ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរបិទសិប្បកម្មផលិតទឹកម្ទេស ទឹកសៀង​មួយកន្លែង នៅខណ្ឌឫស្សីកែវ ក្រោយទទួលបណ្ដឹងពីពលរដ្ឋថាជះក្លិនស្អុយ

ចែករំលែក៖

ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌ កែវ និងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានចាត់ឲ្យលោក លឹម សាម៉ឺឌី ប្រធានការិយាល័យអន្តរវិស័យខណ្ឌ ដឹកនាំមន្ត្រីពាក់ព័ន្ធនានា នាំយកលិខិតរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីទៅបង្ហាញ និងជម្រាបជូនឲ្យលោក ស៉ីន ប៊ុណ្ណា ម្ចាស់ទីតាំងសិប្បកម្មផលិតទឹកម្ទេស ទឹកសៀង ទឹកប្រេងខ្យង និងទឹកត្រីបុក ស្ថិតនៅផ្ទះលេខ៧៨ ផ្លូវលេខ២ ក្រុមទី១១ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ដែលត្រូវប្រជាពលរដ្ឋក្បែរខាងប្ដឹងថាជះក្លិនស្អុយ​នោះ ​​បិទអាជីវកម្មជាស្ថាពរ ឬប្ដូរចេញ ចាប់ពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះតទៅ។

លោក លឹម សាម៉ឺឌី បានបញ្ជាក់ថា ការសម្រេចរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការបិទ ឬប្ដូរទីតាំងចេញទៅលើសិប្បកម្ម ផលិតទឹកម្ទេស ទឹកសៀង ទឹកប្រេងខ្យង ទឹកត្រីបុក​ខាងលើនេះ គឺបានអនុវត្តទៅតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋអ្នកក្បែ​ខាង ជាមួយការចូលរួមដោះស្រាយជាបន្តបន្ទាប់ របស់អាជ្ញាធរមូលដ្ឋានភូមិ-សង្កាត់-ខណ្ឌ និងការិយាល័យជំនាញពាក់ព័ន្ធមួយចំនួនទៀត ក្រោមការដឹកនាំរបស់លោក ជា ពិសី អភិបាលខណ្ឌ រយៈពេល៦ខែមកហើយ រហូតចេញជាសេចក្ដីជូនដំណឹងមកម្ចាស់អាជីវកម្មជាច្រើនសារ ដើម្បីធ្វើការកែសម្រួលឡើងវិញ ជៀសវាងជះក្លិនស្អុយ ប៉ុន្តែម្ចាស់ទីតាំងនូវតែមិនអាចអនុវត្តបាន។

ប្រធានការិយាល័យរូបនេះ បានឲ្យដឹងទៀតថា បន្ទាប់ពីធ្វើកំណត់ហេតុ និងអានខ្លឹមសារជូនម្ចាស់ទីតាំងផលិតទឹកម្ទេស ទឹកសៀង ទឹកប្រេងខ្យង និងទឹកត្រីបុក លោកស្រី ពិន ពេជ្រម៉ាលី តំណាងឲ្យ​លោក ស៉ីន ប៊ុនណ្ណា បានឯកភាពអនុវត្តតាមការសម្រេចបិទអាជីវកម្មទាំងស្រុង ចាប់ពីថ្ងៃនេះតទៅ ប៉ុន្តែ​សំណូមពរមកអាជ្ញាធរឲ្យជួយពន្យា​រយៈពេល៩ខែក្រោយ ក្នុងការវិចខ្ចប់ផលិតផលដែលនៅសេសសល់ឲ្យអស់ជាមុនសិន ដើម្បីផ្លាស់ប្ដូរទីតាំងចេញ ដោយរាប់គិតចាប់ពីថ្ងៃនេះតទៅ បើក្នុងករណីមិនអនុវត្តតាមការសន្យានោះទេ សម្រេចមានវិធានការតាមបែបបទរដ្ឋបាលទៅចុះ។

លោក លឹម សាម៉ឺឌី ប្រធានការិយាល័យអន្តរវិស័យខណ្ឌឫស្សីកែវ ដែលជាអ្នកដឹកនាំផ្ទាល់ បានបង្ហាញថា ក្នុងសកម្មភាពថ្ងៃនេះ ក្នុងនាមអាជ្ញាធរគ្រោង នឹងបិទទីតាំងសត្តឃាតមាន់មួយកន្លែងទៀត​របស់លោក សុខ សុគន្ធ ស្ថិតនៅផ្ទះលេខ៤៨៩ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ តែដោយសារម្ចាស់អាជីវកម្ម បិទទ្វារ​ផ្ទះចោលទៅហើយ និងសម្រេចលើកទៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ ដោយតាមការពិនិត្យពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថានរាជធានី និងរបាយការណ៍របស់រដ្ឋបាលខណ្ឌ និងពាក្យបណ្ដឹង​នៃការរងផលប៉ះពាល់ដល់សុខភាព បរិស្ថាន ជុំវិញការរស់នៅរបស់ប្រជាពលរដ្ឋជាង២០គ្រួសារ ដែលសម្រេចដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ៕ អរុណរះ


ចែករំលែក៖