ព័ត៌មានទាន់ហេតុការណ៍៖

សិល្បករ វ័យក្មេងជាច្រើនរូប ចែករំលែកក្តីស្រឡាញ់ទៅកាន់ជនក្រីក្រ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង តារាសម្តែងវ័យក្មេងជំនាន់ក្រោយជាច្រើនរូប បានប្រមូលផ្តុំគ្នាបង្កើតកម្មវិធីសប្បុរសធម៌ ចែកអំណោយ និងក្តីស្រឡាញ់ទៅកាន់ជនក្រីក្រជាច្រើននៅតំបន់ចាក់សំរាមជើងឯក និងជនក្រីក្រមួយចំនួនតាមដងផ្លូវ ។

កម្មវិធីនេះ ត្រូវបានធ្វើឡើងចំ ទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ។ សិល្បករវ័យក្មេងដែលរួមគ្នាធ្វើសកម្មភាពសង្គមនេះ​មានដូចជា ដាវណ្ណ ចេន្នី , ម៉ារី , ខាន់ វិចិត្រទូ, ដាវណ្ណ រីគី, ផល កក្កដាក្រោមការដឹកនាំដោយក្រុមសិល្បករជើងចាស់អ្នកស្រីច័ន្ទ សោភ័ណ្ឌ ។

តាមការបញ្ជាក់ គឺកម្មវិធីនេះ គេបានរួមចិត្តគ្នាជាមួយសិល្បករក្មេងៗជំនាន់ក្រោយ ដែលពួកគេស្រឡាញ់រាប់អានគ្នា ហើយក៏បានរួមគ្នាបង្កើតកម្មវិធីនេះឡើយដើម្បី ស្វែងយល់ពីជីវិតលំបាករបស់ប្រជាពលរដ្ឋខ្វះខាតផ្នែកជីវភាព និងសាកសួរសុខទុក្ខកុមារដែលពឹងអាស្រ័យលើការរើសសំរាមនៅតំបន់នោះ ហើយថា ការចែករំលែកក្តីស្រឡាញ់ដែលពួកគេមានទៅកាន់អ្នកខ្សត់ខ្សោយ ហើយគេចង់បណ្តុះគំនិត និងវប្បធម៌នៃការចែករំលែកទៅកាន់មនុស្សជុំវិញខ្លួន ។ ទោះបីជាអំណោយជាភេសជ្ជៈ អាហារខ្លះៗមិនបានគ្រប់គ្រាន់សម្រាប់តម្រូវការពួកគាត់ ប៉ុន្តែឆ្លុះបញ្ចាំងពីទឹកចិត្តដែលពួកគាត់មានទៅកាន់មនុស្សជុំវិញខ្លួនពិសេសក្នុងនាមមានឈាមជ័រជាខ្មែរដូចគ្នា ។

ក្រៅពីចុះចែកនៅតំបន់ទីលានចាក់សំរាមនោះ សិល្បករជើងចាស់មួយចំនួនទៀតបានធ្វើដំណើរទៅចែកទាន មាននំចំណី ភេសជ្ជៈទៅកាន់ចាស់ជរា និងក្មេងៗនៅតំបន់សួនវត្តបុទុមផងដែរ ដោយរំពឹងថា ក្រោយចូលរួមកម្មវិធីសប្បុរសធម៌បែបនេះ នឹងជួយជំរុញឲ្យសិល្បករជំនាន់ក្រោយខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងបំពេញការងារពួកគេបានកាន់តែល្អ និងបង្កើនឱកាសចែករំលែកក្តីស្រឡាញ់ទៅកាន់មនុស្សជុំវិញខ្លួនផងដែរ ៕ វឌ្ឍនា


ចែករំលែក៖