ភ្នំពេញ៖ ពិតជាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន ខណៈដែលគេបានឃើញក្មួយស្រីបង្កើតរបស់តារាចម្រៀង មាស សុខសោភា ចេញមុខក្នុងការថតសម្តែងក្នុងបទចម្រៀងដែលច្រៀងដោយមាស សុខសោភា ។
ក្មួយស្រីដែលមានវ័យទើប១០ឆ្នាំ របស់តារាចម្រៀងរូបនេះ ទទួលបានការកោតសរសើរខ្លាំង ក្រោយពីនាងបានចេញមុខរាំច្រៀងក្នុងការផលិតបទចម្រៀងសម្រាប់ឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
អ្នកសិល្បៈដែលជិតដិតនឹងតារាចម្រៀងរូបនេះបានបញ្ជាក់ថា កាលពីថ្មីៗនេះក្មួយស្រីបង្កើតរបស់កញ្ញា មាស សុខសោភា មានឈ្មោះ ថាមាស សុខវីរីយ៉ា បានធ្វើដំណើរជាមួយឪពុក (មាស សុខរតនៈ) ទៅចូលរួមថតដោយរាំបទចម្រៀងចង្វាក់ប្រជាប្រិយខ្មែរ នាតំបន់វត្តកៀនស្វាយក្នុង។
ប្រភពបន្តថា កុមារីដែលមានសម្រស់ស្រស់សោភានេះ ហាក់មាននិស្ស័យនឹងការងារសិល្បៈ ស្របពេលដែលឪពុកម្តាយ និងក្រុមគ្រួសារបើកផ្លូវឲ្យ។ ទោះជាយ៉ាងណា នាងត្រឹមតែសម្តែង និងរាំក្នុងបទចម្រៀងរបស់កញ្ញាមាស សុខសោភា ប៉ុណ្ណោះ ដែលសូម្បីតែការតុបតែងខ្លួនក៏ មាស សុខសោភាជាអ្នកតុបតែងដោយផ្ទាល់ដៃដែរ។
យ៉ាងណា កូនស្រីច្បងរបស់អតីតពិធីករលោក មាស សុខរតនៈ រូបនេះ នៅមិនទាន់បង្ហើរសំនៀងនៅឡើយ ខណៈដែលអ្នកជិតដិតនឹងគ្រួសារតារាចម្រៀងរូបនេះបញ្ជាក់ថា នាងក៏អាចច្រៀងបទចម្រៀងបានផងដែរ ហើយសូម្បីតែកូនស្រីពៅរបស់លោក មាស សុខរតនៈ ក៏មានទេពកោសល្យលើការច្រៀងមិនធម្មតាដែរ៕ វឌ្ឍនា