ភ្នំពេញ៖ ភាពជាដៃគូរជាមួយក្រុមហ៊ុនផ្សព្វផ្សាយឌីជីថល Hungama និង ក្រុមហ៊ុនហង្សមាសដែលជាក្រុមហ៊ុនផ្ដល់កម្មវិធីកម្សាន្តគ្មានដែនកំណត់ គឺដើម្បីផ្ដល់កម្មវិធីកម្សាន្តល្អៗបំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលចូលចិត្ដតន្រ្តី ។ ការប្រកាសអំពីការសហការនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅស្នាក់ការក្រុមហ៊ុន Smart Axiata ។
កម្មវិធីតន្រ្តីតាមទូរស័ព្ទ ‘Pleng’ ដែលត្រូវបានកែលម្អ និងផ្លាស់ប្តូរចេញពីកម្មវិធី Smart Music ដោយបញ្ចូលវិធីល្អៗបំផុត ដែលអ្នកអាចស្ដាប់បទចម្រៀងទាំងការប្រើ ឬមិនប្រើអិុនធឺណេត នៅទីកន្លែងណាក៏បាន និងនៅពេលណាក៏បាន ។
ក្នុងព្រឹត្តិការណ៍នេះក៏មានការប្រកាសភាពជាដៃគូរវាងក្រុមហ៊ុន Smart និងក្រុមហ៊ុនផ្សព្វផ្សាយឌីជីថល Hungama និងក្រុមហ៊ុន Smart ជាមួយក្រុមហ៊ុនហង្សមាសដើម្បីបង្កើនលទ្ធភាពផ្ដល់កម្មវិធីកម្សាន្តក្នុងស្រុកដល់កម្មវិធីតន្រ្តីតាមទូរស័ព្ទ Pleng ។ Pleng by Smart ដែលត្រូវបានទ្រទ្រង់ដោយក្រុមហ៊ុន Hungama ដែលជាក្រុមហ៊ុនកម្សាន្តឌីជីថលឈានមុខគេក្នុងប្រទេសឥណ្ឌាគឺជាបណ្ណាល័យឌីជីថលដែលមានបទចម្រៀងខ្មែរ និងអន្តរជាតិជាង១លានបទ ដែលនេះជាកម្មវិធីធំជាងគេ និងមានភាពចម្រុះជាងគេបំផុតក្នុងប្រទេសកម្ពុជា ។
កម្មវិធីផ្សាយវិទ្យុរបស់ Pleng ត្រូវបានរៀបចំដោយ DJ ល្បីៗបំផុត ដោយផ្តល់ជូននូវប្រភេទបទចំម្រៀងក្នុងស្រុក និងអន្តរជាតិជាច្រើនមានដូចជាចង្វាក់ Rock, hip-hop, electronic និង Rock ‘n’ Roll បែបខ្មែរ ។ ជាមួយនឹងកម្មវិធី Pleng អ្នកប្រើប្រាស់អាចរៀបចំបញ្ជីបទចម្រៀង និងរីករាយជាមួយមុខងារប្រើប្រាស់ដែលងាយស្រួលជាងមុន ហើយអ្នកប្រើប្រាស់ក៏អាចចូលមើលព័ត៌មានរបស់សិល្បករដែលគេពេញចិត្តផងដែរ ។
កម្មវិធី Pleng ដែលអាចទាញយកមកប្រើបានពី Google Play និង App Store ក៏អនុញ្ញាឲ្យប្រជាពលរដ្ឋកម្ពុជាដែលចូលចិត្តតន្រ្តីអាចទទួលបាននូវកម្មវិធីកម្សាន្តយ៉ាងងាយស្រួលដោយឥតគិតថ្លៃ ហើយពួកគេក៏អាចទាញយកបចម្រៀង ដោយគ្មានដែលកំណត់ ឫអាចស្ដាប់បទចម្រៀងលំដាប់ពិភពលោកតាមអនឡាញ ហើយក៏អាចស្តាប់ការផ្សាយផ្ទាល់កម្មវិធីវិទ្យុដោយចំណាយត្រឹមតែ 99 សេន ក្នុងមួយខែប៉ុណ្ណោះ ។ Pleng ត្រូវបានបង្កើតឡើង និងបានកែលម្អផ្នែកបច្ចេកទេស ចេញពីកម្មវិធី Smart Music ដែលធ្វើឲ្យការប្រើប្រាស់បានកាន់តែលឿន និងងាយស្រួលជាងមុន ។
ក្រៅពីនេះ កម្មវិធីនេះ ជួយពង្រឹងបន្ថែមនូវគោលបំណងរបស់ក្រុមហ៊ុន Smart ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃកម្មសិទ្ធិបញ្ញារបស់តន្ត្រីករ ហើយទន្ទឹមនឹងនេះក៏បង្កើតឱកាសសម្រាប់សិល្បករកម្ពុជាឲ្យទទួលបានការទទួលស្គាល់កាន់តែខ្លាំងថែមទៀត ក៏ដូចជាកម្រៃកាន់តែច្រើនពីស្នាដៃរបស់ខ្លួន ។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តក្រុមហ៊ុនSmart Axiata បានមានប្រសាសន៍ថា៖ “ចាប់តាំងពីឆ្នាំ ២០១៥ មកក្រុមហ៊ុន Smart បាននាំមុខគេ ដោយបានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់ក្នុងការដាក់ឲ្យដំណើរការកម្មវិធីតន្រ្តីអនឡាញនៅប្រទេសកម្ពុជា ដោយបានជួយផ្សព្វផ្សាយសិល្បករល្បីៗក្នុងស្រុក និងរៀបចំការប្រគំតន្ត្រី អន្តរជាតិជាច្រើន ។ ថ្ងៃនេះគឺជាភាពជោគជ័យដ៏អស្ចារ្យមួយផ្សេងទៀតសម្រាប់យើងក្នុងការលើកកម្ពស់កម្មវិធីកម្សាន្ត បែបឌីជីថល និងជួយគាំទ្រវិស័យតន្ត្រីដ៏សម្បូរបែបរបស់កម្ពុជា ដែលជាមោទនភាពរបស់ប្រជាពលរដ្ឋកម្ពុជា” ។
លោក ថូម៉ាស បានបន្ថែមទៀតថា៖ “ក្រៅពីភាពទាក់ទាញនៃការរចនា ភាពងាយស្រួល នៃកម្មវិធីនេះ ព្រមជាមួយនឹងភាពសម្បូរបែបនេះកម្មវិធីកម្សាន្តក្នុងស្រុក និងអន្តរជាតិជាច្រើន ពីផលិតកម្មធំៗ រួមមាន ផលិតកម្មហង្សមាស និង Universal Music គួបផ្សំនឹងបទពិសោធន៍របស់ក្រុមហ៊ុន Hungama ក្នុងការផ្តល់ជូននូវកម្មវិធីបែបបច្ចេកវិទ្យារឹងមាំ ដូច្នេះ Pleng អាចផ្លាស់ប្ដូរទម្លាប់របស់មនុស្សរាប់លាននាក់នៅទូទាំងប្រទេសកម្ពុជា ក្នុងការស្ដាប់បទចម្រៀង ហើយទន្ទឹមនឹងនេះ ក៏ធានាថាសិល្បករទទួលបានភាពល្បីល្បាញ និងកម្រៃហិរញ្ញវត្ថុដែលពួកគេសមនឹងទទួលបាន” ។
និយាយអំពីយុទ្ធសាស្រ្តនៃវត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា លោក Siddhartha Roy នាយកប្រតិបត្តិ ក្រុមហ៊ុនផ្សព្ធផ្សាយឌីជីថល Hungama បានមានប្រសាសន៍ថា៖ “យើងមានក្តីរំភើបរីករាយក្នុងការពង្រឹងវត្តមានរបស់យើងនៅក្នុងប្រទេសកម្ពុជា ដោយធ្វើការជាមួយប្រតិបត្តិករទូរស័ព្ទចល័តឈានមុខក្នុងប្រទេសកម្ពុជា ពោលគឺ ក្រុមហ៊ុនSmart Axiata ។ សម្រាប់ក្រុមហ៊ុន Hungama គោលដៅរបស់យើង គឺផ្ដោតលើការផ្ដល់សេវាប្រើប្រាស់ ដែលឲ្យអតិថិជនមានជម្រើសច្រើន និងមានភាពងាយស្រួល ។ យើងជឿជាក់ថា ភាពងាយស្រួលរបស់កម្មវិធី Pleng គួបផ្សំនឹងបណ្ណាល័យកម្មវិធីកម្សាន្តយ៉ាងទូលំទូលាយ មានទាំងភាសាខ្មែរ និងភាសាអង់គ្លេស និងមុខងារពិសេសៗ ដូចជាការលេងល្បែងកម្សាន្ត ជាដើម នឹងជួយបង្កើនភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការស្ដាប់បទចម្រៀង” ។
សម្រាប់ផលិតកម្មហង្សមាស កម្មវិធី Pleng by Smart នឹងពង្រីកវិសាលភាពនៃកម្មវិធីផលិតក្នុងស្រុក ហើយនេះជាភាពជាដៃគូដ៏គួរឲ្យរំភើបដែល លោក អ៊ឹង សុងលាភ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនហង្សមាសកំពុងទន្ទឹងរង់ចាំ៖ “កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Smart ក្នុងការនាំយកចម្រៀងរបស់សិល្បកររបស់យើងចូលទៅក្នុងកម្មវិធី Pleng គឺជាឱកាសដ៏រីករាយសម្រាប់យើង ។ កម្មវិធីដ៏សម្បូរបែបនេះ នឹងផ្ដល់លទ្ធភាពដល់សិល្បករកាន់តែច្រើនបានបង្ហាញពីទេពកោសល្យរបស់ខ្លួនដល់អ្នកគាំទ្ររាប់លាននាក់ ”។
ចំពោះសិល្បករក្នុងស្រុកដូចជាកញ្ញា Adda Angel ការដាក់ចេញនូវកម្មវិធីតន្រ្តីតាមទូរស័ព្ទ Pleng by Smart នឹងជួយបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងរបស់មនុស្សគ្រប់គ្នាក្នុងការលើកកម្ពស់វិស័យកម្មតន្ត្រីនៅប្រទេសកម្ពុជា៖ “ខ្ញុំមានកិត្តិយសណាស់ ដែលមានវត្តមានក្នុងកម្មវិធីដ៏គួរឲ្យទុកចិត្ត ដូចជាកម្មវិធី Pleng by Smart នេះ ហើយកម្មវិធីនេះនឹងជួយជាកម្លាំងចិត្តដល់សិល្បករខ្មែរវ័យក្មេងកាន់តែច្រើនឡើង ក្នុងការបង្កើតស្នាដៃពិសេសៗឲ្យបានច្រើនសម្រាប់វិស័យតន្ត្រីរបស់យើង ។ ប្រាកដណាស់ ឧស្សាហកម្មតន្ត្រីនៅកម្ពុជា នឹងឆ្ពោះទៅមុខតាមទិសដៅត្រឹមត្រូវ” ៕ វឌ្ឍនា