ព័ត៌មានទាន់ហេតុការណ៍៖

នាយ​ ចឺម ចេញបទថ្មីភ្លាម រងការរិះគន់ភ្លែត

ចែករំលែក៖

ភ្នំពេញ៖ តារាកំប្លែង ដែលវិវឌ្ឍន៍ខ្លួនជា តារាចម្រៀង នាយ ចឺម ទើបនឹងបញ្ចេញបទចម្រៀងថ្មីចំណងជើងថា អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា ដែលគេស្គាល់ថា បានច្នៃបទចម្រៀងមរតកដើមនោះ ទទួលរងការរិះគន់យ៉ាងចាស់ដៃ។ រិះគន់ខ្លាំងខណៈដែលបទនេះ មិនបានរក្សាឈ្មោះជាបទចម្រៀងមរតកដើមនោះ។

ផលិតកម្មសាន់ដេបានបញ្ចេញបទចម្រៀងថ្មីរបស់នាយ ចឺម កាលពីថ្ងៃទី២៦ ខែកុម្ភៈ ដែលរៀបរាប់អំពីបុរសអ្នកក្រស្នេហ៍នារីអ្នកមានទ្រព្យ ។ បញ្ចេញមិនបានមួយថ្ងៃផង មានអ្នកចូលទស្សនាប្រមាណជាង២០ម៉ឺនដង ។ ទន្ទឹមនឹងការចូលទស្សនានេះមានការរិះគន់មួយចំនួនមកលើបទចម្រៀងមួយនេះ ។

ទំនុកច្រៀងត្រូវបានគេស្គាល់ថា ជាបទចម្រៀងសំនៀងដើមរបស់អ្នកស្រី រស់ សេរីសុទ្ធា មានចំណងជើងថា នឹកភូមិភ្នំធំ ប៉ុន្តែក្រោយកែទំនុកច្រៀង និងសាច់ភ្លេចខ្លះៗ បានធ្វើឲ្យផលិតកម្មមិនបានរក្សាឈ្មោះជាបទចម្រៀងមរតកដើមដោយ ដាក់ឈ្មោះអ្នកនិពន្ធបទចម្រៀងថ្មី ដោយមិនដាក់ឈ្មោះជាមរតកដើមនោះ ។

អ្នករិះគន់ម្នាក់លើកឡើងថា ក្រៅពីយកបទចម្រៀងជាមរតកដើមមកច្រៀងឡើងវិញ ច្រៀងខុសក្បួនខ្នាតមិនទំនងហើយ ថែមទាំងមិនរក្សាឈ្មោះអ្នកនិពន្ធពីមុនទៀត ។

ប្រភពបន្តថា គួរតែរិះរកអ្វីដែលថ្មីជាជាងយកបទមរតកដើមមកច្នៃ គឺហាក់មិនគោរពទៅនឹងស្នាដៃមនុស្សជំនាន់មុនដូចច្នេះដែរ។ ក្រៅតែអំពីការរិះគន់ ក៏មានការស្នើទៅដល់ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈគួរជួយពិនិត្យការចម្លង និងអាជីវកម្មលើស្នាដៃមរតកដើមដើម្បីរក្សាមុខមាត់ និងកិត្តិយសព្រលឹងសិល្បករជើងចាស់ផងដែរ។

គេនៅមិនទាន់អាចស្វែងរករការបញ្ជាក់បន្ថែមពីនាយ ចឺម បាននៅលើយទេ។ ទោះជាយ៉ាងណាថ្មីៗនេះ សូម្បីតែលោក ចាន់ សំណាង ហៅឌីជេ ក្ដឹប ក៏បានរិះគន់ខ្លាំងៗទៅលើផលិតកម្មមួយចំនួននៅក្នុងស្រុកខ្មែរ ដែលយកស្នាដៃបទចម្រៀង មរតកដើម មកកាឡៃធ្វើថ្មី ព្រមទាំងមិនបានដាក់ឈ្មោះម្ចាស់ស្នាដៃ ខណៈដែលម្ចាស់ស្នាដៃនៅមានជីវិតនៅឡើយ ហើយលោកបានអះអាងថា នឹងរិះគន់ដាច់ខាតទៅលើសកម្មភាពដូចនេះ បន្តទៀត ប្រសិនបើសិល្បករ ឬផលិតករនៅតែបន្តរក្សាគំនិតយកបទចម្រៀងមរតកដើមមកកែច្នៃបែបនេះ៕ វឌ្ឍនា


ចែករំលែក៖