ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដមួយគ្រឿងបើកបោះពួយយ៉ាងលឿន បុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញមួយទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្ដមួយគ្រឿងបើកបោះពួយដូចហោះ ជ្រុលទៅបុករបាំងថ្មពុះចែងទ្រូងផ្លូវពេញមួយទំហឹង បណ្ដាលឲ្យអ្នករួមដំណើរក្នុងរថយន្ដម្នាក់ស្លាប់ និងអ្នកបើកបររួមទាំងអ្នករួមដំណើរ៣នាក់ទៀតរងរបួសធ្ងន់ស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា រថយន្ដដែលបើកបុករបាំងថ្មពុះចែងទ្រូងផ្លូវមានម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ធុនធំ ពាក់ស្លាកលេខ ក8266 ភព3 បើកបរដោយឈ្មោះ ឈុន ទ្រីហុង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ជ្រោយចង្វា ខ័ណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (រងរបួសធ្ងន់) និងមានអ្នករួមដំណើរ៣នាក់ ទី១.ឈ្មោះ ស ឡូត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កម្មករ (ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ) ទី២.ឈ្មោះ ជួង សុភ័ក្រ្ត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កម្មករ (រងរបួសស្រាល) និងទី៣.ឈ្មោះ សោម ជា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កម្មករ (រងរបួសស្រាល) ។ ជនរងគ្រោះទាំង៣នាក់មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង (ជ្រៃធំ-តាខ្មៅ) ដោយល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុករបាំងថ្មពុំចែកទ្រូងផ្លូវពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបររថយន្ដនិងអ្នករួមដំណើម្នាក់របួសធ្ងន់ ឯ២នាក់ទៀតរបួសស្រាល រីឯរថយន្ដខូចខាតធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្ដសាមុយដឹកទៅព្យាបាលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះឈ្មោះ ស ឡូត ជាអ្នករួមដំណើរស្លាប់បាត់បង់ជីវិត ខណៈបញ្ជូនដល់មន្ទីរពេត្យ ។

ប្រភពដដែលបន្ដទៀតថា ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ ភ្លាមនោះ នគរបាលជំនាញបានចុះមកកន្លែងកើតហេតុ រួចធ្វើការពិនិត្យវាស់វែង និងកសាងឯកសារដកហូតយករថយន្ដខាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

ករណីខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញសន្និដ្ឋានថា គឺបណ្ដាលមកពីអ្នកបើកបររថយន្ត បើកបរល្បឿនលឿន ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្នទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ៕ ស្អាងជ័យ


ចែករំលែក៖