ភ្នំពេញ៖ រថយន្ដក្រឡុកស៊ីម៉ង់ត៍ ក្រុមហ៊ុន SCG ដាច់ហ្វ្រាំងបុករះកិនម៉ូតូនិង កង់បី៧គ្រឿង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៦នាក់។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ៨ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខ វិទ្យាល័យបឹងត្របែក តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះរបួសធ្ងន់មានឈ្មោះ សុខ តែល អាយុប្រហែស៤០ឆ្នាំ មុខរបរ គ្រូបង្រៀន មុខវិជ្ជាភាសាខ្មែរ ចំណែកអ្នករងរបួស៥នាក់ទៀតមិនបានស្គាល់អត្ដសញ្ញាណនោះទេ។
ចំណែកតៃកុងរថយន្ដមានឈ្មោះ ព្រុំ ប៊ុនណាត អាយុ៤៨ ឆ្នាំមុខរបរបើកបររថយន្ដ មានទីលំនៅក្នុងក្រុមហ៊ុន CPAC ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ស្រុកកំណើត ភូមិអំពិលលើ ឃុំអំពិលលើ ស្រុកកំពុងសៀម ខេត្ដកំពង់ចាម។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្ដក្រឡុកស៊ីម៉ង់ត៍ របស់ ក្រុមហ៊ុន SCG មួយគ្រឿង ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ព្រះសីហនុ ៥A-០១៤៣ បើកបរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បូងជើង លុះដល់ចំណុចមុខសាលាវិទ្យាល័យបឹងត្របែក ស្របពេលដែលម៉ូតូជាច្រើន រួមនិង ម៉ូតូរងគ្រោះកំពុងឈប់ស្ដុបក៏ត្រូវរថយន្ដបុករះ និង កិនពីក្រោយពេញទំហឹងបណ្ដាលឲ្យម៉ូតូចំនួន៥គ្រឿង និង រ៉ឺម៉កកង់បី២គ្រឿងរងការខូចខាត និង រងរបួសគ្រូបង្រៀន នៅវិទ្យាល័យបឹងត្របែក រងរបួសធ្ងន់ និង រងរបួសស្រាល៥នាក់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានឃាត់ខ្លួនតៃកុងរថយន្ដយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន និង ទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ដបង្ក និងម៉ូតូទៅរក្សាទុកដើម្បីដោះស្រាយគ្នាពេលក្រោយ ។
ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា វាពិតជារឿងដដែលៗ ទៅហើយដែលរថយន្តក្រឡុក សុីម៉ង់ត៍ SCG តែងតែបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ប៉ុន្តែមិនដែលឃើញគណៈបញ្ជាការឯកភាពខណ្ឌចំការមន ឃាត់រថយន្តទាំងនេះទេ ដែលតែងតែចូលក្រុងខុសម៉ោងកំណត់ ហើយពួកគាត់ អស់សង្ឃឹមលើអភិបាលខណ្ឌចំការមន មានតែស្នើសុំឯកឧត្តម អភិបាលរាជធានីភ្នំពេញ ជួយមើលបញ្ហារថយន្តចូលក្រុង បង្កគ្រោះថ្នាក់ដល់អ្នកដទៃនេះផង ៕ ជ្រោយពេជ្រ