ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌដូនពេញ សហការជាមួយនគរបាលការិយាល័យសណ្ដាប់ធ្នាប់រាជធានីភ្នំពេញ បន្តចុះធ្វើការរៀបចំសណ្ដាប់ធ្នាប់តាមបណ្តោយមហាវិថីព្រះនរោត្តម

ចែករំលែក៖

ភ្នំពេញ៖ដោយអនុវត្តតាមគោលការណ៍ណែនាំពី លោក ឃួង ស្រេង អភិបាល នៃ គណៈអភិបាលសាលារាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈខណ្ឌដូនពេញ បានបញ្ជាឲ្យលោក យស យុទ្ធី អភិបាលរងខណ្ឌនិងលោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ សហការចុះដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ជាមួយការិយាល័យសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្តចុះធ្វើការរៀបចំសណ្ដាប់ធ្នាប់តាមបណ្តោយមហាវិថីព្រះនរោត្តម។

ជាមួយគ្នានោះដែរអាជ្ញាធរបានធ្វើការហាមឃាត់យានយន្ដគ្រប់ប្រភេទមិនអោយមានការឈប់ចតនៅលើចិញ្ចើមផ្លូវថ្មើជើង និងការ៉ូឡាទាំងសងខាងផ្លូវនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងជាផ្លូវសម្រាប់ជនពិការផងដែរ ។

ឈរលើស្មារតីនេះ រដ្ឋបាលខណ្ឌដូនពេញ សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ និងឯកជន ឬសាធារណៈជនទូទៅដែលបានប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈខាងលើនេះ ក្នុងការឈប់ចតយានយន្តគ្រប់ប្រភេទ ជ្រាបជាព័ត៌មាន ។

រដ្ឋបាលខណ្ឌ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ គ្រឹះស្ថាន ស្ថាប័នពាក់ព័ន្ធ អាជីវករលក់រថយន្ត ក្រុមហ៊ុនឯកជន ចូលរួមអនុវត្តតាមការណែនាំជាពិសេស ដើម្បីចូលរួមចំណែកធ្វើឲ្យដងផ្លូវសាធារណៈមានសោភ័ណភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អប្រសើរថែមទៀត ។

ដើម្បីសោភ័ណ្ឌភាព និងសុវត្ថិភាព សម្រាប់ ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ ឱ្យជៀសផុតពីការកកស្ទះចរាចរណ៍ រដ្ឋបាលខណ្ឌដូនពេញ សម្រេចដាក់ចេញជា គោលការណ៍ដូចខាងក្រោមទី១.មិនអនុញ្ញាតឱ្យមានការចតរថយន្ត ម៉ូតូ គ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវសាធារណៈ និងផ្លូវសម្រាប់អ្នកថ្មើជើង (ដែលចំណែកគំនូសពណ៌លឿងមកដល់ជញ្ជាំងផ្ទះប្រជាពលរដ្ឋ ឬរបងស្ថាប័នរដ្ឋ ឯកជន គឺទុកសម្រាប់ ជនពិការ ក៏ដូចជារទេះជនពិការធ្វើដំណើរឆ្លងកាត់ និងមួយផ្នែកទៀតពីគំនូសពណ៌លឿងមកដល់ចិញ្ចើមផ្លូវ ត្រូវរក្សាទុក សម្រាប់ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់)។ ២.នៅខាងមុខទីតាំងអាជីវកម្មរបស់ខ្លួន ត្រូវមានចំណតផ្ទាល់ខ្លួន ដែលមិនត្រូវធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈឡើយ ។ ៣.នៅមុខទីតាំងអាជីវកម្មរបស់ខ្លួន រួមទាំងស្ថាប័នរដ្ឋ ឯកជន ត្រូវសំអាតអនាម័យ ឱ្យបានស្អាតជានិច្ច ដើម្បី រួមចំណែកការពារបរិស្ថាន សម្រាប់រាជធានីភ្នំពេញរបស់យើង។ ៤.ម្ចាស់ទីតាំងស្ថាប័នរដ្ឋ ឯកជន អាចសុំចតរថយន្ត ម៉ូតូ របស់ខ្លួន តាមគំនូសទីតាំង ដែលមន្ទីរសាធារណការ រាជធានីភ្នំពេញបានកំណត់ ។ ៥.ក្នុងករណី លោក-លោកស្រី នៅតែមិនអនុវត្តតាមសេចក្តីជូនដំឃាំង ក៏ដូចជាការណែនាំរបស់រដ្ឋបាលខណ្ឌ ដូនពេញទេ នោះរដ្ឋបាលខណ្ឌនឹងចាត់វិធានការ រដ្ឋបាលដោយ ស្ទួចយករថយន្ត ម៉ូតូ មករក្សាទុក នៅ រដ្ឋបាលខណ្ឌរយៈពេល ១៥ថ្ងៃ ទើបដោះស្រាយជូន ។ ទទួលបានសេចក្តីជូនដំណឹងនេះ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោក-លោកស្រី និងសហការជាមួយរដ្ឋបាល ខណ្ឌដូនពេញ ក្នុងការអនុវត្តន៍ឱ្យមានប្រសិទ្ធភាព ដើម្បីប្រជាពលរដ្ឋ និងសម្រាប់យើងទាំងអស់គ្នា ៕ស តារា


ចែករំលែក៖