ភ្នំពេញ៖ ដើម្បីរួមចំណែកក្នុងការពង្រឹង និងអនុវត្តច្បាប់ចរាចរឲ្យមានប្រសិទ្ធភាព គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅដែលមានលោកចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានណែនាំឲ្យគណៈបញ្ជាការឯកភាពសង្កាត់ និងនាយកសាលាត្រូវចុះផ្សព្វផ្សាយឲ្យបានទូលំទូលាយពីច្បាប់ចរាចរដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សដើម្បីបញ្ជៀបការយល់ដឹងពីច្បាប់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរ ។
ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំខែ របស់ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី ០១ ខែមីនា លោកចេង មុនីរ៉ា បានលើកឡើងដូច្នេះថាៈ លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរបាយការណ៍ របស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដែលបានបង្ហាញឲ្យឃើញថា គ្រាន់តែ ក្នុងរយៈពេល១ខែកុម្ភៈ មន្រ្តីផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ម៉ូតូ បានប្រមាណជាង ៩០០គ្រឿង ដែលម្ចាស់បានជិះល្មើសច្បាប់។ នេះគឺជាតួលេខខ្ពស់មួយដែលបង្ហាញថា នៅមានពលរដ្ឋយើងជាច្រើន មិនទាន់បានចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានល្អនៅឡើយ។ នេះគ្រាន់តែនៅលើដងផ្លូវ១ផ្នែក នៃផ្លូវជាតិលេខ១ប៉ុណ្ណោះ ដោយមិនទាន់គឹតទៅលើផ្លូវមួយចំនួនទៀតក្នុងខណ្ឌនៅឡើយទេ។ ការលើ្មសច្បាប់ចរាចរណ៍នេះ ភាគច្រើនម៉ូតូគ្មានកញ្ចក់ , និងមិនពាក់មួកសុវត្ថិភាពជាដើម។
លោក អភិបាលខណ្ឌ បានលើកឡើងទៀតថា៖ ចាប់ពីពេលនេះទៅ សូមឲ្យមូលដ្ឋានសង្កាត់ទាំងអស់ ត្រូវសហការណ៍ជាមួយនគរបាលប៉ុស្តិ៍ ធ្វើវេទិការសាធារណៈឲ្យបានញឹកញាប់ ជាមួយប្រជាពលរដ្ឋ ដោយមានការអញ្ជើញលោកនាយក នាយិការសាលានីមួយៗមកចូលរួមផង ដើម្បីពន្យល់ប្រជាពលរដ្ឋឲ្យបានយល់ច្បាស់អំពីច្បាប់ចរាចរណ៍ និង ចូលរួមគោរព ឲ្យបានគ្រប់ៗគ្នា។ សំរាប់លោកនាយក នាយិការសាលា ត្រូវតែផ្សព្វផ្សាយដល់ប្អូនៗ ក្មួយៗសិស្សានុសិស្ស ជារៀងរាល់ថ្ងៃ អំពីច្បាប់ចរាចរណ៍ នៅមុន និង ក្រោយពេលគោរពទង់ជាតិពេលព្រឹក។ យើងទាំងអស់គ្នាធ្វើដូចនេះ ជារៀងរាល់ថ្ងៃ សង្ឃឹមថា៖ បញ្ហាល្មើសច្បាប់ចរាចរណ៍ នឹងកាត់បន្ថយបានកាន់តែច្រើន និង ឈានទៅបំបាត់ទាំងស្រុង។
ទាក់ទងទៅនឹងការងារសាធារណការ លោកអភិបាលខណ្ឌ ក៏បានណែនាំដល់ មន្រ្តីមន្ទីរជំនាញ ចុះពិនិត្យមើលរាល់យានដ្ឋានដែលមានក្នុងមូលដ្ឋាន ថាតើយានដ្ឋានណាខ្លះដែលមានច្បាប់អនុញ្ញាត និង យានដ្ឋានណាខ្លះ ដែលមិនមានច្បាប់អនុញ្ញាត។ រាល់យានដ្ឋានមិនមានច្បាប់ ត្រូវតែបិទយានដ្ឋាននោះចេញ។ កន្លងមកនេះ មានយានដ្ឋានមួយចំនួន ជាពិសេសយានដ្ឋានគ្មានច្បាប់ទំលាប់ត្រឹមត្រូវ តែងតែធ្វើអាជីវកម្ម តទ្រុងឡានខុបច្ចេកទេស និង បង្កផលប៉ះពាល់គ្រោះថ្នាក់តាមដងផ្លូវ ជារឿយៗ។ ម្យ៉ាងទៀត ការធ្វើអាជីវកម្មយានដ្ឋានតាមដងផ្លូវមួយចំនួន ក៏អាចនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ តាមដងផ្លូវផងដែរ៕ សណ្តោស