ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខណ្ឌ ៧មករា ឃាត់បានជនសង្ស័យម្នាក់ ធ្វើសកម្មភាពឡើងផ្ទះប្រជាពលរដ្ឋ ប៉ងលួចទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា ឃាត់បានជនសង្ស័យម្នាក់ធ្វើសកម្មភាពឡើងផ្ទះប្រជាពលរដ្ឋ ប៉ងលួចទ្រព្យសម្បត្តិទាំងកណ្តាលយប់ នៅចំណុចម្តុំបុរីកីឡា ភ្នំពេញ នៅម៉ោង៣៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២១៥ ស្ថិតក្នុងសង្កាត់ វាលវង់ ខណ្ឌ ៧មករា រាជធានី​ភ្នំពេញ ។

មន្រ្តីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឌឺ​ ដារិទ្ធ​ ​ អាយុ៣០ឆ្នាំ​ បច្ចុប្បន្នស្នាក់នៅខណ្ឌទួលគោក​ ។

កងរាជអាវុធហត្ថខណ្ឌ ៧មករា បានឲ្យដឹងថា​ មុនឃាត់ខ្លួនជនសង្ស័យ​ គឺកម្លាំងបានល្បាតក្នុងមូលដ្ឋាន​ ដើ​ម្បីការពារសុវត្ថិភាព​ ខណៈមកដល់ចំណុចផ្លូវលេខ២១៥​ ម្តុំបុរីកីឡា​ ស្រាប់តែប្រទះឃើ​ញ​ ជនសង្ស័យ​កំពុងតែធ្វើសកម្មភាពឡើ​ងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ​ ភ្លាមៗនោះ​កម្លាំងយើង​បានចុះទៅអន្តរាគមន៍​ ឃាត់ខ្លួនជនសង្ស័យភ្លាមៗ​ រួចក៏បញ្ជូនជនសង្ស័យមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា​​។

វត្ថុតាងដកហូតរួមមាន​ ៖ សម្ភារៈគាស់ផ្ទះមួយចំនួន​ នឹងម៉ូតូម៉ាក​ ឡែត​ ១គ្រឿង​ ពណ៌​ស លាយក្រហម​ ពាក់ស្លាកលេខភ្នំពេញ 1GX-8385។

បច្ចុប្បន្ន​ជនសង្ស័យ​​ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌ ៧មករា​ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿង ចាត់ការតាមនីតិវីធី​ ៕ ជ្រោយពេជ្រ

 


ចែករំលែក៖