ព័ត៌មានទាន់ហេតុការណ៍៖

ព្រិត្តិការណ៍ជុំវិញ​ដំណើរទៅកាន់ប្រទេសវៀតណាម របស់ប្រធានាធិបតី ដូណាល់ ត្រាំ និង គីម ជុនអ៊ុន ​សម្រាប់ជំនួបលើកទីពីរ

ចែករំលែក៖

បច្ចុប្បន្នមេដឹកនាំទាំងពីរបានទៅដល់ប្រទេសវៀតាណាមហើយ ប៉ុន្តែជំនួបពិភាក្សា នឹងត្រូវចាប់ផ្តើម​ឡើងនៅម៉ោង​១៨និង៣០នាទី​ ថ្ងៃទី ២៧ ខែកុម្ភៈ នេះ ។ ដូច្នេះពេញមួយថ្ងៃ​នេះ មិនមានសកម្មភាព អ្វី​ប្រែប្រួលនោះឡើយ គឺសន្តិសុខ បានយាមល្បាតយ៉ាងតឹងតែង ដើម្បីទុកពេលវេលាឲ្យមេដឹកនាំទាំងពីរ សម្រាកកាយបានល្អ ក្រោយធ្វើដំណើរផ្លូវវែងឆ្ងាយ ។

ខាងក្រោមនេះជាព្រិត្តិការណ៍ពាក់ព័ន្ធនឹងស្ថានភាព ជុំវិញដំណើរទៅកាន់វៀតណាម របស់មេដឹកនាំអាមេរិក-កូរ៉េខាងជើង ៖

លោក គីម ជុងអ៊ុន ធ្វើដំណើរតាមរថភ្លើង ៤ថ្ងៃ ទើបទៅដល់វៀតណាម

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើដំណើរទៅប្រទេសវៀតណាម នៅថ្ងៃអង្គារនេះ បន្ទាប់ពីការធ្វើដំណើររយៈពេល ៤ថ្ងៃ ទៅចូលរួមកិច្ចប្រជុំកំពូលលើកទី២ របស់លោក ជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក ត្រាំ និងលោក គីម គ្រោងនឹងធ្វើជំនួបកំពូល របស់ខ្លួននៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ហើយទីកន្លែង និងកាលវិភាគច្បាស់លាស់នៃកិច្ចប្រជុំ មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។

លោក គីម បានចាកចេញពីក្រុងព្យុងយ៉ាង ដោយរថភ្លើងពិសេស កាលពីរសៀលថ្ងៃសៅរ៍ សប្តាហ៍មុន ។ ទីភ្នាក់ងារព័ត៌មាន កណ្តាលកូរ៉េបានឲ្យដឹងថា ប្អូនស្រី និងជាជំនួយការជិតស្និទ្ធលោកស្រី Kim Yo Jong និងលោក Kim Yong Chol ដែលជាមន្ត្រីជាន់ខ្ពស់ គណបក្សកាន់អំណាចកូរ៉េខាងជើងបានអមដំណើរលោក គីម។

គួរបញ្ជាក់ថា រថភ្លើងមួយដែលហាក់ដូចជា កំពុងដឹកលោកគីម ជុងអ៊ុន ត្រូវបានគេប្រទះឃើញ ឆ្លងកាត់ទៅក្រុង ដាងឌុង តាមព្រំដែនប្រទេស ចិន ពីកូរ៉េខាងជើងកាលពីយប់ថ្ងៃសៅរ៍ ៕

លោក ដូណាល់ ត្រាំ ចំណាយអស់៣លានដុល្លារ គ្រាន់តែជិះយន្ដហោះ Air Force One មកកាន់ប្រទេសវៀតណាម

ជើងហោះហើរតាមយន្ដហោះ Air Force One មកកាន់ទីក្រុងហាណូយរបស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ អាចចំណាយអស់ប្រាក់ជាង៣លានដុល្លារ ដោយនេះមិនទាន់រាប់បញ្ចូលការចំណាយផ្សេងៗ នៃដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ របស់លោក ក្នុងប្រទេសវៀតណាមឡើយ ។

ការវាយតម្លៃខាងលើ ធ្វើឡើងដោយសហព័ន្ធជាតិអ្នកបង់ពន្ធអាមេរិក (NTU)។ NTU បានឱ្យដឹងទៀតថា ការហោះហើររយៈពេល មួយម៉ោង នៅលើ Air Force One ត្រូវចំណាយអស់ប្រាក់១៤០,០០០ដុល្លារ កាលពីឆ្នាំ២០១៧ ហើយតម្លៃនេះ បូករួមបញ្ចូលទាំង ថ្លៃប្រេង ជួសជុល និងការថែទាំជាដើម។ លើសពីនេះទៅទៀត ដោយផ្អែកលើការវាយតម្លៃនេះ NTU ក៏បានអះអាងដែរថា ជើងហោះហើរតាមយន្ដហោះ Air Force One មកកាន់ទីក្រុងហាណូយ កាលពីថ្ងៃអង្គារ របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ អាចចំណាយអស់ប្រាក់ជាង ៣លានដុល្លារ។

គួរបញ្ជាក់ថា យន្ដហោះ Air Force One របស់លោក ដូណាល់ ត្រាំ បានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Noi Bai International Airport នៃទីក្រុងហាណូយ នៅម៉ោង៩៖០០នាទី យប់ថ្ងៃអង្គារ ។ លោកនឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូល ជាលើកទី២ ជាមួយមេដឹកនាំលោក គីម ជុងអ៊ុន នៅថ្ងៃពុធនេះ និងថ្ងៃព្រហស្បតិ៍នេះ ៕

ជំនួបពិភាក្សា រវាងលោកត្រាំ នឹងគីម ជុងអ៊ុន ចាប់ផ្តើម នៅវេលាម៉ោង​១៨និង៣០នាទី នៅសណ្ឋាគា​រ Metropole

នៅពេលនេះ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និង មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានទៅដល់ប្រទេសវៀតណាម ហើយកាលពីថ្ងៃទី​២៦ ខែមករា​ ។ មេដឹកនាំទាំងពីរ បានថ្លែងអំណរគុណយ៉ាងខ្លាំង ដល់ប្រជាជនវៀតណាម ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ បំផុត នូវដំណើរមកដល់របស់មេដឹកនាំ អាមេរិក កូរ៉េខាងជើង ។

តាមកាលវិភាគ ដែលបានកំណត់ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំគីម ជុងអ៊ុន នឹងជួបពិភាក្សាគ្នានៅរសៀលថ្ងៃទី​២៧ ខែកុម្ភៈនេះ ដែលជាការចាប់ផ្តើម ជំនួបពិភាក្សាលើកទីពីរ ​ក្នុងរយៈពេលមិនដល់​មួយឆ្នាំកន្លងមក ។

សារព័ត៌មានរ៉យទ័រ​បានដកស្រង់ការប្រកាសរបស់សេតវិមាន បញ្ជាក់ថា លោក ត្រាំ និង គីម ជុងអ៊ុន នឹងជួបពិភាក្សាគ្នា នៅសណ្ឋាគា​រ Metropole ​នៅវេលាម៉ោង​១៨និង៣០នាទី (ម៉ោងក្នុងប្រទេសវៀតណាម) ។ នៅក្នុងជំនួបនោះ មេដឹកនាំទាំងពីរ នឹងពិភាក្សាគ្នាដោយសម្ងាត់ រយៈពេល​២០នាទី ហើយចូលរួមពិសាអាហារពេលយប់ រួមគ្នា ក្នុងរយៈពេល​មួយម៉ោងកន្លះ ។

អ្នកនាំពាក្យសេតវិមាន លោកស្រី​ Sarah Sanders បានបញ្ជាក់ថា លោក ត្រាំ នឹង គីម ជុងអ៊ុន ជួបពិភាក្សាសម្ងាត់ដោយ មានតែ អ្នកបកប្រែ២នាក់ នៅជាមួយប៉ុណ្ណោះ ៕

តំណាងរាស្ត្រអាមេរិក​២០រូប អំពា​វនាវឲ្យបញ្ជប់សង្គ្រាម ឧបទ្វីបកូរ៉េ

បណ្តាតំណាងរាស្ត្រ អាមេរិក បានបំពាវនាវដល់ប្រធានាធិបតី​ អាមេរិកថា ​« លោកត្រាំ​ មិនត្រូវចំណាយពេលវេលាអត់ប្រយោជន៍​ និងឱកាសដ៏កម្រនេះឡើយ សម្រាប់សន្តិភាព ឧបទ្វីបកូរ៉េ ។ ត្រូវតែ សហការជាមួយសម្ព័ន្ធមិត្ត​ដើម្បីបញ្ជប់សង្គ្រាម និង​រំសាយអាវុធបរមាណូ​»។

តំណាងរាស្ត្រ មកពីគណបក្សប្រជាធិបតេយ្យ ប្រមាណ២០រូប​ កាលពីថ្ងៃទី​២៦ ខែកុម្ភៈ​ បានអំពាវនាវដល់​ប្រធានាធិបតី ដូណាល់ ត្រាំ ​ឲ្យបញ្ជប់​សង្គ្រាមឧបទ្វីបកូរ៉េ ។ សារព័ត៌មាន​ Sputnik ​បានផ្សាយថា​ តំណាងរាស្ត្រអាមេរិក បានលើកឡើងថាដល់ពេលដែលត្រូវបញ្ជប់សង្គ្រាម​ឧបទ្វីបហើយ ។ លោកត្រាំចាំបាច់ត្រូវតែសហការជាមួយសម្ពន្ធមិត្ត កូរ៉េខាងត្បូង ដែលមានប្រធានាធិបតីម៉ូនជេអ៊ីន ដើម្បីបញ្ចប់ រាល់សកម្មភាពប្រឈមមុខដាក់គ្នា ឈានដល់សន្តិភាព ។

បច្ចុប្បន្នកូរ៉េទាំងពីរស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាម ហើយប្រទេសទាំងពីរ​បានបញ្ចប់សង្គ្រាមដោយកិច្ចព្រមព្រៀងឈប់បាញ់ ។ កន្លងមកកូរ៉េខាងជើង បានអំពាវនាវឲ្យ អាមេរិក​ចុះសន្ធិសញ្ញាសន្តិភាព បញ្ជប់សង្គ្រាម ដែលបានសម្លាប់មនុស្សជាង ២,៥លាននាក់ ក្នុងនោះមានទាហានអាមេរិក ៥៤ ពាន់នាក់បានស្លាប់ក្នុងសង្គ្រាមនោះ ។

ជំនួបលើកទីពីរនៅក្នុងទីក្រុងហាណូយប្រទេសវៀតណាម រវាង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងមេដឹកនាំគីមជុងអ៊ុន គឺជាឱកាសយ៉ាងសំខាន់​ដើម្បីប្រទេសទាំងពីរ ឈានដល់កិច្ចព្រមព្រៀង បញ្ចប់កម្មវិធីបរមាណូ​ ឈានដល់សន្តិភាព ពេញលេញ ៕

តើមេដឹកនាំកូរ៉េខាងជើង និងអាមេរិក គ្រោងធ្វើអ្វីខ្លះពេលជួបគ្នា?

លោកប្រធានាធិបតីអាមេរិក ធ្វើដំណើរ មកដល់ទីក្រុងហាណូយតាមរយៈយន្តហោះយោធា Air Forice One ដែល ចាកចេញពីមូលដ្ឋានកងទ័ពអាកាស Andrews ក្នុងរដ្ឋ Maryland ហើយទៅដល់វៀតណាមនៅវេលាម៉ោង ជាង ៩យប់​។

តាមការចេញផ្សាយរបស់ BBC នៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ បានសរសេរថា មកដល់ពេលនេះពត៌មានលំអិតនៃជំនួបរវាងមេដឹកនាំទាំងពីរ ទើបតែត្រូវបានគេបញ្ជាក់ច្បាស់។ អ្នកនាំពាក្យរបស់សេតវិមានលោកស្រី Sarah Sanders បានឲ្យដឹងថា លោកដូណាល់ ត្រាំ នឹងជួបលោក គីម ជុងអ៊ុន ដោយការសន្ទនាគ្នាមួយទល់នឹងមួយនៅល្ងាចថ្ងៃពុធ ហើយបន្ទាប់មក ពួកគេនឹងញ៉ាំអាហារពេលល្ងាចរួមជាមួយទីប្រឹក្សារបស់ពួកគេផងដែរ ។ នៅថ្ងៃព្រហស្បតិ៍ មេដឹកនាំនឹងជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំជាបន្តបន្ទាប់ទៀត ។

ប្រភពដដែលនេះបានសរសេរទៀតថា កិច្ចប្រជុំនាទីក្រុងហាណូយ ត្រូវបានគេរំពឹងថា ក៏នឹង ដើម្បីកសាងបន្ថែមទៅលើមូលដ្ឋាននៃអ្វីដែល បានសម្រេចនៅឯកិច្ចប្រជុំកំពូលប្រវត្តិសាស្ត្រ សិង្ហបុរីកាលពីខែមិថុនា ។

គួរបញ្ជាក់ថាមេដឹកនាំកូរ៉េខាងជើងបានធ្វើដំណើរមកដល់ទីក្រុងហាណូយហើយនៅព្រឹកថ្ងៃអង្គារនេះ តាមរយៈខ្សែរថភ្លើងឯកជនរបស់ខ្លួនដោយឆ្លងកាត់ផ្លូវប្រមាណជា៤០០០គីឡូម៉ែត្រ កាត់តាមប្រទេសចិន និងបានធ្វើឲ្យផ្លូវ និងខ្សែរថភ្លើង ជាច្រើនត្រូវបានរាំងស្ទះចរាចរណ៍និងពន្យាពេល៕

បញ្ហានុយក្លេអ៊ែរ ស្ថិតក្នុងរបៀបវារៈ នៃអាហារពេលល្ងាច រវាង ត្រាំ-គីម ថ្ងៃទី២៧ កុម្ភៈនេះ

របៀបវារៈស្តីអំពី អាវុធបរមាណូ ស្ថិតនៅក្នុងរបៀបវារៈ នៃអាហារពេលល្ងាចរវាងលោកដូណាល់ ត្រាំ នឹងលោក គីម ជុងអ៊ុន ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។

ប្រធានាធិបតីអាមេរិក បានអញ្ជើញដល់វៀតណាមហើយកាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ តាមជើងហោះហើរពិសេស Air Force One ខណៈដែលមេដឹកនាំកូរ៉េខាងជើង បានទៅដល់ទីនោះមុនគេ តាមរថភ្លើងចំណាយពេល២ថ្ងៃកន្លះពីទីក្រុងព្យុងយ៉ាងនោះ ។

នៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈនេះ កិច្ចពិភាក្សានឹងចាប់ផ្តើមហើយ ក្នុងអំឡុងពេលទទួលទានអាហារពេលល្ងាចរវាងថ្នាក់ដឹកនាំទាំងពីរ ។ ការពិភាក្សាបន្ថែមទៀត ឬឈានដល់ការចុះហត្ថលេខាព្រមព្រៀងនោះ នឹងធ្វើឡើងនៅថ្ងៃបន្ទាប់ទៀត គឺថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ។

មិនទាន់ព័ត៌មានពិស្តារយ៉ាងណានៅឡើយទេ ទាក់ទងកិច្ចប្រជុំកំពូលលើកទីពីររបស់អាមេរិក និងកូរ៉េខាងជើងនេះ ។ កាលពីជំនួបលើកទី១ ធ្វើឡើងនៅខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅប្រទេសសិង្ហបុរី ដោយកាលណោះ ភាគីទាំងពីរ ប្តេជ្ញាដោះស្រាយបញ្ហាដោយសន្តិវិធី រំសាយអាវុធនុយក្លេអ៊ែរ ហើយនិងការធានាសុវត្ថិភាពរបស់កូរ៉េខាងជើង ។

នៅពេលទៅដល់វៀតណាមភ្លាម លោកដូណាល់ ត្រាំ បានថ្លែងអរគុណ ចំពោះការទទួលបដិសណ្ឋារកិច្ច ហើយបានសម្តែងនូវក្តីស្រឡាញ់ទៅកាន់មនុស្សទាំងអស់នោះ ៕


ចែករំលែក៖