ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល​ ៣ថ្ងៃអគ្គិភ័យកើតឡើងជាង១០ករណី នៅភ្នំពេញ និងតាមបណ្ដាខេត្ត តែមិនឆាបឆេះដល់ផ្ទះប្រជាពលរដ្ឋទេ

ចែករំលែក៖

ភ្នំពេញ៖​ ដោយសារឆ្នាំនេះ អាកាសធាតុ ក្តៅ ស្ងួត ងាយប្រឈមនឹងកើតមានគ្រោះអគ្គិភ័យ ឆាបឆេះ ជាហេតុងាយបង្ក ជាអណ្ដាត់ភ្លើងឆាបឆេះ ព្រៃ ស្មៅ និង សំរាម។ គេសង្កេតឃើញថារយៈពេល​ ៣ថ្ងៃ នៅថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ អគ្គិភ័យបានឆាបឆេះចំនួន​ ៩ករណី ផ្សេងគ្នានៅភូមិសាស្ត្រ រាជធានីភ្នំពេញ តែមិនបណ្ដាលអោយប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ និងបង្កឲ្យមានមនុស្សរងរបួសឡើយ ដោយបង្កឡើងនៅដីឡូត៍ និងដីវាល មានស្មៅស្ងួត ចោលសំរាម គ្មានផ្ទះប្រជាពលរដ្ឋនៅក្បែរ។

ជាក់ស្តែងនៅម៉ោងជិត២រសៀ​ល​ ថ្ងៃទី១៨​ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅក្បែរបុរី​ លឹម​ ឈាងហាក់ សង្កាត់ក្រាំងឃ្នុង ខណ្ឌសែនសុខ អគ្គិភ័យបានឆាបឆេះព្រៃបង្កការភ្ញាក់ផ្អើល រថយន្តពន្លត់អគ្គិភ័យបានចេញបាញ់ទប់ស្កាត់មិនអោយរាលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ។​ មិនទាន់បាន​ ១ម៉ោងផងនោះ​ មានអគ្គិភ័យមួយករណីទៀត កើតឡើងនៅដីឡូត៍ នៅវេលាម៉ោង​ ៣រសៀល​ នៅចំណុច ផ្លូវ៦០ម៉ែត្រ សង្កាត់អង្រែលើ ខណ្ឌមានជ័យ បានឆាបឆេះគុម្ពត្រែង ភ្លាមនោះត្រូវបានសមត្ថកិច្ចបាញ់ពន្លត់រលត់តែម្ដង។

បើតាមសម្តីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ប្រធានការិយាល័យ បង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា រយៈពេល​ ៣ថ្ងៃ​ នៅថ្ងៃទី១៦​ ដល់ថ្ងៃទី១៨​ ខែកុម្ភៈនេះ ករណីអគ្គិភ័យឆាបឆេះ ព្រៃ ឆេះវាលស្មៅមានចំនួន​ ៩ករណីនៅរាជធានីភ្នំពេញ ដែលភាគច្រើនបង្កឡើងដោយកត្តាមនុស្ស រួមមានអ្នកជក់បារីបោះកន្ទុយបារីចោលនៅគំនរសំរាម បង្កជាអណ្ដាតភ្លើងតែម្ដង ហើយ មាន៣ករណីទៀត នៅខេត្តកំពង់ធំ ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ ផងដែរ តែអ្វីដែលពិសេសមិនបានបង្កអោយខូចខាតដល់ផ្ទះប្រជាពលរដ្ឋឡើយ។

លោក ព្រហ្ម យ៉ន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានផ្ទះនៅជិតដីឡូត៍មានស្មៅស្ងួត ឬកន្លែងចោលសំរាម សូមយកចិត្តទុកដាក់ពីបញ្ហាទាំងនេះ កុំអោយកូនលេងភ្លើង ឬអ្នកទទួលទានបារីកុំបោះកន្ទុយបារីចោលផ្ដេសផ្ដាស ហើយបន្ថែមទៀតនោះមានករណីអគ្គិភ័យឆាបឆេះ សូមបងប្អូនជួយគ្នា ទប់ស្កាត់និងពន្លត់ភ្លាមៗដើម្បីកុំអោយរាល់ដាលដល់ផ្ទះប្រជាពលរដ្ឋទាន់ ហើយសូមបងប្អូនប្រជាពលរដ្ឋរក្សាលេខទូស័ព្ទសមត្ថកិច្ច និងលេខ៦៦៦ ទុកសម្រាប់ហៅកម្លាំងជួយអន្តរាគមន៍បានទាន់ពេលវេលា ៕ ជ្រោយពេជ្រ


ចែករំលែក៖