ភ្នំពេញ៖ លោក លឹម សាម៉ឺឌី ប្រធានការិយាល័យអន្តរវិស័យខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបចុះទីតាំងសត្តឃាត មាន់ដែលមានពាក្យបណឹ្តងរបស់ប្រជាពលរដ្ឋ ហើយនិងយកសេចក្ដីសម្រេចរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីមកបិទជាស្ថាពរទៅលើទីតាំងសត្តឃាតមាន់នោះជាស្ថាពរ ដែលមានម្ចាស់ឈ្មោះសុខ សុគន្ធ ក្រោយមានពាក្យបណ្ដឹងពី ប្រជាពលរដ្ឋអ្នកក្បែរខាងជច្រើនគ្រួសារ ជាយូរមកហើយ ដែលចោទថា ជះក្លិនស្អុយ និងបន្លឺសំឡេងរំខានទាំងយប់ទាំងថ្ងៃនោះ។
ការសម្រេចបិទអាជីវកម្មសត្តឃាតមាន់ ដឹកនាំដោយលោក លឹម សាម៉ឺឌី ប្រធានការិយាល័យអន្តរវិស័យខណ្ឌពេលនេះ បានធ្វើឡើងដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថានរាជធានី-ខណ្ឌ ប្រធានបសុពេទ្យសត្វប្រចាំខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅផ្ទះលេខ៤៨៩ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។
លោក លឹម សាម៉ឺឌី បានឲ្យដឹងថា មុនឈានដល់ការបិទជាស្ថាពរចំពោះទីតាំងសត្តឃាតមាន់ របស់លោក សុខ សុគន្ធ ដោយសារតែម្ចាស់អាជីវកម្ម មិនបានរៀបចំឲ្យបានល្អប្រសើរ ទៅតាមលក្ខណៈស្តង់ដារ បច្ចេកទេស និងរងការប្ដឹងចោទប្រកាន់ពីប្រជាពលរដ្ឋ អ្នកក្បែរខាងជាង២០គ្រួសារ ថាមានជះក្លិនស្អុយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងមានបន្លឺសំឡេងរំខាន ទាំងយប់ទាំងថ្ងៃ។
យ៉ាងណាក៏ដោយ លោក សុខ សុគន្ធ ដែលជាម្ចាស់អាជីវកម្មសត្តឃាតមាន់ បានសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់មន្ត្រីជំនាញពាក់ព័ន្ធមកស៊ើបអង្កេតនូវទីតាំង ក្នុងការតាមការ ជាក់ស្ដែងជាមុនសិន មុនឈានដល់ការបិទ ដើម្បីរកផលប៉ះពាល់ មុនដែលលោកដាក់ពាក្យប្ដឹងទៅរដ្ឋបាលរាជធានីភ្នំពេញ តវ៉ាបន្តទៀត។
ជាការឆ្លើយតបភ្លាមៗ និងម្ចាស់ទីតាំង លោក លឹម សាម៉ឺឌី បានឲ្យដឹងទៀតថា យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជាង២០គ្រួសារ និងការចុះត្រួតពិនិត្យជាក់ស្ដែងទៅលើទីតាំង ពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធនានា និងចេញសេចក្ដីជូនដំណឹងជាច្រើនលើកមកហើយ និងលើកចុងក្រោយនេះ មានសេចក្ដីសម្រេចរបស់លោក ឃួង ស្រេង ដាច់ខាតត្រូវតែផ្អាកអាជីវកម្ម និងបិទទីតាំងជាស្ថាពរ ចាប់ពីពេលនេះតទៅ បើក្នុងករណីម្ចាស់ទីតាំងលោក សុខ សុគន្ធ មិនអនុវត្តតាមការណែនាំ នោះរដ្ឋបាលខណ្ឌ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធីជាធរមាន ៕ អរុណរះ