ខេត្តបន្ទាយមានជ័យ៖ គ្រូពេទ្យបានជួយសង្រ្គោះជីវិតក្មេងប្រុសម្នាក់ ត្រូវពស់ ស្រកាចាស់ចឹក បណ្តាលឲ្យរងរបួស ខណៈក្មេងរងគ្រោះដើរទៅក្បែរពាងទឹក ដើម្បីលាងជើងមុនចូលដេក ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា៖ក្មេងប្រុសរងគ្រោះ ឈ្មោះ សូត ឈីលីភិញ អាយុ១១ ឆ្នាំ រស់នៅភូមិឃុំខាងលើ ត្រូវបានឳពុកម្តាយដឹកយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យ បង្អែក ស្រុកថ្មពួក ក្រោយក្មេងរងគ្រោះត្រូវពស់ស្រកាចាស់ចឹក ហើយពស់នោះបន្ទាប់មកត្រូវបានគេវាយងាប់នៅក្បែរកន្លែងកើតហេតុ ។
លោកអធិការបានបន្តថា៖ មុនពេលកើតហេតុក្មេងរងគ្រោះបានដើរចុះពីលើផ្ទះដើម្បីទៅលាងជើង នៅកន្លែងទឹកពាងក្បែរផ្ទះ ។ ខណៈនោះដោយយប់ងងឹតមើលមិនឃើញមិនដឹងថាមានពស់នៅក្បែរពាងទឹកនោះទេ ។ នៅពេលក្មេងរងគ្រោះដើរដល់ក្បែរពាងទឹក ក៏ត្រូវពស់ស្រកាចាស់ចឹក ចំ ក.ជើងខាងឆ្វេង ហើយត្រូវបានកឪពុកម្តាយ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកថ្មពួក បានទាន់ពេល ។
បច្ចុប្បន្នក្មេងរងគ្រោះ កំពុងសម្រាកព្យាបាលរបួស នៅមន្ទីរបង្អែក ស្រុកថ្មពួក ៕សំ វិច្ឆិកា