ខេត្តសៀមរាប៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (THE 7th REGIONAL COMPREHENSIVE ECONOMIC PARTNERSHIP INTERSESSIONAL MINISTERIAL MEETING (7th RCEP ISSL MM- 7th RCEP ISSL MM)
នៅព្រឹក ថ្ងៃ សៅរ៍ ១១ រោច ខែ មាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (7th RCEP ISSL MM) ដែលបានប្រព្រឹត្តទៅ នៅសណ្ឋាគារសុខាអង្គរ ក្នុងខេត្តសៀមរាប។
អន្តរកិច្ចប្រជុំរដ្ឋមន្ត្រី RCEP លើកទី៧នេះ គឺមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាព្រមទាំងគណៈប្រតិភូជាន់ខ្ពស់មកពីបណ្តាប្រទេសចរចាកិច្ចព្រមព្រៀង RCEP ទាំង១៦ និងលេខាធិការដ្ឋានអាស៊ានផងដែរ ដែលក្នុងនោះមានដូចជា ១)ប្រទេសកម្ពុជា ២)ប្រទេសលាវ ៣ប្រទេសថៃ ៤ប្រទេសវៀតណាម ៥)ប្រទេសហ្វីលីពីន ៦)ប្រទេសប៊ុយណេ ៧)ប្រទេសម៉ាឡេស៊ី ៨)ប្រទេសហ្វីលីពីន ៩)ប្រទេសសិង្ហបូរី ១០)ប្រទេសមីយ៉ាន់ម៉ា ១១)ប្រទេសឥណ្ឌា ១២ ប្រទេសអូស្រ្តាលី ១៣)ប្រទេសចិន ១៤)ប្រទេសជប៉ុន ១៥)ប្រទេសកូរ៉េខាងត្បូង ១៦ ប្រទេសញ៉ូវហ្សៀឡែន និងអគ្គលេខាធិការអាស៊ានផងដែរ។
អន្តរកិច្ចប្រជុំរដ្ឋមន្ត្រី RCEP លើកទី៧នេះ នឹងបន្តចរចា និងដោះស្រាយបញ្ហាសេសសល់នានា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការចរចាពាណិជ្ជកម្មលើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលបានធ្វើឡើងកាលពីថ្ងៃទី១៩ ដល់ទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំថ្ងៃនេះក៏នឹងពិភាក្សាអំពីផែនការចរចា RCEP ឆ្នាំ២០១៩, ផ្តល់ការណែនាំលើការចរចាបើកច្រកទីផ្សារ (ពាណិជ្ជកម្មទំនិញ, ពាណិជ្ជកម្មសេវា និងការវិនិយោគ) ព្រមទាំងជំរុញបន្ថែមឱ្យអ្នកចរចាទាំងអស់ខិតខំប្រឹងប្រែងបញ្ចប់ការចរចាលើជំពូកដែលនៅសេសសល់ សំដៅឈានទៅបញ្ចប់ការចរចាកិច្ចព្រៀមព្រៀង RCEP ទាំងស្រុងនៅក្នុងឆ្នាំ២០១៩ តាមអាណត្តិដែលផ្តល់ឱ្យដោយថ្នាក់ដឹកនាំនៃប្រទេសចរចា RCEP ទាំង១៦ នៅកំឡុងនៃកិច្ចប្រជុំកំពូល RCEP លើកទី២ កាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។
ថ្លែងក្នុងអន្តរនៃកិច្ចប្រជុំកាលពីព្រឹកមិញនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម លោកជំទាវ គណៈប្រតិភូចរចាទាំង១៦ប្រទេស ដែលបានចូលរួម នៅក្នុងប្រទេសកម្ពុជានាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកថា ក្រោយពីថ្នាក់ដឹកនាំកំពូលអាស៊ានបានឯកភាពគ្នាលើលើក្របខ័ណ្ឌស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី១៩ នៅកោះបាលីប្រទេសឥណ្ឌូនេស៊ីនៅចុងឆ្នាំ២០១១ រដ្ឋមន្រ្តីសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសចរចាទាំងអស់បានព្រមព្រៀង ដោយបានឯកភាពគ្នាលើគោលការណ៍ណែនាំ និងគោលដៅសម្រាប់ចរចាបង្កើតកិច្ចព្រមព្រៀងនេះឡើងនៅទីក្រុងសៀមរាបនៅខែ សីហា ឆ្នាំ២០១២។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា ប្រទេសកម្ពុជាក៏ដូចជាប្រទេសសមាជិកអាស៊ានទាំងអស់នៅតែធ្វើការជាមួយគ្នា និងសហការស្វែងរកមូលដ្ឋានរួម ទិសដៅរួម ក៏ដូចជាផលប្រយោជន៍រួមស្របពេលនឹងការប្រែប្រួលភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចពិភពដែលគ្មានភាពលំនឹងច្បាស់លាស់ដើម្បីប្រទេសជាសមាជិកទាំងអស់ទទួលបាននូផលប្រយោជន៍រួមទាំងសេដ្ឋកិច្ច និងនយោបាយផងដែរ។ ដើម្បីរួមចំណែកក្នុងការជំរុញការចរចានេះអោយទទួលបានជោគជ័យ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់នូវអនុសាសន៍សំខាន់ៗ៣ចំណុចដល់រដ្ឋមន្រ្តីនៃប្រទេស RCEP៖
១)យើងត្រូវចាត់ទុកកិច្ចចរចាទាំងនេះជាដំណើរការ ឈ្នះ-ឈ្នះ ដែលលទ្ធផលចុងក្រោយលើកិច្ចព្រមព្រៀងទាំងនេះ គឺនឹងផ្ដល់ប្រយោជន៍ដល់ភាគីទាំងអស់ ទោះបីជាក្នុងកម្រិតណាក៏ដោយ។
២)ទោះបីជាយើងមានរបៀបវារៈសេដ្ឋកិច្ចផ្សេងគ្នាក៏ដោយ ភាគីចរចាទាំងអស់ត្រូវនាំគ្នាពិនិត្យមើលទិដ្ឋភាពជារួមនៃសក្តានុពល និងអត្ថប្រយោជន៍ដ៏ធំនៃកិច្ចព្រមព្រៀង RCEP នេះដើម្បីអោយដំណើរការនៃការចរចាអាចជំនះឧបសគ្គដែលនៅសេសសល់។
៣)សម្ដេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវដល់រដ្ឋមន្រ្តីនៃប្រទេសចូលរួមចរចាកិច្ចព្រមព្រៀង RCEP ទាំងអស់ត្រូវមានឆន្ទៈនិយមហើយនឹងផ្ដល់ការណែនាំដល់សមាជិកនៃគណៈកម្មាធិការចរចាពាណិជ្ជកម្មរបស់យើងក្នុងលក្ខណៈទន់ភ្លន់ និងយោគយល់គ្នាស្របតាមគោលការណ៍ណែនាំដែលបានឯកភាពគ្នាកាលពីឆ្នាំ២០១២ នៅក្នុងកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាពិសេសក្នុងការបើកច្រកទីផ្សារដល់ប្រទេសអភិវឌ្ឍន៍តិចតួចដែលមានទំហំសេដ្ឋកិច្ចនៅតូចនៅឡើយ ប្រសិនបើឆន្ទៈយើងរួមគ្នាគឺយើងអាចនឹងបញ្ចប់ជាស្ថាពរលើកិច្ចព្រមព្រៀង RCEP នេះឆ្នាំ២០១៩ បាននៅក្នុងប្រទេសកម្ពុជា។
មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រកាសបើកអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (THE 7th REGIONAL COMPREHENSIVE ECONOMIC PARTNERSHIP INTERSESSIONAL MINISTERIAL MEETING (7th RCEP ISSL MM- 7th RCEP ISSL MM) នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះតទៅ ព្រមទាំងបានជូនពរដល់ថ្នាក់ដឹកនាំអស់ ទទួលបាននូវ ជោគជ័យក្នុងកិច្ចប្រជុំ ហើយបន្តការស្នាក់នៅលើទឹកដីនៃខេត្តសៀមរាប ប្រកបដោយភាពរីករាយ៕