ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានក្រុមហ៊ុនច្បាប់ ដន ម៉ូរីស អិលអិលភី (Duane Morris LLP)

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ គ.ស២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ម៉ាត់ធ្យូ អែនតូនី ថាយ៍ល័រ (Matthew Anthony Tayler) ប្រធានក្រុមហ៊ុនច្បាប់ ដន ម៉ូរីស អិលអិលភី (Duane Morris LLP) ។

នៅក្នុងជំនួបនេះ លោក Matthew Anthony Tayler បានជម្រាបជូន សម្តេចតេជោ អំពីក្រុមហ៊ុនដនម៉ូរីស ដែលមានអាយុកាល១១៥ឆ្នាំមកហើយ ដែលបានបង្កើតឡើងនៅទីក្រុងហ្វីឡាដេព្យា (Philadelphia) សហរដ្ឋអាមេរិក មានសាខា៣០ និងមានសមាជិកមេធាវី ប្រមាណ៨០០នាក់។

ដំណើរទស្សនកិច្ចរបស់ លោក Matthew Anthony Tayler មកកាន់កម្ពុជានៅពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំកំពូលមេធាវីអាស៊ី ហើយការរៀបចំនៅកម្ពុជានេះ គឺជាឱកាសដល់លោកក្នុងការដឹកនាំប្រតិភូមេធាវីរបស់លោក និងមេធាវីដទៃទៀតអោយបានស្គាល់ពីកម្ពុជាផងដែរ។ គណៈប្រតិភូរបស់លោកបានកោតសរសើរយ៉ាងខ្លាំង នៅពេលបានទស្សនាប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ដែលជាប្រាសាទមួយដ៏ល្អឆ្នើមជាទីបំផុត ជាមួយនឹងការទទួលស្វាគមន៍យ៉ាងរីករាយពីប្រជាជនកម្ពុជា បានធ្វើឲ្យប្រតិភូរបស់លោក មានការសប្បាយរីករាយយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះដែរ លោក Matthew Anthony Tayler បានកោតសរសើរនៅពេលដែលបានមកឃើញដោយផ្ទាល់ភ្នែកអំពីប្រទេសកម្ពុជារីកចម្រើនដ៏ល្អស្អាត។

លោក Matthew ក៏បានជម្រាបសម្តេចតេជោផងដែរថា ការចូលរួមកិច្ចប្រជុំកំពូលមេធាវីអាស៊ី នៅកម្ពុជានេះ គឺដើម្បីស្វែងយល់អំពីកម្ពុជាកាន់តែច្រើនឡើង ដើម្បីធ្វើយ៉ាងណាឲ្យមេធាវីរបស់លោកអាចជួយផ្ដល់សេវាកម្មផ្នែកច្បាប់ដ៏មានប្រសិទ្ធភាព និងតម្លាភាពដល់ប្រជាពលរដ្ឋ ក៏ដូចជាអតិថិជនដែលមកធ្វើវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រយៈពេលជាង៤០ឆ្នាំជាងកន្លងមកនេះ កម្ពុជាមានការប្រែប្រួលយ៉ាងខ្លាំង។ បើយើងមើលកម្ពុជាពេលនេះ ហាក់ដូចជាគ្មានអ្វីកើតឡើងពីមុនទេ។ នៅពេលនេះ កម្ពុជាកំពុងតែប្រឈមនឹងការស្ទះចរាចរណ៍ផង និងការគ្រោះថ្នាក់ចរាចរណ៍ផង។ ប៉ុន្តែបើយើងមើលទៅ ៤០ឆ្នាំមុន នៅទីក្រុងភ្នំពេញ សម្ដេចផ្ទាល់បានជួបប្រជាជនប្រមាណតែ៧០នាក់ប៉ុណ្ណោះ។ រហូតមកដល់បច្ចុប្បនេះ កំណើនប្រជាជនក៏បានកើនឡើង។ កម្ពុជាបានជម្នះលើឧបសគ្គនិងបញ្ហាបានច្រើន ហើយក៏កំពុងប្រឈមនឹងបញ្ហាមួយចំនួនទៀតដែលត្រូវដោះស្រាយជាបន្តបន្ទាប់។ ក្នុងន័យនេះ សម្តេចសូមអោយប្រតិភូ នឹង លោក Matthew ផ្ទាល់ ពិនិត្យមើលលទ្ធភាពណាមួយ ដែលអាចជួយបានដល់កម្ពុជាបាន ជាពិសេសលើសេវាកម្មផ្លូវច្បាប់ និងការបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកច្បាប់។

សម្តេចតេជោ ក៏បានជម្រាបជូនប្រតិភូលោក Matthew ផងដែរថា កាលពីដើមឡើយកម្ពុជាមិនអនុញ្ញាតឲ្យជនបរទេសមកបង្កើតក្រុមហ៊ុនមេធាវី នៅកម្ពុជានោះទេ។ ប៉ុន្តែក្រោយពីកម្ពុជាបានក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជាបានកែប្រែច្បាប់នោះចេញហើយ។ ក្រុមហ៊ុនបរទេសអាចមកបង្កើតក្រុមហ៊ុនបាន។ វត្តមានក្រុមហ៊ុនបរទេស និងមេធាវីបរទេសនៅកម្ពុជា គឺបានជួយលើកទឹកចិត្ត និងបង្កើនជំនឿទុកចិត្តដល់វិនិយោគគិនបរទេសមកវិនិយោគនៅកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនប្រតិភូទាំងមូលផងដែរ អំពីអ្វីដែលសម្តេចបានសម្រេចកាលពីម្សិលមិញ គឺបញ្ហាពាក់ព័ន្ធទៅនឹងការការពារស្ត្រី ដែលកន្លងមកមានករណីមួយចំនួនដែលពុំបានធ្វើការកាត់ក្តី ដោយសារខ្វះមេធាវី។ សម្ដេចតេជោ នឹងរៀបចំឲ្យមាន ក្រុមមេធាវីផ្ទាល់របស់សម្តេច ដើម្បីជួយការពារស្ត្រីក្រីក្រទទួលបានទទួលការកាត់ក្តីបានលឿន ជៀសវាងការឃុំខ្លួនលើសពេលវេលា។ សម្ដេចតេជោគ្រោងជ្រើសរើសមេធាវីជាសមាជិកប្រមាណ៥០នាក់ ដែលអាចបែងចែក ២នាក់ប្រចាំខេត្តនីមួយៗ។ កិច្ចការពារក្តីនេះ មិនកំណត់ការពារអោយតែស្ត្រីនោះទេ ប៉ុន្តែការពារករណីផ្សេងទៀត ដែលធ្វើយ៉ាងណាជួយឲ្យសង្គម និងប្រជាពលរដ្ឋខ្មែរមានយុត្តិធម៌អនុវត្តតាមនីតិរដ្ឋ៕


ចែករំលែក៖