ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្រ្តាក់ បោកបក់ផ្ទះពលរដ្ឋនៅស្រុកកំរៀង ខូចខាត២០ខ្នង និងដួលរលំរោងទីលាន ទិញដំឡូង១កន្លែង ខូចខាតទាំងស្រុង

ចែករំលែក៖

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ២០ខ្នង បានរងការខូចខាត និងរោងទីលានទិញដំឡូង១កន្លែងទៀតខូចខាតទាំងស្រុង ខណៈដែលមានខ្យល់កន្រ្តាក់បោកបក់យ៉ាងខ្លាំងប៉ះចំខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅភូមិតាក្រី ឃុំតា ក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។

បើតាមការបញ្ជាក់ឲ្យដឹងពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាក្រីលោកអនុសេនីយ៍ឯក ឆុន ឆាង ប្រាប់ឲ្យដឹងថា ខ្យល់កន្រ្តាក់នោះ មិនបង្កឲ្យគ្រោះថ្នាក់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ ។ ក្នុងចំណោមផ្ទះ២០ខ្នងរបស់ប្រជាពលរដ្ឋរងគ្រោះមាន៥ខ្នង រងការដួលរលំទាំងស្រុង ចំណែក១៥ខ្នងទៀត ខូចខាតរបើកដំបូល និងជញ្ជាំងផ្ទះ ។

លោកនាយប៉ុស្តិ៍បានប្រាប់ឲ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញមានខ្យល់កួចបក់បោកលាយលំជាមួយ និងភ្លៀងបន្តិចបន្តួច ពីទិសខាងជើងទៅត្បូង ។ រំពេចនោះខ្យល់កន្រ្តាក់ក៏បានបក់បោកចំរោងទីលានទិញដំឡូង១កន្លែងមុនគេ ដោយអំណាចខ្យល់កួចខ្លាំងបណ្តាលឲ្យរោងទីលានទិញដំឡូងកសាងដោយដែកបាក់ដួលរលំទាំងស្រុងចំណែកដើមឈើ៣ទៅ៤ដើមនៅក្បែរទីលានទិញដំឡូងបានរងការបាក់រលំ ដល់ដីផងដែរ ។

លោកនាយប៉ុស្តិ៍បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីកើតហេតុខ្យល់កន្រ្តាក់នោះហើយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានចុះស្រង់ ទិន្នន័យទំហំនៃការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដើម្បីរាយការណ៍ទៅថ្នាក់លើ ក្នុងការការដោះស្រាយជាអំណោយសង្រ្គោះបន្ទាន់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ។ ប្រជាពលរដ្ឋរងគ្រោះទាំងនោះនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ត្រូវបានកាកបាទក្រហមសាខាខេត្តបាត់ដំបងយកអំណោយមកប្រគល់ជូនពួកគាត់នោះហើយ ដើម្បីដោះស្រាយសម្រួលការលំបាករបស់ពួកគាត់ ៕ សំ វិច្ឆិកា


ចែករំលែក៖