ខេត្តពោធិ៍សាត់៖ ម្ង៉ៃណោះ សមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់ចាប់ជនសង្ស័យ និងករណីប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់២១នាក់ នៅតំបន់បឹងទន្លេសាប ហើយក៏ដោះលែងវិញ ជាថ្នូរនឹងផលប្រយោជន៍អាថ៌កំបាំងណាមួយនោះ? ថ្មីៗនេះ បុរសម្នាក់ទៀត ត្រូវបានចាប់ខ្លួនក្នុងបទល្មើសមិនជាក់ស្តែង ហើយត្រូវបានបញ្ជូនឲ្យសាលាដំបូងខេត្តឃុំខ្លួនតាមនីតិវិធិកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ។
បុរសជាប់សង្ស័យឈ្មោះ ធឿន ប៊ុនយ៉ាន អាយុជិត៤០ឆ្នាំ រស់នៅភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចមួយក្រុមចាប់ខ្លួនកាលពីថ្ងៃទី២០ ខែកុម្ភៈ ដោយជាប់ចោទពីបទធ្វើនេសាទប្រើឧបករណ៍គ្មានក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ការចាប់ខ្លួននេះ ហាក់ដូចជាត្រូវបានបំភ័យជាចំហរចំពោះអ្នកនេសាទល្មើសច្បាប់ដទៃទៀតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ។ ប៉ុន្តែអ្នកនេសាទនៅតំបន់បឹងទន្លេសាបថា ប្រសិនបើបទល្មើសដូចដែលបុរសធឿន ប៊ុនយ៉ានបានប្រព្រឹត្ត ហើយត្រូវបានដាក់គុកច្រវាក់នោះ គឺមានមនុស្សជាច្រើនរយនាក់ត្រូវជាប់គុកក្នុងបទល្មើសដូចគ្នានេះ ។
ស្ត្រីជាភរិយាបុរសធឿន ប៊ុនយ៉ាន អះអាងថា សមត្ថកិច្ចរកមិនឃើញទាល់តែសោះក្នុងបទល្មើសនៃការចោទប្រកាន់នេះ ។ ស្ត្រីជាភរិយាបន្តថា គេរកឃើញ បរ ដែលគ្មានក្បាលប្រវែង១៥០ម៉ែត្រ ហើយក្រឡាតែ៤ហ៊ុនប៉ុណ្ណោះ ។ បរទាំងនេះ មិនមែនជារបស់ប្តីខ្ញុំទេ ។ ប៉ុន្តែប្តីខ្ញុំបានចុះហត្ថលេខានៅលើក្រដាស់ ពេលដែលសមត្ថកិច្ចឃាត់ខ្លួនដំបូង ។ ស្ត្រីជាប្រពន្ធបន្តថា «យើងខ្ញុំមិនដឹងថា តើបានធ្វើអ្វីឲ្យមានកំហុសពិតប្រាកដប្រឆាំងនឹងច្បាប់ជលផល ឬក៏បំពានប្រកាសរបស់ក្រសួងកសិកម្មនោះឡើយ» ។
មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ អះអាងថា ប្រសិនបើបទល្មើសដូចដែលបុរសធឿន ប៊ុនយ៉ានប្រព្រឹត្តហើយពិតជាត្រូវបានចាប់ដាក់គុកច្រវាក់មែននោះ គឺមានមនុស្សមិនតិចទេ ដែលត្រូវជាប់គុក ។ តាមមន្ត្រីជលផលរូបនេះ វាមិនមែនជាបទល្មើសធ្ងន់ធ្ងរនោះទេ ។ មន្ត្រីរូបនេះ សង្ស័យថា ការចាប់ខ្លួនបុរសឈ្មោះ ធឿន ប៊ុនយ៉ាន មានរឿងផ្សេងទៅវិញទេ ។
លោកមាស ប៊ុនធឿន មន្ត្រីនគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ប្រចាំការនៅតំបន់បឹងទន្លេសាបបដិសេធអត្ថាធិប្បាយជុំវិញករណីចាប់ខ្លួនបុរសខាងលើនេះ ដោយថា នេះជាការងាររបស់ជលផល ។
លោក ភេម សុខុន នាយសង្កាត់រដ្ឋបាលជលផលកណ្តៀង ប្រាប់អ្នកកាសែតនគរវត្តថា ជាប់រវល់ប្រជុំ បើទោះបីជាថ្ងៃនេះជាថ្ងៃសៅរ៍ក៏ដោយ ។ រីឯលោក ភូមិ វិមល នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មខេត្តពោធិ៍សាត់មិនលើកទូរស័ព្ទ ។ លោកឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ជំរុញឲ្យអ្នកកាសែតសួរនាំទៅលោកនាយខណ្ឌ (ភូមិ វិមល) ជុំវិញរឿងនេះ ពីព្រោះគាត់នៅឆ្ងាយ ។
និយាយរួមទៅ ក្រុមមន្ត្រីជំនាញជលផលខេត្តពោធិ៍សាត់មិនធ្វើអត្ថាធិប្បាយជុំវិញការចាប់ខ្លួនបុរសឈ្មោះ ធឿន ប៊ុនយ៉ាន នេះទេ ព្រោះដឹងថា វាគ្មានបទល្មើសធ្ងន់ធ្ងរដែលត្រូវចោទប្រកាន់នោះឡើយ ។ ម្នាក់ៗ ព្យាយាមគេចពីសំណួររបស់អ្នកកាសែតនគរវត្ត ព្រោះតែដឹងថា ការចាប់ខ្លួននោះ វាអយុត្តិធម៌បន្តិចហើយ ។
អ្នកភូមិលើទឹកនៃឃុំកញ្ជរ កាលពីថ្ងៃទី២១ ខែកុម្ភៈ ប្រមាណ៣០នាក់ បានជួបប្រជុំគ្នាមុខសាលាខេត្ត ដើម្បីរកអន្តរាគមន៍ចំពោះការចាប់ខ្លួនបុរសធឿន ប៊ុនយ៉ាន ។ អាជ្ញាធរខេត្តពោធិ៍សាត់ បានរុញអ្នកភូមិទាំងនោះឲ្យទៅជួបខាងជំនាញ ។ នៅគ្រាដែលអ្នកភូមិទៅដល់ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ បុរសធឿន ប៊ុនយ៉ាន ត្រូវបានគេបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ទៅហើយ ។ អ្នកភូមិច្រើននាក់អះអាងថា នឹងធ្វើដំណើរមកកាន់សាលាខេត្តពោធិ៍សាត់ជាថ្មីម្តងទៀត ជុំវិញការចាប់ខ្លួនបុរស ធឿន ប៊ុនយ៉ាននេះ ។
ក្រុមសហគមន៍នេសាទនៅតំបន់ស្រីចឹក ស្ថិតក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ អះអាងថា វាហាក់ដូចជាមានរឿងអ្វីផ្សេងក្រៅពីបទល្មើសនេសាទនៅក្នុងការចាប់ខ្លួនបុរសខាងលើនេះ ។ គេដឹងថា វាគ្មានបទល្មើសអ្វីដុំកំភួននោះទេ សម្រាប់អ្នកនេសាទនៅលើទឹក ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់នេះ ។ គេនិយាយដោយខ្លីថា ប្រសិនបើចាប់បុរសធឿន ប៊ុនយ៉ានក្នុងបទល្មើសនេសាទ នោះនៅខេត្តពោធិ៍សាត់គ្មានគុកដាក់មនុស្សទេ ពីព្រោះបទល្មើសធំៗច្រើនជាងធឿន ប៊ុនយ៉ាន កំពុងកើតមានព្រោងព្រាត ហេតុម្តេចមិនចាប់ញាត់គុកផង?
បទល្មើសនេសាទកំពុងកើតមានព្រោងព្រាតនៅតំបន់បឹងទន្លេសាបក្រោមការដឹកនាសំបញ្ជាពីបុរសម្នាក់ឈ្មោះ ហួន ធី ដែលមានទីលំនៅក្នុងតំបន់បឹងទន្លេសាប ក្នុងស្រុកក្រគរ ។ ហួន ធី ជាអ្នកដឹកនាំកម្លាំងនគរបាលបញ្ជាបង្ក្រាបបទល្មើសនេសាទផង និងជាអ្នកបង្កើតបទល្មើសនេសាទផង។ មិនតែប៉ុណ្ណោះគាត់អាចដឹកនាំកម្លាំងនគរបាល ពីស្រុកក្រគរ មកបង្ក្រាបបទល្មើសនៅស្រុកកណ្តៀងបានទៀតផង ។ ជាក់ស្តែងកាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ បុរសហួន ធី បានជិះទូកជាមួយមន្ត្រីនគរបាល៤នាក់ ឆ្វែលចុះឆ្វែលឡើងនៅតំបន់បឹងទន្លេសាបក្នុងស្រុកកណ្តៀង ដើម្បីរៀបចំយុទ្ធសាស្ត្របង្ក្រាបបទល្មើស និងកសាងបទល្មើស ។ កសាងបទល្មើស គឺលោកហួន ធី ជាអ្នកបើកផ្លូវឲ្យមានអួន ហ៊ុមធំៗច្រើនវង់ ធ្វើសកម្មភាពនៅតំបន់បឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់ ៕ ហេង សូរិយា