ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌាពង្រីកសេដ្ឋកិច្ច បង្កើនទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់

ចែករំលែក៖

ឥណ្ឌាជាប្រទេសដែលមានពលរដ្ឋ ច្រើនលំដាប់ទីពីរនៅលើពិភពលោក បន្ទាបពីចិន ប៉ុន្តែសេដ្ឋកិច្ច​ឥណ្ឌា មិនរីកចំរើន​ដូច​ប្រទេសចិន និងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី ។ ពលរដ្ឋនៅតំបន់ជនបទ ភាគច្រើនជាអ្នកក្រីក្រ ។

ដើម្បីពង្រីកសេដ្ឋកិច្ចកាន់តែប្រសើរ ឥណ្ឌាបានពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ ក្នុងតំបន់ ក្នុងនោះមាន កូរ៉េខាងត្បូង ជាដើម ។ នៅពេលនេះនាយករដ្ឋមន្ត្រីឥណ្ឌាបានបំពេញទស្សនកិច្ច ទៅកាន់កូរ៉េខាងត្បូង ដើម្បីបង្កើតសហប្រតិបត្តិការ សេដ្ឋកិច្ច និងការពារជាតិ​។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី បានមានប្រសាសន៍នៅទីក្រុងសេអ៊ូល នាពេលថ្មីៗនេះថា ប្រទេសទាំងពីរគួរតែមាន កិច្ចសហការគ្នា នៅក្នុងវិស័យឧស្សាហកម្ម ការពារជាតិ ហើយនៅថ្ងៃតែមួយនេះដែរ លោកក៏បានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ផងដែរ។

លោក ម៉ូឌី ដែលទទួលបានការស្វាគមន៍ នៅក្នុងពិធីរំឭកដល់សកម្មជន ឯករាជ្យជាតិឥណ្ឌា លោក មហាត្មះ គន្ធី បានថ្លែងថា សហប្រតិបត្តិការការពារជាតិ រវាងភាគីទំាងពីរ កំពុងតែលេចធ្លោរ ប្រាកដឡើង ជាលក្ខណៈដ៏ចម្បងមួយ របស់ដៃគូយុទ្ធសាស្ត្រពិសេស។

យោងតាមប្រភពព័ត៌មានពីកាសែត UPI ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីឥណ្ឌារូបនេះ មាននិយាយយ៉ាងដូច្នេះថា មានសក្តានុពលសម្រាប់សហប្រតិបត្តិការ បន្ថែមទៀត នៅក្នុងវិស័យការពារជាតិ។

ដោយឡែកនៅក្នុងប្រទេសឥណ្ឌាវិញ​ ឥណ្ឌាបានជួសជុល កែលម្អ ឲ្យបានប្រសើរឡើងវិញ ស្របតាមបទដ្ឋានអន្តរជាតិ នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធព្រលានចំនួន៨កន្លែងទូទាំងប្រទេស ។ សកម្មភាពខាងលើ គឺជាការរួមចំណែក​ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ។

ប្រភពបញ្ជាក់ថា អាកាសយានដ្ឋានទាំងនោះ មានស្ថិតនៅ Trivandrum, អាកាសយានដ្ឋាន Calucut (ភាគខាងត្បូងរដ្ឋ Kerala), អាកាសយានដ្ឋាន Mangaluru (ភាគខាងត្បូងរដ្ឋ Karnataka), អាកាសយានដ្ឋាន Madurai (ភាគខាងត្បូង Tamil Nadu), អាកាសយានដ្ឋាន Rupsi (ភាគខាងជើងឆៀងខាងកើត Assam), អាកាសយានដ្ឋាន Jaipur (ភាគខាងលិច រដ្ឋ Rajasthan), អាកាសយានដ្ឋាន Amritsar (ភាគខាងជើងរដ្ឋ Punjab) និងអាកាសយានដ្ឋាន Imphal (ភាគខាងជើង រដ្ឋ Manipur)។

អាកាសយានដ្ឋានទាំងនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអាកាសយានដ្ឋានឥណ្ឌា(AAI) ដែលកំពុងមានគម្រោងចំណាយទឹកប្រាក់ប្រមាណ ៨៨លានដុល្លារ ដើម្បីកែសម្រួលហេដ្ឋារចនាសម្ព័នអាកាសយានដ្ឋានទាំងនេះ ៕


ចែករំលែក៖