រេចចិត្តប្រគល់សរុបចំនួន៥ឆ្នាំតែម្តង ហើយក៏ជាឱកាសជួបជុំអ្នកគាំទ្រលោកមួយចំនួន ដែលបានស្ម័គ្រចិត្តចូលរួម ស្រប នឹងឱកាសនៃទីវានៃក្តីស្រលាញ់ ១៤ កុម្ភៈផងដែរ ។

លោកថា លោកពិតជាចង់ចូលរួមចំណែកជួយសង្គមកាន់តែច្រើនទៅតាមលទ្ធភាព ពិសេសចង់ចែករំលែកក្តីស្រលាញ់ជូនដល់កុមារ និងក្រុមគ្រួសារពួកគាត់ដែលមានជីវភាពខ្វះខាតត្រូវការកម្លាំងចិត្ត ។ លោកថា ថវិកាមិនជាច្រើនលើសលប់ ប៉ុន្តែជាទឹកចិត្ត និងទៅតាមលទ្ធភាពដែលលោកអាចចែករំលែក ហើយលោករំពឹងដែរថា សប្បុរសជនដែលធ្លាប់ជួយដល់មន្ទីរពេទ្យនេះ នឹងនៅតែរក្សាចិត្តសប្បុរសជួយបន្ត និងសង្ឃឹមដែរថា ជាចំណែក ដ៏តូចមួយជួយដល់សង្គមជាតិ គ្រាដែលលោកមានឱកាស និងសាងកេរ្តិ៍ឈ្មោះក្នុងពិភពសិល្បៈ។

គួរបញ្ជាក់ដែរថា ជ័យ សុវ៉ាត ដែលគេស្គាល់ថា ក្មេងកំព្រាធ្លាប់ឆ្លងកាត់ជីវិតជូរចត់ច្រើន ត្រូវបានមហាជនចាប់ផ្តើមស្គាល់ គ្រាដែលតារារូបនេះ លេចមុខក្នុងការចូលរួមប្រកួតក្នុងកម្មវីធីផ្កាយរះក្នុងសួនរបស់ទូរទស្សន៍មួយ ។ តារារូបនេះ កាន់តែមានឈ្មោះបោះសំឡេងក្រោយពីបោះជំហានចូលច្រៀង ក្នុងផលិតកម្មសាន់ដេជាមួយនឹងស្នាដៃចម្រៀងថ្មីពិរោះបន្តបន្ទាប់គ្នា ៕ វឌ្ឍនា


ចែករំលែក៖