ព័ត៌មានទាន់ហេតុការណ៍៖

មេធាវី​​ចិនម្នាក់ ដល់ថ្ងៃកំណត់ដោះលែង មិនឃើញមនុស្ស បង្កក្តីបារម្ភយ៉ាងខ្លាំង

ចែករំលែក៖

មេធាវីការពារសិទ្ធិមនុស្សដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសចិន​ត្រូវបានកាត់ទោសជាប់ពន្ធនាគារ រយៈពេល​២ឆ្នាំ ពីបទចោទប្រកាន់ផ្សាយព័ត៌មានមិនពិត និង មានសកម្មភាពប្រឆាំង​រដ្ឋាភិបាលចិន ។

មេធាវីខាងលើឈ្មោះ​ Jiang Tianyong ​បានអនុវត្តទោស ទៅតាមសេចក្តីសម្រេចរបស់តុ​លាការ​ដោយបានជាប់គុកអស់រយៈពេលពីរឆ្នាំ ហើយ ។ ដល់ពេលវេលាត្រូវដោះលែងឲ្យមានសេរីភាព វិញនោះ មេធាវីខាងលើ​ក៏បាន បាត់ខ្លួន មិនដឹងថា កំពុងស្ថិតនៅទីណានោះទេ ។

មេធាវី Jiang Tianyong កាលពីឆ្នាំ២០១៧ ត្រូវបានតុលាការប្រទេសចិន កាត់ទោសជាប់គុក២ឆ្នាំ ពីបទរិះគន់រដ្ឋាភិបាល ប្រឆាំងការអនុវត្តច្បាប់របស់អាជ្ញាធរ និងផ្សាយព័ត៌មានប្រឌិតជាដើម ។ កាលណោះ លោក Tianyong ជាអ្នកការពារក្តីជូនជនរងគ្រោះ ដែលរងនូវភាពអយុត្តិធម៌ក្នុងសង្គម ជនទីទាល់ក្រគ្មានទីពឹងផងដែរ ប៉ុន្តែគាត់បានរងនូវការបង្ក្រាប ហើយត្រូវចាប់ខ្លួនដោយអាជ្ញាធរប្រទេសចិនតែម្តង ។

លោក Tianyong បានអនុវត្តទោសគ្រប់ចំនួន២ឆ្នាំហើយ ។ ប៉ុន្តែនៅមុនមួយថ្ងៃចេញពីពន្ធនាគារនោះ ស្រាប់តែបាត់ខ្លួន ហើយខាងអាជ្ញាធរចិន ក៏មិនទាន់បានបញ្ជាក់បែបណានៅឡើយទេជុំវិញរឿងនេះ ។

អ្នកគាំទ្ររបស់មេធាវីរូបនេះ បានបញ្ជាក់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ថា នៅពេលដែលគាត់(Tianyong)មកដល់ពន្ធនាគារស្ថិតនៅភាគកណ្តាលខេត្ត Henanនោះ ស្រាប់តែមានជនមិនស្គាល់មុខមកចាប់យកទៅបាត់ មិនដឹងថា ទៅកន្លែងណានោះទេ ។

អ្នកស្រី Jin Bianling ដែលកំពុងរស់នៅទីក្រុង ឡូសអេនជឺឡេស សហរដ្ឋអាមេរិក ជាមួយកូនស្រីអាយុ១៦ឆ្នាំនោះ បាននិយាយថា ប្តីរបស់អ្នកស្រី បានបំពេញទោសរួចរាល់២ឆ្នាំហើយ គួរណាស់តែត្រូវបានដោះលែង តើនេះឬជាច្បាប់? ច្បាប់ដែលមានតែនៅលើក្រដាស់? ។ អ្នកស្រីក៏បានព្រួយបារម្ភអំពីបញ្ហាសុខភាពរបស់ស្វាមីអ្នកស្រី ដែលលើសឈាមនោះខ្លាំងណាស់ ៕


ចែករំលែក៖