ខេត្តកំពង់ធំ៖ សកម្មភាពការពារល្បាតរបស់មន្រ្តីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃព្រៃឡង់ គឺត្រូវបានធ្វើសកម្មភាព យ៉ាងសកម្ម ក្នុងតួនាទីការពារអភិរក្សធនធានធម្មជាតិ រួមទាំងបានទប់ស្កាត់បង្រ្កាបការលបលួច អារឈើ និងរុករានទន្ទ្រានព្រៃឈើយកធ្វើជាកម្មសិទ្ធិ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្រោមការបញ្ជាផ្ទាល់របស់លោក តុប ក្កដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ ។
ជាក់ស្តែង ទីតាំងលបលួចដំឡើងម៉ាស៊ីន អារច្រៀកឈើ មួយកន្លែងនៅតំបន់ស្ទឹងតូច ចំណុច UTM 553518-1432832 ស្ថិតនៅជាប់សហគមន៍ ហុងចំតិត ដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ មានចំងាយជាងមួយគីឡូម៉ែត្រពីច្រករបៀង ស្ថិតក្នុងឃុំមានរិទ្ធ ស្រុកសសណ្តាន់ ខេត្តកំពង់ធំ ត្រូវបានដឹកនាំបង្រ្កាបដោយ លោក តុប កក្តដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ។
សកម្មភាពបង្រ្កាប និងទប់ស្កាត់ការអារច្រៀកឈើ ដោយខុសច្បាប់ ត្រូវបានមន្ត្រីប្រចាំការ ច្រករបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែន បានចុះល្បាតបង្ក្រាប និងរឹបអូសបាន ម៉ាស៊ីនច្រៀកឈើ និងថាស ០១គ្រឿង និងឈើហ៊ុបម៉ៃតាប់ប្រភេទឈើទាលនិងឈើផ្តៀក ប្រវែង ៤ម៉្រែត សរុបចំនួន ៩០ ហ៊ុប ចំណែកជនល្មើសបានរត់គេចខ្លួនមុនកម្លាំងចូលទៅដល់ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅ ថ្ងៃទី១៨ខែ កុម្ភៈ ឆ្នាំ ២០១៩ ។
សូមបញ្ជាក់ថា ទីតំាងលបលួចដំឡើង ម៉ាស៊ីនអារច្រៀកឈើ ដោយខុសច្បាប់នេះ នៅភូមិរ៉ងខ្នាយ ខាងក្រោយវត្តរ៉ងខ្នាយប្រហែល ១គីឡូម៉ែត្រ ស្ថិតក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលព្រៃឈើ ។ ទីតំាងនេះកើតមានប្រហែលជាង១ខែមក បច្ចុប្បន្នវត្ថុតាងបាននិងកំពុងរុះរើ និង ដឹកយកមករក្សាទុកនៅមន្ទីរបរិស្ថានខេត្តកំពង់ធំ រៀបចំចងក្រងសំណុំរឿងតាមនីតិវិធី ស្រាវជ្រាវរកមុខសញ្ញាជនល្មើស កសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងវខេត្ត ចាត់ការតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី