ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជំរុញក្រសួងពាក់ព័ន្ធកាត់ទោសនិងបន្ធូរបន្ថយទោសទណ្ឌិតជាស្ត្រីឱ្យលឿន មិនត្រូវរង់ចាំថ្ងៃបុណ្យទានឡេីយ ។
ប្រសាសន៍សម្ដេចតេជោ ធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ នេះ ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ “ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី”ដែលធ្វើឡើងនៅវិមានសន្តិភាព។
នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា”ជំរុញឲ្យក្រសួងកិច្ចការនារី និងក្រសួងយុត្តិធម៌ ត្រូវពិនិត្យមើលទណ្ឌិតជាស្ត្រីដែលកំពុងជាប់ឃុំឃាំង គឺត្រូវរៀបចំកាត់ទោស និងបន្ធូរបន្ថយទោសឲ្យបានលឿន ព្រោះស្រ្តីអ្នកទោសមួយចំនួនកំពុងប្រឈមនឹងបញ្ហាជាច្រើនដូចជាមានកូនក្នុងបន្ទុកដែលត្រូវចិញ្ចឹមមើលថែ ហើយត្រូវបានប្តីបោះបង់ចោលជាដើម”។
សម្ដេចតេជោ បន្តថា “ត្រូវពិនិត្យសម្រួលព្យួរទោសដោះលែងអោយពួកគាត់មានសេរីភាពឡើងវិញ ប្រកបដោយការយោគយល់ និងអធ្យាស្រ័យដល់ស្រ្តីទាំងនោះ ពោលគឺត្រូវដោះស្រាយលើកលែងសម្រួលទោស ដោយមិនរង់ចាំតែថ្ងៃបុណ្យទានឡើយ ជាពិសេសមុនពេលចូលឆ្នាំខ្មែរ២០១៩ នេះគឺត្រូវរៀបចំកាត់ទោសផ្តល់សេរីភាពអោយពួកគាត់បានទៅផ្ទះវិញ ៕ចេស្តា