ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តបុកដើមឈើ រងរបួសធ្ងន់ខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈបើករថយន្តក្នុងល្បឿនលឿន ចំណុចផ្លូវកោងបួង ចង្កូតមិនទាន់ ជ្រុលបុកដើមឈើកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩​ នៅចំណុចមុខវិទ្យាល័យជាស៊ីម​ សាមគ្គី​ តាមបណ្តោយផ្លូវលេខ២៧១​ សង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ ។

តាមសន្តិសុខយាមនៅក្បែរនោះ បានឲ្យដឹងថា​ មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក កាមរីបាឡែន​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 2AQ 7112 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១​ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវកោង ក៏មិនបានបន្ថយល្បឿនទើប បួងមិនទាន់ ក៏ជ្រុលទៅបុកនឹងដើមក្ងោកមួយដើម ធ្វើឲ្យរថយន្តរេចង្កូតមកក្រោយវិញ បានប្រហែល៣០ម៉ែត្រ ទើបឈប់ ចំណែកអ្នកបើករថយន្តរងរបួសគៀបជាប់ក្នុងរថយន្ត។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋគាស់ចេញហៅរថយន្តសង្គ្រោះ ដឹកទៅមន្ទីរពេទ្យ ចំណែករថយន្តត្រូវបានសមត្ថកិច្ចប្រគល់ឲ្យបងប្អូនយកទៅជួសជុលខ្លួនឯង ដោយសារមិនប៉ះពាល់ដល់សម្បត្តិរដ្ឋ ៕ សុខាសែនជ័យ


ចែករំលែក៖