ខេត្តកំពង់ស្ពឺ៖ ក្មេងប្រុសម្នាក់បានស្លាប់និងមនុស្ស៣នាក់ទៀត រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ អេសអិល នឹងអឹម អេសអុិច បុកគ្នាតាមបណ្តោយផ្លូវលេខ៥១ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើកំណត់ហេតុវាស់វែង និងបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ចំណែកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង២០និង៥០នាទី ថ្ងៃអង្គារ ១៥ កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចលើផ្លូវជាតិ51 (17-18) ភូមិតាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ ១គ្រឿង ម៉ាក SL ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-4477 អ្នកបើកបរ ភេទប្រុស មិនស្គាល់ឈ្មោះ ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះទៅដល់ចំណុចខាងលើ បានទៅបុកជាមួយម៉ូតូ១គ្រឿង ម៉ាក MSX ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ យ៉ុង ចាន់ធីម ភេទស្រីអាយុ ១៩ឆ្នាំ រស់នៅភូមិដើមចាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងអ្នករួមដំណើរ២នាក់៖ ឈ្មោះ នោ រា ភេទស្រី អាយុ 17ឆ្នាំ រស់នៅភូមិតាឡាក់ ឃុំក្សេមក្សាន្ត ឈ្មោះ រដ្ឋ តាណា ភេទប្រុស អាយុ៣ឆ្នាំ រស់នៅភូមិល្វា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសទិសគ្នា បណ្តាលឲគ្រោះថ្នាក់ស្លាប់ក្មេងប្រុស១នាក់ នៅពេលកំពុងដឹកទៅមន្ទីរពេទ្យ (ខាងម៉ូតូ MSX) របួសធ្ងន់មនុស្ស៣នាក់ ស្រី២នាក់ ប្រុស១ចំណែកម៉ូតូខូចខាតធ្ងន់ម៉ូតូ២គ្រឿង ។
បន្ទាប់ពីធ្វើកំណត់ហេតុរួចរាល់ សមត្ថកិច្ចបាននាំយកវត្ថុតាង ម៉ូតូ ២គ្រឿងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុងរង់ចាំដោះស្រាយដោយសន្តិវិធី ៕ សេនាស័ក្តិ