ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនបានជនសង្ស័យ០១នាក់ករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ធ្វើសកម្មភាពលួចម៉ូតូត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនបានជនសង្ស័យ០១នាក់កាលពីម៉ោងជាង៩យប់ ថ្ងៃទី២៥ កុម្ភៈ ២០១៩ នៅផ្ទះជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

លោកវរៈសេនីយ៍ឯកហួរម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួននោះឈ្មោះ សៅ ជីវ៉ា អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។ ចំនែកជនរងគ្រោះឈ្មោះ អ៊ឹម លឹមអេន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូ០២គ្រឿង មួយគ្រឿងម៉ាកនិច ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ1HE-9082ជារបស់ជនសង្ស័យ) និងម៉ូតូ០១គ្រឿង ម៉ាកឌូក ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CN-1717 ជារបស់ជនរងគ្រោះ ហើយត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ។

លោកបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនមកជុំគា្នជាមួយបងប្អូន និងមិត្តភ័ក្ត្រ័ រួចនាំគ្នាអង្គុយផឹកស្រាបៀរនៅចំណុចខាងលើ បានមួយស្ទុះ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពលួចយកម៉ូតូជនរងគ្រោះ ដោយឈ្មោះ សៅ ជីវ៉ា អង្គុយចាំលើម៉ូតូ ហើយជនសង្ស័យឈ្មោះឡា (គេចខ្លួន) ជាអ្នកធ្វើសកម្មភាពបណ្តើរម៉ូតូរបស់ជនរងគ្រោះចេញ បានចំងាយប្រហែល៨ម៉ែត្រ ភ្លាមនោះជនរងគ្រោះឃើញស្រែកថា ចោរៗ នាំគ្នាដេញចាប់បានជនសង្ស័យឈ្មោះ សៅ ជីវ៉ា យកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តទៅតាមនីតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖