ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដដឹកអេតចាយ បុកម៉ូតូប្ដីប្រពន្ធ២នាក់ពីក្រោយ ស្លាប់ម្នាក់ និងរបួសស្រាលម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ស្លាប់អណោចអធ័មនៅកន្លែងកើតហេតុ និងស្រ្ដីម្នាក់ជាប្រពន្ធរងរបួសស្រាល ខណៈបើកបរម៉ូតូឌុបគ្នា ត្រូវរថយន្ដដឹកអេតចាយមួយគ្រឿងបើកបុកម៉ូតូជនរងគ្រោះពីក្រោយ នៅលើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូមែត្រលេខ២៣-២៤ ស្ថិតក្នុងភូមិបុណ្ណាឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល នៅវេលាម៉ោង៥និង២០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ឃឹម ពន្លក ភេទប្រុស អាយុ៤៩ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាវេវ ធុនសេ១១០ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 1C-9403 រួមដំណើរជាមួយឈ្មោះ ឈិន រ៉ែម ភេទស្រី អាយ៤០ឆ្នាំ របួសស្រាល ។ អ្នកទាំងពីរត្រូវជាប្ដីប្រពន្ធនឹងគ្នា មានទីលំនៅភូមិត្រពាំងទឹម ឃុំត្រពាំងសាបស្រុកបាទី ខេត្តតាកែវ ។ ចំណែករថយន្ដម៉ាកហ៊ីយ៉ាន់ដាយ កូរ៉េ ពណ៌ខៀវ+ស ពាក់ស្លាកលេខ ច 9418 ភព 2 ប្រភេទដឹកទំនិញ(ដឹកអេតចាយ) បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ ទុករថយន្ដចោល រួចរត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះពីរនាក់ប្ដីប្រពន្ធបើកបរម៉ូតូឌុបគ្នា ដោយមានដឹកមាន់សម្រាប់យកទៅលក់នៅរាជធានីភ្នំពេញផងដែរក្នុងទិសដៅពីត្បូងទៅជើង(ពីតាកែវទៅភ្នំពេញ) ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ដដឹកអេតចាយមួយគ្រឿងខាងលើ ដែលធ្វើដំណើរស្របទិសគ្នា បានបុកម៉ូតូជនរងគ្រោះពីក្រោយ បណ្ដាលឲ្យជនរងគ្រោះជាប្ដីបើកបរម៉ូតូដួលបោកទៅនឹងផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯស្រ្ដីជាប្រពន្ធទទួលរងរបួសស្រាល ។ ដោយឡែកអ្នកបើកបររថយន្ដបានទុករថយន្ដរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹង បានចុះមកធ្វើការអន្ដរាគមន៍ ពិនិត្យ វាស់វែងកន្លែងកើតហេតុ រួចកសាងឯកសារដកហូតយកមធ្យោយបាយពាក់ព័ន្ធទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកជនរងគ្រោះស្លាប់ត្រូវបាននគរបាលជំនាញប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖