ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក ដកខ្លួនចេញពីសង្គ្រាមយេមែន

ចែករំលែក៖

នៅពេលនេះ អាមេរិកបានសម្រេច ដកខ្លួនចេញពីសង្រាមនៅក្នុងប្រទេស យេមែន ដោយពេលនេះ កំពុងរង់ចាំការសម្រេចពីព្រឹទ្ធសភាអាមេរិក ។

សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩បានផ្សាយថា រដ្ឋសភាអាមេរិក​បានអនុម័តហើយ​លើដំណោះស្រាយ​មួយ ដែលអំពាវនាវឲ្យដកកងទ័ពអាមេរិកចេញ​ពីប្រទេសយេមែន ក៏ដូចជាបញ្ឈប់​រាល់​ការគំាទ្រទាំងឡាយ​ដល់ ប្រតិបត្តិការយោធា​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត ក្នុងប្រទេសស្ថិត​នៅតំបន់​មជ្ឈិមបូព៌ា​មួយនេះ។

សភាអាមេរិក​ក្រោមការគ្រប់គ្រងរបស់​គណបក្សប្រជាធិបតេយ្យ បានបោះឆ្នោត​អនុម័ត​នៅ​ថ្ងៃពុធ​សប្ដាហ៍នេះ (ម៉ោង​នៅ​អាមេរិក) លើដំណោះស្រាយ​ខាងលើជាមួយសំឡេង​គាំទ្រ ២៤៨ ទល់នឹង ១៧៧សំឡេង។ ប៉ុន្តែដំណោះស្រាយ​នេះ គឺត្រូវការការអនុម័ត​ពី​ព្រឹទ្ធសភាអាមេរិក​ជាមុនសិន ខណៈគណបក្ស​សាធារណរដ្ឋរបស់​លោក ដូណាល់ ត្រាំ គឺជាអ្នកកាន់​កាប់សំឡេងភាគច្រើន​នៅក្នុងព្រឹទ្ធសភា។

គួរបញ្ជាក់ថា បើសិនជា​ដំណោះស្រាយនេះ​ត្រូវបានអនុម័ត​មែន នោះវានឹងតម្រូវ​ឱ្យរដ្ឋបាលប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ដកកងទ័ពអាមេរិក​ទាំងអស់ចេញពី​យេមែន ក្នុងរយៈពេល​៣០ថ្ងៃ។ មិនតែប៉ុណ្ណោះ វាក៏នឹងបិទ​បញ្ចប់ផងដែរការផ្ដល់​ជំនួយ ឬ ការគាំទ្រផ្នែកយោធារបស់អាមេរិក​ដល់ក្រុមចំរុះអារ៉ាប់ដឹកនាំ​ដោយអារ៉ាប៊ីសាអូឌីត​ ដែល​កំពុងធ្វើ​ប្រតិបត្តិការយោធា​នៅយេមែន ដើម្បីប្រឆាំង​នឹងក្រុមឧទ្ទាមហ៊ូទី​គាំទ្រដោយ​អ៊ីរ៉ង់។

កាលពីដើម​សប្តាហ៍នេះ ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ ក៏បាន​បញ្ជាក់​ផងដែរថា លោកមិនគាំទ្រ​នោះឡើយ​ចំពោះការដកខ្លួន​របស់អាមេរិក ចេញពីសង្គ្រាម​នៅ​ប្រទេស​យេមែន ព្រោះសហរដ្ឋអាមេរិក​គ្រាន់តែផ្តល់សេវាចាក់សាំង​យន្តហោះចម្បាំង ឲ្យ​អារ៉ាប៊ីសាអូឌីត និង​ជំនួយផ្នែកព័ត៌មាន​សម្ងាត់មួយចំនួនទៀត​ប៉ុណ្ណោះ មិនមែន​ចូល​រួម​ប្រយុទ្ធជាមួយ​អារ៉ាប៊ីសាអូឌីត​នោះ​ឡើយ ៕


ចែករំលែក៖