របៀបវារៈស្តីអំពី អាវុធបរមាណូ ស្ថិតនៅក្នុងរបៀបវារៈ នៃអាហារពេលល្ងាចរវាងលោកដូណាល់ ត្រាំ នឹងលោក គីម ជុងអ៊ុន ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។
ប្រធានាធិបតីអាមេរិក បានអញ្ជើញដល់វៀតណាមហើយកាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ តាមជើងហោះហើរពិសេស Air Force One ខណៈដែលមេដឹកនាំកូរ៉េខាងជើង បានទៅដល់ទីនោះមុនគេ តាមរថភ្លើងចំណាយពេល២ថ្ងៃកន្លះពីទីក្រុងព្យុងយ៉ាងនោះ ។
នៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈនេះ កិច្ចពិភាក្សានឹងចាប់ផ្តើមហើយ ក្នុងអំឡុងពេលទទួលទានអាហារពេលល្ងាចរវាងថ្នាក់ដឹកនាំទាំងពីរ ។ ការពិភាក្សាបន្ថែមទៀត ឬឈានដល់ការចុះហត្ថលេខាព្រមព្រៀងនោះ នឹងធ្វើឡើងនៅថ្ងៃបន្ទាប់ទៀត គឺថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ។
មិនទាន់ព័ត៌មានពិស្តារយ៉ាងណានៅឡើយទេ ទាក់ទងកិច្ចប្រជុំកំពូលលើកទីពីររបស់អាមេរិក និងកូរ៉េខាងជើងនេះ ។ កាលពីជំនួបលើកទី១ ធ្វើឡើងនៅខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅប្រទេសសិង្ហបុរី ដោយកាលណោះ ភាគីទាំងពីរ ប្តេជ្ញាដោះស្រាយបញ្ហាដោយសន្តិវិធី រំសាយអាវុធនុយក្លេអ៊ែរ ហើយនិងការធានាសុវត្ថិភាពរបស់កូរ៉េខាងជើង ។
នៅពេលទៅដល់វៀតណាមភ្លាម លោកដូណាល់ ត្រាំ បានថ្លែងអរគុណ ចំពោះការទទួលបដិសណ្ឋារកិច្ច ហើយបានសម្តែងនូវក្តីស្រឡាញ់ទៅកាន់មនុស្សទាំងអស់នោះ ៕