ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការសូត្រគម្ពី អាល់គូអានុការីមលើកទី២៨ និងការប្រឡងចាំមាត់លើកទី២ គម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិ ឆ្នាំ២០១៩ ដើម្បីត្រៀម ជ្រើសរើសបេក្ខភាពទៅ សូត្រគម្ពី ថ្នាក់អន្ដរជាតិ ។ ពិធីនេះ បានប្រព្រឹត្ដទៅ នៅវិហារឥស្លាមគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំចំេរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃអាទិត្យ ១៣ កើត ខែមាឃ ឆ្នាំចសំរឹទ្ធស័កព.ស ២៥៦២ ត្រូវនិងថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០១៩ ។
លោក សុះ កំរុី ប្រធានគណៈកម្មាធិការពិធីសូត្រគម្ពីអាល់គួអានុការីម បានបញ្ជាក់ថា៖ ពិធីសូត្រគម្ពីររបស់សាសនាឥស្លាមនេះ រៀបចំដោយគណ:ដឹកនាំជាន់ខ្ពស់ នៃសាសនិកឥស្លាមកម្ពុជា សហការជាមួយ ក្រសួងធម្មការ និង សាសនា បានប្រព្រឹត្តទៅដោយរលូន ក្រោមប្រធានបទ “ឥស្លាម និងវប្បធម៌” រយ:ពេលពីរថ្ងៃ គឺថ្ងៃទី១៦ -១៧ ខែ កុម្ភៈ ឆ្នាំ២០១៩។ ក្នុងចំណោម ករី-ករីអះ (បេក្ខជន-បេក្ខនារី) ចំនួន៣៨ នាក់ មកពីរាជធានី ខេត្ត ទូទាំងប្រទេស អញ្ជើញចូលរួមសូត្រ គណ: មេប្រយោគ ក៏បានរកឃើញ ករី-ករីអះ ជ័យលាភីផ្នែកបុរសចំនួន ៣នាក់ និង ជ័យលាភីផ្នែកនារី ចំនួន ៣ នាក់ គឺផ្នែកបុរស លេខ១ បានទៅលើករី ឈ្មោះ កៅ អីសា មកពីខេត្តស្ទឹងត្រែង លេខ២ ករីឈ្មោះ សុប យ៉ាន អាលី មកពីខេត្ដក្រចេះនិង លេខ៣ ឈ្មោះ លឹម គ្រីយ៉ា មកពីខេត្ត បាត់ដំបង ។
ចំណែកផ្នែកនារី លេខ១ ករីអះ ឈ្មោះ ម៉ាន ម៉ារីយ៉ះ មកពីខេត្ដ ត្បូងឃ្មុំ លេខ២ ករីអះ ឈ្មោះ សាន សាក់ទីយ៉ាស មកពីខេត្ដ កោះកុង និង លេខ៣ ករីអះឈ្មោះ .ឯល ទ័រនីយ៉ាល់ មកពីខេត្ត បាត់ដំបង ។ រីឯក្នុងចំណោមករី-ករីអះ ប្រឡងសូត្រចាំមាត់ចំនួន ៣នាក់ លេខ១ ករីឈ្មោះ ការីម សាន់ រ៉ូសាលី មកពីខេត្ត ក្រចេះ លេខ២ ករីឈ្មោះ ប៊ើ រីយ៉ាស់យើ មកពីខេត្តកំពត និង លេខ ៣ ករីឈ្មោះ រឹម ណាស៊ីរីន មកពីខេត្ត បន្ទាយមានជ័យ ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាល ដែលមាន ក្រសួងធម្មការ និង សាសនា ជាសេនាធិការ បានសហការ និងគាំទ្រចំពោះការជួបជុំគ្នារបស់បងប្អូនសាសនិកឥស្លាម ដើម្បីប្រារព្ធពិធីប្រពៃណីផ្សេងៗ របស់សាសនិកឥស្លាមកម្ពុជា ស្របតាមគោលនយោបាយសុខដុមនីកម្មជាតិ និងវប្បធម៌ពហុជនជាតិ ដែលមានសកម្មភាពយ៉ាងផុសផុល និងសស្រាក់សស្រាំ។
លោកស្រី ក៏បានបង្ហាញនូវការពេញចិត្តចំពោះប្រធានបទឆ្នាំនេះ “ឥស្លាម និងវប្បធម៌” ប្រធានបទទាំងអស់ពិតជាសមស្របបំផុតសម្រាប់បរិកាសបច្ចុប្បន្ន និងផ្សារ ភ្ជាប់នឹងគោលនយោបាយដែលត្រូវបានអនុវត្ត យ៉ាងសស្រាក់សស្រាំ និងកំពុងមានចលនាយ៉ាងផុសផុល នៅតាមមូលដ្ឋានគ្រប់ទិសទី នៃប្រទេសជាតិយើង។ ប្រធានបទទាំងនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងចូលរួមក្នុងចលនារក្សាគុណតម្លៃជាតិ ការពង្រឹង និងពង្រីកគុណធម៌ និងសីលធម៌ ក្នុងជួរសាសនិកឥស្លាម ការកសាងមោទនភាពជាតិ នៅ មូលដ្ឋាន សហគមន៍របស់បងប្អូន។
ពិតជាសមស្របបំផុតសម្រាប់បរិយាការណ៍បច្ចុប្បន្ន ដោយហេតុថាដែលពិតជាបង្ហាញពីគុណធម៌របស់គម្ពីរសាសនាឥស្លាម ដែលនឹងត្រូវស្តែងចេញជាសកម្មភាពជាក់ស្តែង និងរស់រវើក នៅក្នុងសហគមន៍ ឥស្លាម ក្នុងការឆ្លើយតបទៅនឹងបរិបទពិភពលោក ជា ពិសេសរដ្ឋាភិបាលកម្ពុជាចំពោះប្រជាជាតិ ដែលតែងតែយកចិត្តទុកដាក់លើបញ្ហាសីលធម៌ជាអាទិភាព។
ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី និងតាងនាមរាជ រដ្ឋាភិបាលកម្ពុជា លោកស្រី ម៉ែន សំអន ក៏បានចូលរួមអបអរសាទរ និងកោតសរសើរ ចំពោះជោគជ័យ និង លទ្ធផលល្អ ដែលសហគមន៍ឥស្លាមទទួលបាន ក្នុងការចូលរួមសូត្រគម្ពីររបស់ករី-ករីអះ តំណាងឲ្យកម្ពុជា លើឆាកអន្តរជាតិកន្លងមក ដែលបានបង្ហាញថា កម្ពុជា ពិតមែនតែជាប្រទេសតូច មានសាសនិកឥស្លាមតិចតួចបំផុត តែទទួលបានលទ្ធផលល្អ អាចប្រជែងជាមួយប្រទេសធំៗ និងមានសាសនិកឥស្លាមជាច្រើន ដែលបាចូលរួមសូត្រ។
លោកស្រី ក៏បានកោតសរសើរដល់បងប្អូនសាសនិកឥស្លាមទូទាំងប្រទេស ដែលបានខិតខំថែរក្សាប្រពៃណីដ៏ល្អរបស់ខ្លួន ពិសេសការសូត្រគម្ពីរអាល់គួអាន ដែល មានការលំបាកបំផុត នៅតាមសហគមន៍ និងគ្រួសារ ៕ សំរិត