ពលរដ្ឋប្រទេសអាល់ហ្សេរី រាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្ម ប្រឆាំងនឹងប្រធានាធិបតី ដោយក្រុមបាតុករបានអំពាវនាវឲ្យប្រធានាធិបតីចុះចេញពីតំណែង ។
សារព័ត៌មានរ៉យទ័របានផ្សាយថា នៅព្រឹកថ្ងៃទី២ ខែមីនា មនុស្សរាប់ម៉ឺននាក់បានបាតុកម្ម ប្រឆាំងតវ៉ា ប្រធានាធិបតីអាល់ហ្សេរី ហើយនិងទាមទារឲ្យគាត់ចុះចេញពីតំណែង ខណៈដែលគេដឹងថា លោកបាននិងកំពុងប្រឹងប្រែងស្វែងការគ្រប់គ្រងអំណាចអាណត្តិទី៥ ដែលគ្រោងបោះឆ្នោត ក្នុងខែមេសា ឆ្នាំ២០១៩ខាងមុខនោះ ។
ប្រភពថា បាតុកម្មកាលពីថ្ងៃម្សិលមិញនេះ ជាបាតុកម្មទ្រង់ទ្រាយធំបំផុតដែលប្រឆាំងរដ្ឋាភិបាលនៅអាល់ហ្សេរី គឺក្រោយពីបដិវត្តន៍អារ៉ាប់និទាឃរដូវ៨ឆ្នាំកន្លងមក ។ បាតុកម្មប្រកបដោយសន្តិវិធីនោះទេ នៅក្នុងរដ្ឋធានី Algiers ប៉ុន្តែក្រោយមកស្រាប់តែផ្ទុះអំពើហិង្សា ជាមួយកម្លាំងប៉ូលិសតែម្តង នៅជិតវិមានប្រធានាធិបតី ។
មនុស្សម្នាក់បានស្លាប់ដោយសារតែគាំងបេះដូង ។ បុរសរងគ្រោះអាយុ៦០ឆ្នាំ ។ នេះបើតាមអាជ្ញាធរ ។ ដំណាលគ្នានេះ ប៉ូលិស និងបាតុករជាច្រើននាក់ទៀតរងរបួស ក្រោយប៉ះទង្គិចកើតឡើង ។ បណ្តាញព័ត៌មាន News TSA ផ្សាយថា អ្នករងរបួស៦៣នាក់ ហើយអ្នកដែលត្រូវឃុំខ្លួនមាន៤៥នាក់ ។
លោក Abdelaziz Bouteflika អាយុ៨១ឆ្នាំទៅហើយ ប៉ុន្តែការល្មោភចង់បានអំណាច នៅតែមិនសាបសូន្យ ។ លោកបានដឹកនាំប្រទេសនេះតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ហើយមានបំណងចង់បន្តតំណែងថែមមួយអាណត្តិទៀត គឺអាណត្តិទី៥ ដែលគ្រោងបោះឆ្នោតនៅក្នុងខែមេសា ឆ្នាំនេះ ៕